លោកុប្បត្តិ 50
50
1ពេលនោះ លោកយ៉ូសែបក្រាបផ្ទប់នៅលើមុខឪពុក ទាំងយំ ហើយថើបលោក។ 2លោកយ៉ូសែបបានបញ្ជាឲ្យពួកគ្រូពេទ្យរបស់លោកដែលនៅចាំបម្រើ អប់សពឪពុករបស់លោក។ ពួកគ្រូពេទ្យក៏អប់សពលោកអ៊ីស្រាអែល។ 3គេត្រូវចំណាយពេលអស់សែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជារយៈពេលដែលតម្រូវដើម្បីធ្វើពិធីអប់សព ហើយសាសន៍អេស៊ីព្ទនាំគ្នាកាន់ទុក្ខលោកអស់រយៈពេលចិតសិបថ្ងៃ។
4កាលផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ពួកដំណាក់ផារ៉ោនថា៖ «ឥឡូវនេះ ប្រសិនបើខ្ញុំបានប្រកបដោយគុណរបស់អស់លោក សូមអស់លោកទូលថ្វាយផារ៉ោនថា 5ឪពុករបស់ទូលបង្គំបានឲ្យទូលបង្គំស្បថថា "ពុកជិតស្លាប់ហើយ កូនត្រូវបញ្ចុះសពពុកនៅក្នុងផ្នូរ ដែលពុកបានជីកសម្រាប់ពុកនៅស្រុកកាណាន"។ ដូច្នេះ ឥឡូវនេះ សូមអនុញ្ញាតឲ្យទូលបង្គំបានឡើងទៅបញ្ចុះសពឪពុកទូលបង្គំផង រួចទូលបង្គំនឹងវិលត្រឡប់មកវិញ»។ 6ផារ៉ោនមានរាជឱង្ការតបមកវិញថា៖ «ចូរឡើងទៅបញ្ចុះសពឪពុករបស់លោក ដូចដែលគាត់បានឲ្យលោកស្បថចុះ»។
7ដូច្នេះ លោកយ៉ូសែបក៏ធ្វើដំណើរទៅបញ្ចុះសពឪពុក ដោយមានពួករាជបម្រើផារ៉ោនទាំងអស់ ពួកចាស់ទុំនៃរាជដំណាក់ ព្រមទាំងពួកចាស់ទុំនៅស្រុកអេស៊ីព្ទទាំងប៉ុន្មាន ឡើងទៅជាមួយ 8ហើយពួកផ្ទះរបស់លោកយ៉ូសែបទាំងអស់ បងប្អូនរបស់លោក និងពួកផ្ទះឪពុករបស់លោកទាំងអស់ ក៏បានឡើងទៅជាមួយដែរ ទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់គេឲ្យនៅក្នុងស្រុកកូសែន។ 9មានរទេះ មានពួកជិះសេះដង្ហែលោកទៅជាមួយ គឺមានហ្វូងមនុស្សយ៉ាងច្រើនកុះករ។ 10កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។ 11កាលពួកសាសន៍កាណានដែលរស់នៅស្រុកនោះ ឃើញពិធីកាន់ទុក្ខនៅលានស្រូវអ័ថាត់ដូច្នេះ គេពោលថា៖ «នេះជាការកាន់ទុក្ខយ៉ាងខ្លាំងរបស់ពួកសាសន៍អេស៊ីព្ទ»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "អេបិល-មីសរ៉ែម" ដែលនៅខាងនាយទន្លេយ័រដាន់។ 12គឺយ៉ាងនេះដែលកូនចៅរបស់លោកយ៉ាកុបបានធ្វើសម្រេចជូនលោក ដូចជាលោកបានផ្តាំទុក 13គឺកូនចៅរបស់លោកបានដឹកសពរបស់លោកទៅស្រុកកាណាន ហើយបញ្ចុះក្នុងល្អាងនៃចម្ការម៉ាក់ពេឡា នៅជិតម៉ាមរេ ដែលលោកអ័ប្រាហាំបានទិញចម្ការនោះពីអេប្រុន ជាសាសន៍ហេត ទុកជាទីបញ្ចុះសព។ 14ក្រោយពីបានបញ្ចុះសពឪពុករួចហើយ លោកយ៉ូសែបក៏ត្រឡប់ទៅស្រុកអេស៊ីព្ទវិញ រួមជាមួយពួកបងប្អូនរបស់លោក ព្រមទាំងអស់អ្នកដែលបានឡើងទៅជាមួយ ដើម្បីបញ្ចុះសពឪពុករបស់លោក។
លោកយ៉ូសែបអត់ទោសឲ្យបងៗរបស់លោក
15កាលបងៗរបស់លោកយ៉ូសែបឃើញថា ឪពុករបស់គេបានស្លាប់ហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបនឹងស្អប់យើង ហើយសងសឹកយើង ព្រោះតែអំពើអាក្រក់ដែលយើងបានប្រព្រឹត្តចំពោះគេជាមិនខាន»។ 16ដូច្នេះ គេក៏ចាត់ម្នាក់ឲ្យទៅជម្រាប លោកយ៉ូសែបថា៖ «មុននឹងឪពុករបស់យើងស្លាប់ លោកបានផ្តាំថា 17"ចូរប្រាប់យ៉ូសែបថា សូមអត់ទោសអំពើរំលង និងអំពើបាបឲ្យបងៗរបស់កូនផង ដ្បិតគេបានប្រព្រឹត្តអាក្រក់ចំពោះប្អូនមែន" ដូច្នេះ សូមអត់ទោសឲ្យពួកអ្នកបម្រើព្រះរបស់ឪពុកប្អូនផងទៅ»។ កាលលោកយ៉ូសែបឮគេនិយាយ លោកក៏យំ។ 18ពេលនោះ បងៗរបស់លោកក៏ចូលមក ហើយក្រាបចុះនៅចំពោះមុខលោក ហើយពោលថា៖ «មើល៍! យើងខ្ញុំជាអ្នកបម្រើរបស់លោកប្អូនហើយ»។ 19លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតតើខ្ញុំជាព្រះឬ? 20បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។ 21ដូច្នេះ កុំខ្លាចអ្វីឡើយ ខ្ញុំនឹងផ្គត់ផ្គង់បងៗ និងកូនចៅរបស់បងៗ»។ គឺយ៉ាងនេះដែលលោកកម្សាន្តចិត្តគេ ហើយនិយាយជាមួយគេយ៉ាងស្រទន់។
អាយុកាលចុងក្រោយ និងមរណភាពរបស់លោកយ៉ូសែប
22លោកយ៉ូសែប និងក្រុមគ្រួសារឪពុករបស់លោកក៏នៅក្នុងស្រុកអេស៊ីព្ទតទៅ ហើយលោកយ៉ូសែបរស់នៅបានមួយរយដប់ឆ្នាំ។ 23លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
24លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ 25ដូច្នេះ លោកយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថថា៖ «នៅពេលព្រះយាងមករកអ្នករាល់គ្នា អ្នករាល់គ្នាត្រូវយកឆ្អឹងរបស់ខ្ញុំចេញពីនេះទៅជាមួយកុំខាន»។ 26រួចលោកយ៉ូសែបក៏ស្លាប់ទៅ ក្នុងជន្មាយុមួយរយដប់ឆ្នាំ ហើយគេអប់សពលោក រួចដាក់ក្នុងមឈូសនៅស្រុកអេស៊ីព្ទ។:៚
Currently Selected:
លោកុប្បត្តិ 50: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies