YouVersion Logo
Search Icon

យេរេមា 11

11
ប្រជាជន​អ៊ីស្រា‌អែល និងយូដា​បាន​ក្បត់​សម្ពន្ធ‌មេត្រី
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖ 2«ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​ចុះ រួច​និយាយ​ដល់​ពួក​មនុស្ស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម 3ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​បណ្ដាសា​ហើយ មនុស្ស​ណា​ដែល​មិន​ស្តាប់​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ 4គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​ចេញ​រួច​ពី​គុក​ភ្លើង​រំលាយ​ដែក ដោយ​ប្រាប់​គេ​ថា ចូរ​ស្តាប់​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​ផង គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 5ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​សម្រេច​តាម​សេចក្ដី​សម្បថ ដែល​យើង​បាន​ស្បថ​នឹង​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ថា នឹង​ឲ្យ​គេ​បាន​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​យ៉ាង​សព្វ​ថ្ងៃ​នេះ»។ នោះ​ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «អាម៉ែន ព្រះ‌យេហូវ៉ា​អើយ»។
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ប្រាប់​អស់​ទាំង​ពាក្យ​នេះ នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ទាំង​ប៉ុន្មាន​នៃ​ក្រុង​យេរូ‌សាឡិម​ដែរ​ថា ចូរ​ស្តាប់​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ ហើយ​ប្រព្រឹត្ត​តាម​ចុះ 7ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​បាន​និយាយ​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់​គេ ព្រម​ទាំង​ខ្នះ‌ខ្នែង​ប្រាប់​គេ តាំង​ពី​ព្រលឹម​ស្រាង​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង​ចុះ។ 8តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​បាន​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​រៀង​ខ្លួន​វិញ ហេតុ​នោះ យើង​បាន​នាំ​គ្រប់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា​នេះ​មក​លើ​គេ គឺ​ជា​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ឲ្យ​គេ​ប្រព្រឹត្ត​តាម តែ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​សោះ»។
9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ឃើញ​មាន​គំនិត​ក្បត់​កើត​ឡើង នៅ​ក្នុង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។ 10គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​គោរព​បម្រើ​ព្រះ​ទាំង​នោះ​វិញ ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​បុព្វ‌បុរស​គេ​ហើយ»។ 11ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​គេច​រួច​បាន​ឡើយ គេ​នឹង​អំពាវ‌នាវ​រក​យើង តែ​យើង​មិន​ស្ដាប់​ទេ។ 12ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។ 13ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក​មាន​ច្រើន​ដូច​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែរ ហើយ​ដែល​មាន​ផ្លូវ​នៅ​ក្រុង​យេរូ‌សាឡិម​ប៉ុណ្ណា នោះ​អ្នក​ក៏​បាន​ស្អាង​អាសនា​ថ្វាយ​ដល់​របស់​គួរ​ខ្មាស​នោះ ចំនួន​ប៉ុណ្ណោះ​ដែរ គឺ​ជា​អាសនា​សម្រាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល​ផង។
14ដូច្នេះ កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឡើង​សំឡេង​អំពាវ‌នាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវ‌នាវ​រក​យើង ដោយ​កើត​មាន​សេចក្ដី​វេទនា នោះ​យើង​មិន​ស្តាប់​គេ​ទេ»។
អ៊ីស្រាអែល​ជា​ដើម​អូលីវ​របស់​ព្រះ‌អម្ចាស់
15តើ​ស្ងួន​សម្លាញ់​របស់​យើង​មាន​សិទ្ធិ​អ្វីចូល​មក​ក្នុង​ដំណាក់​របស់​យើង​ទៀត ដ្បិតគេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ជា​ច្រើន? តើ​ពាក្យ​បន់​ស្រន់​របស់​គេ និង​យញ្ញ​បូជា​របស់​គេ ការពារមិនឲ្យ​គេ​វិនាស​បានឬ? គេ​រីក​រាយ​នឹង​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់! 16ព្រះ‌យេហូវ៉ា​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ព្រះ‌អង្គ​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​ឮ​សូរ​សន្ធឹក​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់ 17ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្ដាល​ឲ្យ​យើង​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។
ជីវិត​របស់​លោក​យេរេមាជួប​ការគំរាម​កំហែង
18ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ
ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ
19ឯ​ខ្ញុំ​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សម្លាប់
ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ
គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង
ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ
ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ
20ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ជា​ព្រះ​ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត
ហើយ​ក៏​ល្បង​ល​ចិត្ត​គំនិត​អើយ
ទូល‌បង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​សង‌សឹក​ដល់​គេ​ជា​មិន​ខាន
ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ
ថ្វាយ​ព្រះ‌អង្គ​ជ្រាប​ហើយ។
21ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាណាថោត ដែល​ចង់​សម្លាប់​ខ្ញុំ ដោយ​ពោល​ថា៖ អ្នក​មិន​ត្រូវ​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​អ្នក​ស្លាប់​ដោយ​ដៃ​របស់​យើង។ 22ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​ធ្វើ​ទោស​គេ ពួក​កំលោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់ 23ហើយ​គ្មាន​សំណល់​សល់​សម្រាប់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាណាថោត នោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ​យ៉ាង​ពិត​ប្រាកដ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in