YouVersion Logo
Search Icon

ហេព្រើរ 12

12
គំរូ​របស់​ព្រះយេស៊ូវ
1ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់ 2ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។
3ដូច្នេះ ចូរ​ពិចារណាពី​ព្រះ‌អង្គ ដែល​បានស៊ូ​ទ្រាំ‌នឹង​ពួក​មនុស្ស​បាប ដែលប្រព្រឹត្ត​ទទឹង​ទទែង​ចំពោះ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ណាយ ហើយ​រសាយ​ចិត្ត។ 4ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​តយុទ្ធ​នឹង​អំពើ​បាប ដល់​ទៅ​ហូរ​ឈាម​នៅ​ឡើយ​ទេ 5តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​ដំបូន្មាន​ដែល​ព្រះ‌អង្គ​បាន​ទូន្មាន​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា៖ «កូន​អើយ មិន​ត្រូវ​មើល​ងាយ​ការវាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​មិន​ត្រូវធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​ព្រះ‌អង្គ​បន្ទោសកូន​ដែរ។ 6ដ្បិត​ព្រះ‌អម្ចាស់​ប្រៀន​ប្រដៅ​អ្នក​ណា​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ហើយ​ក៏​វាយផ្ចាល​អស់​ទាំង​កូន​ដែល​ព្រះ‌អង្គ​ទទួល» ។ 7ចូរ​អ្នក​រាល់​គ្នា​ស៊ូទ្រាំ​នឹង​ការ​នេះ ទុកជា​ការ​ប្រៀន​ប្រដៅ​ចុះ ព្រោះ​ព្រះ‌ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ? 8ប្រសិន‌បើ​អ្នក​រាល់​គ្នាមិន​ទទួល​ការ​វាយ​ប្រដៅ ដែល​គ្រប់​គ្នា​ត្រូវ​ទទួល​ទេ នោះ​អ្នក​រាល់​គ្នា​ជា​កូន​ឥត​ខាន់​ស្លា​ទេ មិន​មែន​ជា​កូន​ពិត​ប្រាកដ​ឡើយ។ 9មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ? 10ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។ 11កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។
12ហេតុ​នេះ ចូរ​លើក​ដៃ​ដែល​ស្រពន់​ឡើង ហើយ​ធ្វើ​ឲ្យ​ជង្គង់​ដែល​ខ្សោយ​មាន​កម្លាំង​ឡើង​ដែរ 13ចូរ​ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សម្រាប់​ជើង​អ្នក​រាល់​គ្នា ក្រែង​អ្នក​ណា​ដែល​ខ្ញើច​ត្រូវ​បង្វែរ​ចេញ តែ​ស៊ូ​ឲ្យ​បាន​ជា​វិញ​ប្រសើរ​ជាង។
ការ​ទូន្មាន​កុំ​ឲ្យ​ភ្លេច​ព្រះគុណ​របស់​ព្រះ
14ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។ 15ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ខ្វះ​ព្រះ‌គុណ​របស់​ព្រះ ហើយ​មាន​ឫស​ល្វីង​ជូរ​ចត់​ណា​ពន្លក​ឡើង ដែល​បណ្ដាល​ឲ្យ​កើត​រឿង​រ៉ាវ ហើយ​ដោយ​សារ​ការ​នោះ មនុស្ស​ជា​ច្រើន​ក៏​ត្រឡប់​ជា​ស្មោក​គ្រោក។ 16ចូរ​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​អ្នក​ណា​ប្រព្រឹត្ត​សហាយ​ស្មន់ ឬ​ទមិឡ​ល្មើស​ដូច​អេសាវ ដែល​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន សម្រាប់​តែ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​នោះ​ឡើយ។ 17ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រោយ​មក កាល​គាត់​ប្រាថ្នា​ចង់​ទទួល​ពរ តែ​មិន​បាន​ទេ ទោះ​បើ​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​រក​ឱកាស​ប្រែ​ចិត្ត​មិន​ឃើញ​ដែរ។
18អ្នក​រាល់​គ្នា​មិន​បាន​មក​ដល់​ភ្នំ​មួយ ដែល​ពាល់​បាន មាន​ភ្លើង​ឆេះ ហើយ​ងងឹត ស្រអាប់ និង​ខ្យល់​ព្យុះ 19មាន​ស្នូរ​ត្រែ និង​ព្រះ‌សូរ​សៀង​របស់​ព្រះ​ដែល​មាន​ព្រះ‌បន្ទូល​មក ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ឮ អង្វរ​សុំ​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​គេ​ទៀត​នោះ​ឡើយ។ 20ដ្បិត​គេ​មិន​អាច​ទ្រាំទ្រ​នឹង​ព្រះ​បញ្ជា​នោះ​បាន​ទេ គឺ​ថា៖ «សូម្បី​តែ​សត្វ​ណា​ដែល​ពាល់​ភ្នំ​នោះ ក៏​ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម​ដែរ» ។ 21ហេតុការណ៍​នោះ​ពិត​ជា​គួរ​ឲ្យ​ស្ញែង​ខ្លាច​មែន បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា «ខ្ញុំ​ភ័យ​ញ័រ​ជា​ខ្លាំង» ។ 22ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន មក​ដល់​ទី​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៅ​ស្ថាន‌សួគ៌ ហើយ​មក​ដល់​ទេវតា​ទាំង​សល់​សែន​កំពុង​ជួប​ជុំ​យ៉ាងអរ​សប្បាយ 23មក​ដល់​ក្រុម​ជំនុំ​នៃ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ មក​ដល់​ព្រះ ដែល​ជា​ចៅ​ក្រម​នៃ​មនុស្ស​ទាំង​អស់ មក​ដល់​វិញ្ញាណ​នៃ​ពួក​សុចរិត​ដែល​បាន​គ្រប់​លក្ខណ៍ 24មក​ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី មក​ដល់​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត ដែល​និយាយ​ពាក្យ​មួយ​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។
25ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត! 26នៅ​ពេល​នោះ ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សន្យា​ថា «យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង» ។ 27ពាក្យ​ថា «ម្តង​ទៀត» បង្ហាញ​ឲ្យ​ឃើញ​ថា អ្វីៗ​ដែល​ត្រូវ​កក្រើក ត្រូវ​រើ​ចេញ នោះ​គឺ អ្វីៗ​ដែល​ព្រះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្វីៗ​ដែល​មិន​កក្រើក​បាន​ធន់​នៅ។ 28ហេតុនេះ ដោយ​យើង​ទទួល​បាន​នគរ​មួយ​ដែល​មិនចេះ​កក្រើក នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ តាម​របៀប​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្តិ ហើយ​កោត​ខ្លាច​ព្រះ‌អង្គ​ទៅ 29ដ្បិត​ព្រះ​របស់​យើង ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in