YouVersion Logo
Search Icon

អេសាយ 60

60
សិរីល្អរបស់​ព្រះបំភ្លឺលើអ៊ីស្រាអែល
1ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ
ដ្បិត​ពន្លឺ​របស់​អ្នក​បាន​មក​ដល់​ហើយ
សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​អ្នក​ដែរ។
2ដ្បិត​មើល៍ សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី
ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន​ជាតិ
តែ​ព្រះ‌យេហូវ៉ា​នឹង​រះ​ឡើង​ភ្លឺ​ដល់​អ្នក
ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌អង្គ​ស្ថិត​លើ​អ្នក។
3អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​អ្នក
ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​អ្នក
ក្នុង​កាល​ដែល​អ្នក​រះ​ឡើង។
4ចូរ​ងើប​ភ្នែក​អ្នក​មើល​ជុំ‌វិញ
គេ​មូល​គ្នា​មក​ឯ​អ្នក
ពួក​កូន​ប្រុសៗ​របស់​អ្នក​ទាំង​អស់​នឹង​មក​ពី​ឆ្ងាយ
ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​របស់​អ្នក​មក​ដែរ។
5ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ
ចិត្ត​អ្នក​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង
ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​អ្នក​វិញ
អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​អ្នក។
6អ្នក​នឹង​មាន​សត្វ​អូដ្ឋ​យ៉ាង​សន្ធឹក
គឺ​ជា​អូដ្ឋ​ស្ទាវ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា
ហើយ​ទាំង​អស់​ដែល​នៅ​ស្រុក​សេបា​នឹង​មក​ដែរ
ព្រម​ទាំង​ដឹក​យក​មាស និង​កំញាន​មក
ហើយ​នឹង​ប្រកាស​ប្រាប់​ពី
សេចក្ដី​សរសើរ​របស់​ព្រះ‌យេហូវ៉ា។
7អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ
នឹង​មូល​គ្នា​មក​ឯ​អ្នក
ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​អ្នក
ពួក​វា​នឹង​ឡើង​មក​លើ​អាស‌នាយើង ដោយ​ស្ម័គ្រ​ពី​ចិត្ត
ហើយ​យើង​នឹង​លើក​តម្កើង​វិហារ​នៃ​សិរី‌ល្អ​របស់​យើង។
8តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក
ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប?
9ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់‌ចាំយើង
ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ
ដើម្បី​នាំ​ពួក​កូន​ប្រុសៗ​របស់​អ្នក​មក​ពី​ស្រុក​ឆ្ងាយ
មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា‌មួយ​ផង
ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក
ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង​អ្នក​ឡើង។
10ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​អ្នក​ឡើង
ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​អ្នក
ដ្បិត​ទោះ​បើ​យើង​បាន​វាយ​អ្នក
ក្នុង​ពេល​ដែល​មាន​សេចក្ដី​ក្រោធ​ក៏​ដោយ
តែ​យើង​បាន​អាណិត​ដល់​អ្នក ក្នុង​គ្រា​ដែល​ផ្តល់​ព្រះ‌គុណ។
11ទ្វារ​កំផែង​របស់​អ្នក​នឹង​នៅ​ចំហ​ជា‌និច្ច
ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ
ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យ‌សម្បត្តិ
របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​អ្នក
ព្រម​ទាំង​ដឹក‌នាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង។
12ដ្បិត​សាសន៍​ណា និង​នគរ​ណា
ដែល​មិន​ព្រម​គោរព​ដល់​អ្នក នោះ​នឹង​ត្រូវ​វិនាស
សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង។
13សេចក្ដី​លម្អ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​អ្នក
គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ និង​ឈើ​ស្រឡៅ​ផង
ដើម្បី​តុប‌តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​យើង
ហើយ​យើង​នឹង​ធ្វើ​ឲ្យ​កន្លែង
ដែល​យើង​នៅ​បាន​រុងរឿង​ឧត្តម។
14ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​អ្នក
គេ​នឹង​មក​ឱន​ក្រាប​នៅ​ចំពោះ​អ្នក
ហើយ​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​អ្នក
គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​អ្នក
គេ​នឹង​ហៅ​អ្នក​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា
គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ
នៃ​សាសន៍​អ៊ីស្រា‌អែល។
15ទោះ​បើ​អ្នក​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់
ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​អ្នក​ឡើយ
យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប​ជា‌និច្ច
ជា​ទី​អំណរ​ដល់​ច្រើន​តំណ​ត​ទៅ។
16អ្នក​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍
ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ
អ្នក​នឹង​ដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា
ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អ្នក
ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក
គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​របស់​យ៉ាកុប។
17យើង​នឹង​នាំ​មាស​មក​ឲ្យ​ជំនួស​លង្ហិន
ប្រាក់​ឲ្យ​ជំនួស​ដែក
លង្ហិន​ឲ្យ​ជំនួស​ឈើ
ហើយ​ដែក​ឲ្យ​ជំនួស​ថ្ម​ផង
យើង​នឹង​យក​សេចក្ដី​សុខ​ធ្វើ​ជា​រដ្ឋ​បាល​អ្នក
ហើយ​ឲ្យ​សេចក្ដី​សុចរិត​ជា​អ្នក​គ្រប់‌គ្រង​លើ​អ្នក។
18នៅ​ក្នុង​ស្រុក​អ្នក​នឹង​មិន​ដែល​ឮ​និយាយ
ពី​សេចក្ដី​ច្រឡោត​ទៀត
ឬ​ពី​ការ​រឹប‌ជាន់ ឬ​ពី​ការ​បំផ្លាញ​នៅ​ក្នុង​ព្រំ‌ដែន​អ្នក​ឡើយ
គឺ​អ្នក​នឹង​ហៅ​កំផែង​អ្នក​ថា សេចក្ដី​សង្គ្រោះ
ហើយ​ទ្វារ​របស់​អ្នក​ថា សរសើរ​តម្កើង។
ព្រះ​ជាសិរីល្អ​នៃ​ក្រុងស៊ីយ៉ូន
19គ្រា​នោះ ព្រះ‌អាទិត្យ​នឹង​លែង​ធ្វើ​ជា​ពន្លឺ
ដល់​អ្នក​នៅ​ពេលថ្ងៃ
ឯ​ព្រះ‌ចន្ទ​ក៏​នឹង​លែងធ្វើ​ជា​ពន្លឺ​ដល់​អ្នក​នៅ​ពេល​យប់ តទៅ
គឺ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ជា​រៀង​រហូត
ហើយ​ព្រះ​របស់​អ្នក​នឹង​បាន​ជា​សិរី‌ល្អ​ដល់​អ្នក។
20ព្រះ‌អាទិត្យ​របស់​អ្នក​នឹង​លែង​លិច
ហើយ​ព្រះ‌ចន្ទ​របស់​អ្នក​នឹង​មិន​ជ្រេ​ទៀត​ឡើយ
ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​ដល់​អ្នក
ហើយ​គ្រា​នៃ​សេចក្ដី​សោក‌សៅ​របស់​អ្នក​នឹង​ផុត​ទៅ។
21ពួក​អ្នក​នៅ​ក្នុង​អ្នក​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់
គេ​នឹង​គ្រង​បាន​ស្រុក​ជា​មត៌ក​នៅ​ជា​ដរាប
គេ​ជា​មែក​ដែល​យើង​បាន​ផ្សាំ
ជា​ការ​ដែល​ដៃ​យើង​បាន​ធ្វើ
ដើម្បី​ឲ្យ​យើង​បាន​តម្កើង​ឡើង។
22អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​មួយ​ពាន់
ហើយ​ពួក​មាន​គ្នា​តិច
និង​ត្រឡប់​ទៅ​ជា​សាសន៍​មួយយ៉ាង​ពូកែ
យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា
យើង​នឹង​ធ្វើ​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in