អេសាយ 19
19
ទំនាយពីការដាក់ទោសស្រុកអេស៊ីព្ទ
1នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ពីស្រុកអេស៊ីព្ទ។
មើល៍ ព្រះយេហូវ៉ាគង់លើពពកយ៉ាងលឿន
យាងមកឯស្រុកអេស៊ីព្ទ
អស់ទាំងរូបព្រះរបស់ស្រុកអេស៊ីព្ទ
នឹងញាប់ញ័រនៅចំពោះព្រះអង្គ
ហើយចិត្តពួកសាសន៍អេស៊ីព្ទ
នឹងរលត់ទៅនៅក្នុងខ្លួនគេ
2យើងក៏នឹងញុះញង់ពួកសាសន៍អេស៊ីព្ទ
ឲ្យទាស់ទែងនឹងគ្នាដែរ
គេនឹងច្បាំងគ្នានឹងគ្នា គឺបងប្អូននឹងបងប្អូន
ពួកអ្នកជិតខាងនឹងអ្នកជិតខាង
ទីក្រុងមួយនឹងទីក្រុងមួយទៀត
ហើយនគរមួយនឹងនគរមួយទៀតដែរ។
3គំនិតរបស់សាសន៍អេស៊ីព្ទ
នឹងសូន្យបាត់នៅកណ្ដាលគេ
ហើយយើងនឹងបំផ្លាញសេចក្ដីប្រឹក្សារបស់គេដែរ
នោះគេនឹងទៅរករូបព្រះ គ្រូសន្ធាប់
គ្រូខាប និងពួកគ្រូគាថារបស់គេ
4យើងនឹងប្រគល់សាសន៍អេស៊ីព្ទទៅក្នុងកណ្ដាប់ដៃ
នៃម្ចាស់មួយយ៉ាងសាហាវ
ជាស្តេចគួរស្ញែងខ្លាចដែលនឹងសោយរាជ្យលើគេ
នោះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះយេហូវ៉ានៃពួកពលបរិវារ។
5ឯទឹកក្នុងសមុទ្រ នឹងរីងស្ងួតទៅ
ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ
6ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ
ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទ
នឹងអន់ថយ ហើយរីងស្ងួតទៅ
ឯដើមបបុស ដើមត្រែងនឹងស្វិតក្រៀម។
7បណ្ដាវាលតាមទន្លេ ហើយនៅមាត់ច្រាំង
និងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ
នឹងក្រៀម ហើយផាត់បាត់ទៅ។
8ពួកអ្នកនេសាទនឹងថ្ងូរស្តាយ
ឯពួកអ្នកដែលបោះសន្ទូចក្នុងទន្លេ
នឹងស្រណោះស្រណោក
ហើយពួកអ្នកដែលបង់សំណាញ់នៅលើទឹក
នឹងរីងរៃទៅ
9ពួកអ្នកដែលរកស៊ីធ្វើខ្លូតទេសយ៉ាងម៉ដ្ត
និងពួកដែលត្បាញសំពត់ស នឹងត្រូវស្រឡាំងកាំង។
10គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ
ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
11ពួកចៅហ្វាយនៃក្រុងសូអាន
គេសុទ្ធតែជាមនុស្សកំរោលទទេ
គំនិតរបស់អ្នកប្រឹក្សាដែលស្រៀវស្រួចជាងគេ
របស់ផារ៉ោន នោះបានវង្វេងចេញហើយ
ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាទូលទៅផារ៉ោនបានថា
ទូលបង្គំជាកូនរបស់អ្នកប្រាជ្ញ
គឺជាពូជពង្សនៃស្តេចពីបុរាណ
12ដូច្នេះ តើពួកអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា?
