YouVersion Logo
Search Icon

អេសាយ 30

30
គ្មាន​ប្រយោជន៍​ទេ ដែល​យក​អេស៊ីព្ទ​ជា​ទី​ពឹង​អាង
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង​ចចេស
ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​យើង
ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​យើង​ទេ
គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត។
2គេ​រៀបចំ​ដំណើរ​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ
ឥត​មាន​សួរ​យោបល់​យើង​ឡើយ
គេ​គិត​ចម្រើន​កម្លាំង ដោយ​ពឹង​ដល់​កម្លាំង​ផារ៉ោន
ហើយ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្រុក​អេស៊ីព្ទ
3ដូច្នេះ កម្លាំង​របស់​ផារ៉ោន
នឹង​បាន​ជា​សេចក្ដី​ខ្មាស​ដល់​អ្នក​រាល់​គ្នា​វិញ
ហើយ​ការ​ជ្រក​កោន​ក្រោម​ម្លប់​ស្រុក​អេស៊ីព្ទ
នឹង​បាន​ជា​សេចក្ដី​វិល‌វល់​ដល់​អ្នក​ដែរ។
4ដ្បិត​ពួក​ចៅ‌ហ្វាយ​របស់​គេ​សុទ្ធ​តែ​នៅ​ក្រុង​សូអាន
ឯ​ពួក​រាជ‌ទូត​របស់​គេ​ក៏​បាន​មក​ដល់​ក្រុង​ហានេស​ដែរ
5គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា
ពី​ដំណើរ​សាសន៍​នោះ
ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ
ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ
គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និង​សេចក្ដី​ដំណៀល​វិញ។
6នេះ​ជា​ទំនាយ​អំពី​សត្វ​នៅ​តំបន់​ណេកិប។
គេ​ផ្ទុក​ទ្រព្យ​សម្បត្តិ​របស់​គេ​នៅ​លើ​ខ្នង​លា
ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ​នៅ​លើ​បូក​សត្វ​អូដ្ឋ
ដឹក‌កាត់​ស្រុក​ដែល​មាន​ទុក្ខ​លំបាក និង​ថប់​ព្រួយ
ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល
ពស់​វែក និង​ពស់​ភ្លើង​ហោះ
ដើម្បី​ទៅ​ឯ​សាសន៍​មួយ
ដែល​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ។
7ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ
ហើយ​ជា​ឥត​ប្រយោជន៍​ទទេ
ហេតុ​នោះ​បាន​ជា​យើង​ហៅ​គេ​ថា
«រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម»។
ប្រជាជន​ដែលបះបោរ
8ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម
ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ
ដើម្បី​នឹង​ទុក​សម្រាប់​ពេល​ទៅ​មុខ​ជា​រៀង‌រហូត។
9ដ្បិត​ជន​ជាតិ​នេះ​ចចេស ជា​ពួក​កូន​ចៅ​ភូត​កុហក
គឺ​ជា​កូន​ចៅ​ដែល​មិន​ព្រម​ផ្ចង់​ចិត្ត ស្តាប់​ក្រឹត្យ‌វិន័យ
របស់​ព្រះ‌យេហូវ៉ា​ទេ
10គេ​ប្រាប់​ដល់​ពួក​មើល​ឆុត​ថា "កុំ​ឲ្យ​មើល​ឡើយ"
ហើយ​ដល់​ពួក​ហារា​ថា
កុំ​ឲ្យ​ថ្លែងទំនាយ​ពី​សេចក្ដី​ទៀង​ត្រង់
ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ
គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ
ត្រូវ​ថ្លែងទំនាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ
11ចូរ​លែង​តាម​ផ្លូវ​នេះ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ច្រក​នេះ​ទៅ
ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍
អ៊ីស្រា‌អែល​ចេញ​ពី​មុខ​យើង"។
12ហេតុ​នោះ ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្អប់​ខ្ពើម​ចំពោះ​ពាក្យ​នេះ
ហើយ​ទុក​ចិត្ត​នឹង​ការ​ឆបោក និង​ការ​ទទឹង‌ទទែង
ព្រម​ទាំង​ផ្អែក​ខ្លួន​ទៅ​លើការ​ទាំង​នោះ
13បាន​ជា​អំពើ​ទុច្ចរិត​នេះ នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក
ដែល​ហៀប​នឹង​រលំ​ដល់​អ្នក​រាល់​គ្នា
ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់
ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​មួយ​រំពេច។
14ហើយ​ព្រះ‌អង្គ​នឹង​បំបែក​ទៅ ដូច​ជា​គេ​បំបែក​ឆ្នាំង​នៃ​ជាង​ស្មូន
គឺ​នឹង​បំបែក​ឲ្យ​ខ្ទេច‌ខ្ទី ឥត​ប្រណី​ឡើយ
ទាល់​តែ​រក​បំណែក​ណា​មួយ
ល្មម​នឹង​ដាក់​រងើក​ភ្លើង​ពី​ជើង‌ក្រាន
ឬ​នឹង​ដួស​យក​ទឹក​ពី​ពាង​មិន​បាន​ផង។
15ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា
ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ ដោយ​វិល​មក​វិញ
ហើយ​បាន​សម្រាក
អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង ដោយ​នៅ​តែ​ស្ងៀម
ហើយ​មាន​សេចក្ដី​ទុក​ចិត្ត
តែ​អ្នក​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ
16គឺ​បាន​សប​ឆ្លើយ​ថា
«ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ»
ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​អ្នក​ថា
«យើង​នឹង​ជិះ​សត្វ​លឿន​ដែរ»
ដូច្នេះ គេ​ដែល​ដេញ​តាម​អ្នក​នឹង​បាន​លឿន​ដូច​គ្នា
17មួយ​ពាន់​នាក់​នឹង​រត់​ទៅ ដោយ​មាន​តែ​ម្នាក់​កំហែង​គេ
ហើយ​បើ​មាន​ប្រាំ​នាក់​កំហែង នោះ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ
នៅ​សល់​តែ​គ្នា​តិច
ដូច​ជា​បង្គោល​មួយ​ដោត​នៅ​លើ​ភ្នំ​ធំ
ហើយ​ដូច​ជា​ទង់​នៅ​លើ​ភ្នំ​តូច​ប៉ុណ្ណោះ។
ព្រះបន្ទូល​សន្យា​សម្រាប់​ក្រុង​ស៊ីយ៉ូន
18ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​រង់‌ចាំ​ឱកាស
នឹង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក​រាល់​គ្នា​ដែរ
ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ
គង់​តែ​ព្រះ‌អង្គ​នឹង​ចាំ​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​ឡើង
ដើម្បី​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក
ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។
មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ព្រះ‌អង្គ
19ឱ​ប្រជា​ជន​នៅ​ក្រុង​ស៊ីយ៉ូន ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម​អើយ អ្នក​នឹង​មិន​ត្រូវ​យំ​ទៀត​ឡើយ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌គុណ​ចំពោះ​អ្នក ដោយ​ឮ​សំឡេង​អ្នក​ស្រែក កាល​ណា​ព្រះ‌អង្គ​ឮ នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​មក​អ្នក។ 20ទោះ​បើ​ព្រះ‌អម្ចាស់​ឲ្យ​អ្នក​រាល់​គ្នា​ស៊ី​សេចក្ដី​ទំនាស់​ទុក​ជា​អាហារ ហើយ​ផឹក​ការ​ជិះជាន់​ទុក​ជា​ទឹក​ក៏​ដោយ គង់​តែ​ពួក​គ្រូ​របស់​អ្នក​មិន​ត្រូវ​លាក់​ពី​អ្នក​ទៀត គឺ​ភ្នែក​អ្នក​នឹង​ឃើញ​ពួក​គ្រូ​នោះ។ 21កាល​ណា​អ្នក​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​ថា «គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។ 22ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​អ្នក និង​មាស​ដែល​ស្រោប​រូប​សិត ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ អ្នក​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា «ចូរ​ចេញ​ឲ្យ​ផុត​ទៅ»។
23យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។ 24ឯ​គោ និង​លា​ស្ទាវ ដែល​ភ្ជួរ​រាស់​នឹង​បាន​អាហារ​ស៊ី​យ៉ាង​ឆ្ងាញ់ ដែល​គេ​បាន​រំសោះ​ដោយ​ចប‌ចូក និង​សម​ធំ។ 25មាន​ជ្រោះ និង​ផ្លូវ​ទឹក​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ​ខ្ពស់ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន គឺ​ក្នុង​គ្រា​ដែល​មាន​ការ​ប្រហារ​ជីវិត​យ៉ាង​ធំ ក្នុង​កាល​ដែល​អស់​ទាំង​ប៉ម​រលំ​មក​នោះ។ 26មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​មួយ​ជា​ប្រាំពី គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​ប្រាំពីរ​រួម​មក​តែ​មួយ។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។
ការ​ជំនុំ​ជម្រះពួក​អាសសើុរ
27មើល៍ ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចម្ងាយ
កំពុង​តែ​ឆេះ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង
ព្រះ‌រឹម​ព្រះ‌អង្គ​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់
ហើយ​ព្រះ‌ជិវ្ហា​របស់​ព្រះ‌អង្គ​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស
28ឯ​អស្សា‌សៈ​របស់​ព្រះ‌អង្គ
នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក
ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍
ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស
ហើយ​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង
ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ។
29អ្នក​រាល់​គ្នា​នឹង​ច្រៀង​ចម្រៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល។ 30ឯ​ព្រះ‌យេហូវ៉ា​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដ៏​រុងរឿង​ឧត្តម​របស់​ព្រះ‌អង្គ​ឲ្យ​ឮ ហើយ​នឹង​បង្ហាញ​ព្រះ‌ពាហុ​ដែល​ធ្វើ​ទោស ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ក្រោធ​ព្រះ‌អង្គ និង​អណ្ដាត​ភ្លើង​ដ៏​ឆេះ​បន្សុស ព្រម​ទាំង​សន្ទុះ​ខ្យល់​ព្យុះ​សង្ឃរា និង​ដុំ​ព្រឹល​ផង។ 31ដ្បិត​ដោយ‌សារ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា នោះ​សាសន៍​អាស‌ស៊ើរ​នឹង​ស្រយុត​ចិត្ត ព្រះ‌អង្គ​នឹង​វាយ​គេ​ដោយ​ដំបង​របស់​ព្រះ‌អង្គ 32ហើយ​ដំបង​ដែល​ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​ត្រូវ​វាយ​គេ នោះ​នឹង​ឮ​សូរ​ក្រាប់ និង​ស៊ុង​ប្រគំ​ឡើង​ជា​ដរាប ឯ​ក្នុង​គ្រប់​ទាំង​ពេល​ត​គ្នា​នោះ ព្រះ‌អង្គ​នឹង​ច្បាំង​នឹង​គេ ដោយ​ព្រះ‌ពាហុ​លើក​សម្រេច។ 33ដ្បិត​គេ​បានរៀប​ចំ​កន្លែងបូជា តាំង​ពី​យូរ​ណាស់​មក​ហើយ ដ្បិត​ទី​នោះ​បាន​រៀបចំ​ទុក​សម្រាប់​ស្តេច នោះ​ឯង ជា​ទី​យ៉ាង​ជ្រៅ ហើយ​ធំ​ទូលាយ មាន​ឧស​គរ​ឡើង​ជា​ច្រើន ពេញ​ដោយ​ភ្លើង គឺ​ជា​ខ្យល់​ដង្ហើម​នៃ​ព្រះ‌យេហូវ៉ា ដែល​ដូច​ជា​ជ្រោះ​ស្ពាន់‌ធ័រ​ហូរ​មក​បង្កាត់​ភ្លើង​នោះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for អេសាយ 30