YouVersion Logo
Search Icon

ហេព្រើរ 13

13
របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ
1ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បង‌ប្អូន​ជានិច្ច។ 2កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ ដ្បិត​ដោយ​ការ​ទទួល​រាក់​ទាក់​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា មិន​ទាំង​ដឹង​ខ្លួន។ 3ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំ​ឃាំង ទុក​ដូច​ជា​ជាប់​ឃុំ​ឃាំង​ជា​មួយ​គ្នា និង​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដ្បិត​អ្នក​រាល់​គ្នា​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។ 4សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។ 5កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។ 6ដូច្នេះ យើង​អាច​និយាយ​ទាំង​ចិត្ត​ជឿ​ជាក់​ថា «ព្រះ‌អម្ចាស់​ជា​ជំនួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ។
7ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។ 8ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។ 9កុំ​បណ្តោយ​ខ្លួន​ទៅ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ និង​ប្លែកៗ​ឡើយ ដ្បិត​គួរ​តាំង​ចិត្ត​ឲ្យ​បាន​រឹង​ប៉ឹង​ដោយ​សារ​ព្រះ‌គុណ មិន​មែន​ដោយ​ចំណី​អាហារ​ទេ អស់​អ្នក​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​នោះ មិន​បាន​ប្រយោជន៍​អ្វី​ឡើយ។ 10យើង​មាន​អាសនា​មួយ ដែល​ពួក​អ្នក​បម្រើ​ក្នុង​រោង​ឧបោសថ គ្មាន​សិទ្ធិ​នឹង​បរិ‌ភោគ​ពីអាសនា​នោះ​បានឡើយ។ 11ដ្បិត​សាក​សព​នៃ​សត្វ​ទាំង​នោះ ដែល​សម្តេច​សង្ឃ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ទុក​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ត្រូវ​គេ​ដុត​នៅ​ខាង​ក្រៅ​ជំរំ។ 12ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​បាន​រង​ទុក្ខនៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ 13ហេតុ​នេះ ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​រក​ព្រះ‌អង្គ​នៅ​ខាង​ក្រៅ​ជំរំ ហើយ​ស៊ូ​ទ្រាំ​នឹង​ពាក្យ​តិះ​ដៀល​ជា​មួយ​ព្រះ‌អង្គ​ចុះ។ 14ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ទី​ក្រុង​ដែល​ស្ថិត​ស្ថេរ​គង់​វង្ស​រហូត​ទេ តែ​យើង​កំពុង​ស្វែង​រកទី​ក្រុង​នៅ​ពេល​ខាង​មុខ​វិញ។ 15ដូច្នេះ តាម​រយៈ​ព្រះ‌អង្គ ត្រូវ​ឲ្យ​យើង​ថ្វាយ​ពាក្យ​សរសើរ ទុក​ជា​យញ្ញ​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ពី​ព្រះ‌នាម​ព្រះ‌អង្គ។ 16កុំ​ភ្លេច​នឹង​ធ្វើ​ល្អ ហើយ​ចែក​ចាយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ​បូជា​បែប​នេះ។
17ចូរ​ស្តាប់​បង្គាប់​ពួក​អ្នក​ដឹក​នាំ​របស់​អ្នក​រាល់​គ្នា ហើយ​ចុះ​ចូល​ចំពោះ​អ្នក​ទាំង​នោះ​ទៅ ដ្បិតអ្នក​ទាំង​នោះ​មើល​ថែ​ព្រលឹង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ។ ចូរ​ឲ្យ​អ្នក​ទាំង​នោះ​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​អំណរ មិន​មែន​ដោយ​ស្រែក​ថ្ងូរ​ទេ ដ្បិត​បើ​ត្រូវ​ស្រែក​ថ្ងូរ នោះ​បង់​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ហើយ។
18សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មនសិការ​ស្អាត​បរិសុទ្ធ ទាំង​ប្រាថ្នា​ចង់​ប្រព្រឹត្ត​ល្អ​ក្នុង​គ្រប់​ការ​ទាំង​អស់។ 19ជា​ពិសេស ខ្ញុំសូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​វិល​ត្រឡប់​មក​រក​អ្នក​រាល់​គ្នា​វិញ ក្នុង​ពេល​ឆាប់ៗ។
ពាក្យ​ប្រសិទ្ធពរ
20សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា 21ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។
ពាក្យ​ដាស់​តឿន និង​ពាក្យ​ជម្រាប​សួរ​ចុង​ក្រោយ
22បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​របស់​ខ្ញុំ​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។ 23សូម​ជ្រាប​ថា គេ​បាន​ដោះ​លែង​ធីម៉ូថេ ជា​បង‌ប្អូន​របស់​យើង​ហើយ។ ប្រសិន‌បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​សួរ​អ្នក​រាល់​គ្នា​ជា​មួយ​គាត់​ដែរ។ 24សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​ផង។ អស់​អ្នក​ដែល​មក​ពី​ស្រុក​អ៊ីតា‌លី ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។
25សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​ទាំង​អស់​គ្នា។ អាម៉ែន។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in