ចូរឲ្យគេជម្រាបមកទ្រង់ឥឡូវ ឲ្យទ្រង់បានជ្រាប
ពីការដែលព្រះយេហូវ៉ានៃពួកពលបរិវារ
បានសម្រេចពីដំណើរស្រុកអេស៊ីព្ទចុះ។
13ឯពួកចៅហ្វាយនៃក្រុងសូអាន
គេបានទៅជាល្ងីល្ងើហើយ
ពួកចៅហ្វាយនៃក្រុងណូព គេត្រូវបញ្ឆោត
ពួកអ្នកដែលជាសសរកន្លោងក្នុងពូជអំបូរ
បាននាំស្រុកអេស៊ីព្ទឲ្យវង្វេង។
14ព្រះយេហូវ៉ាបានបណ្តោយឲ្យមានគំនិតទទឹងទទែង
លាយនៅក្នុងពួកគេ
ហើយគេបាននាំសាសន៍អេស៊ីព្ទ
ឲ្យធ្វើខុសក្នុងគ្រប់ទាំងកិច្ចការរបស់គេ
ដូចជាមនុស្សស្រវឹងស្រាដែលដើរទ្រេតទ្រោត
ក្នុងកម្អួតរបស់ខ្លួន។
15គ្មានការអ្វីសម្រាប់ឲ្យសាសន៍អេស៊ីព្ទអាចធ្វើបានឡើយ
ទោះជាក្បាល ឬកន្ទុយ ជាមែក ឬធាង។
16នៅគ្រានោះ សាសន៍អេស៊ីព្ទនឹងបានដូចជាស្ត្រី គេនឹងញ័ររន្ធត់ ហើយតក់ស្លុត ដោយព្រោះការជន្លព្រះហស្តរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គជន្លពីលើគេ 17ហើយស្រុកយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់សាសន៍អេស៊ីព្ទ អ្នកណាដែលឮនិយាយពីស្រុកនោះនឹងភ័យខ្លាច ដោយព្រោះគំនិតដែលព្រះយេហូវ៉ានៃពួកពលបរិវារបានសម្រេចពីដំណើរស្រុកនោះហើយ។
សាសន៍អេស៊ីព្ទ អាសស៊ើរ និងអ៊ីស្រាអែលទទួលព្រះពរ
18នៅគ្រានោះ នឹងមានទីក្រុងប្រាំនៅក្នុងស្រុកអេស៊ីព្ទ ដែលនិយាយភាសារបស់ស្រុកកាណាន គេនឹងស្បថដល់ព្រះយេហូវ៉ានៃពួកពលបរិវារដែរ ឯទីក្រុងមួយនោះ នឹងបានហៅថាក្រុងដែលត្រូវវិនាស។ 19នៅគ្រានោះ នឹងមានអាសនាមួយនៅកណ្ដាលស្រុកអេស៊ីព្ទ សម្រាប់បូជាថ្វាយដល់ព្រះយេហូវ៉ា ហើយនៅត្រង់ព្រំដែននឹងមានបង្គោលមួយ សម្រាប់រំឭកពីព្រះយេហូវ៉ា 20ឯបង្គោលនោះនឹងជាទីសម្គាល់ ហើយជាបន្ទាល់ពីព្រះយេហូវ៉ានៃពួកពលបរិវារ នៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគេនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះពួកអ្នកដែលសង្កត់សង្កិនគេ ហើយព្រះអង្គនឹងចាត់ម្នាក់ឲ្យទៅជួយសង្គ្រោះគេ ជាអ្នកមានសក្តិធំ ដែលនឹងជួយឲ្យគេរួចបាន 21ព្រះយេហូវ៉ានឹងសម្ដែងអង្គដល់ស្រុកអេស៊ីព្ទ ឲ្យគេស្គាល់ ហើយនៅគ្រានោះ សាសន៍អេស៊ីព្ទនឹងទទួលស្គាល់ព្រះយេហូវ៉ា អើ គេនឹងថ្វាយបង្គំ ដោយយញ្ញបូជា និងតង្វាយ ហើយគេនឹងបន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់នោះដែរ 22ព្រះយេហូវ៉ានឹងប្រហារស្រុកអេស៊ីព្ទ គឺទាំងប្រហារ ហើយមើលឲ្យជាផង រួចគេនឹងវិលត្រឡប់មកឯព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងទទួលពាក្យអង្វររបស់គេ ព្រមទាំងប្រោសគេឲ្យជាដែរ។
23នៅគ្រានោះ នឹងមានថ្នល់មួយ ចេញពីស្រុកអេស៊ីព្ទទៅដល់ស្រុកអាសស៊ើរ ឯសាសន៍អាសស៊ើរ គេនឹងមកឯស្រុកអេស៊ីព្ទ ហើយសាសន៍អេស៊ីព្ទនឹងទៅឯស្រុកអាសស៊ើរដែរ ពួកសាសន៍អេស៊ីព្ទនឹងថ្វាយបង្គំជាមួយពួកសាសន៍អាសស៊ើរ។
24នៅគ្រានោះ សាសន៍អ៊ីស្រាអែលនឹងជាសាសន៍ទីបីរួមសម្ពន្ធជាមួយសាសន៍អេស៊ីព្ទ និងសាសន៍អាសស៊ើរ ជាទីបញ្ចេញពរនៅកណ្ដាលផែនដី 25ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារបានប្រទានពរដល់គេ ដោយព្រះបន្ទូលថា៖ «ចូរឲ្យសាសន៍អេស៊ីព្ទ ជាប្រជារាស្ត្ររបស់យើង និងសាសន៍អាសស៊ើរ ជាស្នាដៃរបស់យើង ហើយសាសន៍អ៊ីស្រាអែល ជាមត៌ករបស់យើង បានប្រកបដោយពរចុះ»។
Currently Selected:
អេសាយ 19: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies