អេសាយ 56
56
សេចក្ដីសញ្ញាដល់អស់អ្នកដែលស្ដាប់បង្គាប់
1ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ចូររក្សាសេចក្ដីយុត្តិធម៌
ហើយប្រព្រឹត្តតាមសេចក្ដីសុចរិតចុះ
ពីព្រោះសេចក្ដីសង្គ្រោះរបស់យើងមកជិតដល់ហើយ
ឯសេចក្ដីសុចរិតរបស់យើង
ក៏រៀបនឹងសម្ដែងឲ្យឃើញដែរ។
2មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ
ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង
គឺជាអ្នកដែលថែរក្សាថ្ងៃសប្ប័ទឥតបង្អាប់
ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ។
3ឯសាសន៍ដទៃណាដែលបានភ្ជាប់ខ្លួននឹងព្រះយេហូវ៉ាហើយ
នោះមិនត្រូវឲ្យពោលថា
ក្រែងព្រះយេហូវ៉ានឹងញែកខ្ញុំ
ចេញពីប្រជារាស្ត្រព្រះអង្គទៅនោះឡើយ
ក៏មិនត្រូវឲ្យមនុស្សកំរៀវពោលថា
ខ្ញុំនេះជាដើមឈើហួតហែងទេ។
4ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា
ពួកកំរៀវដែលរក្សាថ្ងៃឈប់សម្រាកទាំងប៉ុន្មាន
ក៏រើសយកអ្វីៗដែលគាប់ចិត្ត
ព្រមទាំងកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង
5យើងនឹងឲ្យគេមានទីកន្លែងមួយនៅក្នុងវិហាររបស់យើង
ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង
ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត
យើងនឹងឲ្យគេមានឈ្មោះនៅអស់កល្បជានិច្ច
ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ។
6ឯពួកសាសន៍ដទៃ ដែលភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា
ដើម្បីធ្វើការងារព្រះអង្គ
ហើយស្រឡាញ់ព្រះនាមនៃព្រះយេហូវ៉ា
ព្រមទាំងធ្វើជាអ្នកបម្រើព្រះអង្គ
គឺអស់អ្នកណាដែលរក្សាថ្ងៃឈប់សម្រាកឥតបង្អាប់ឡើយ
ហើយកាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់យើង។
7នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង
ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង
ដែលសម្រាប់ជាទីអធិស្ឋាន
យើងនឹងទទួលអស់ទាំងតង្វាយដុត
និងយញ្ញបូជារបស់គេ នៅលើអាសនា
ដ្បិតដំណាក់យើងត្រូវហៅថា
ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
8ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា
យើងនឹងប្រមូលអស់អ្នកដែលត្រូវគេបោះបង់
ក្នុងសាសន៍អ៊ីស្រាអែល
យើងនឹងប្រមូលមនុស្សដទៃមកជាមួយដែរ
គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែល
ដែលបានប្រមូលហើយ។
អំពើពុករលួយរបស់អ្នកដឹកនាំនៃពួកអ៊ីស្រាអែល
9នែ៎ អស់ទាំងសត្វនៅវាល
ហើយសត្វនៅព្រៃទាំងប៉ុន្មានអើយ ចូរមកហែកស៊ីចុះ
10ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក
គេគ្រប់គ្នាគ្មានតម្រិះ
គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស
គេតែងតែស្រមើស្រមៃ គេចេះតែដេក
ហើយចូលចិត្តងោកងុយ។
11គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ
ជាពួកគង្វាលដែលមិនចេះយល់សោះ
គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន
គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា។
12គេថា អញ្ជើញមក យើងនឹងរកស្រាទំពាំងបាយជូរ
យើងនឹងផឹកគ្រឿងស្រវឹងទាល់តែឆ្អែត
ហើយថ្ងៃស្អែកនឹងដូចជាថ្ងៃនេះដែរ
ព្រោះនៅមានបរិបូរ។
Currently Selected:
អេសាយ 56: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies