YouVersion Logo
Search Icon

យេរេមា 12

12
លោក​យេរេមា​ត្អូញ​ត្អែដាក់​ព្រះ
1ឱ​ព្រះ‌យេហូវ៉ា​អើយ
កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ
ព្រះ‌អង្គ​សុចរិត​ទេ
ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ
ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ
របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង?
ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់
រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ?
2ព្រះ‌អង្គ​បាន​ដាំ​គេ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង
គេ​កើត​ផល គេ​យក​ព្រះ‌អង្គ​មក​ផ្ទាល់​នៅ​មាត់
តែ​ឲ្យ​ព្រះ‌អង្គ​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ។
3ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ
ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ
ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា
សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម
ដែល​សម្រាប់​នាំ​ទៅ​សម្លាប់
ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។
4តើ​ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក
ហើយ​តិណ‌ជាតិ​ទាំង‌ឡាយ​នៅ​ពេញ​ស្រុក
ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត?
សត្វ​ជើង​បួន និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន
ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់
របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ
ដ្បិត​គេ​និយាយ​ថា៖
ព្រះ​អង្គ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។
ព្រះឆ្លើយតបចំពោះ​លោក​យេរេមា
5បើ​អ្នក​បាន​រត់​ជា‌មួយ​ពួក​ថ្មើរ​ជើង
ហើយ​គេ​បាន​នាំ​ឲ្យ​អ្នក​អស់​កម្លាំង
ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ប្រណាំង​នឹង​សេះ​បាន
ហើយ​បើ​នៅ​ក្នុង​ស្រុក​ដ៏​មាន​សន្តិ‌សុខ
អ្នក​មិន​សូវ​មាន​សេចក្ដី​សុខ​ទេ
នោះ​តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល
ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កម្លាំង?
6ដ្បិត​ទោះ​ទាំង​ពួក​បង‌ប្អូន​អ្នក
និង​ក្រុម​គ្រួសារ​របស់​អ្នក ក៏​បាន​ក្បត់​នឹង​អ្នក​ដែរ
គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​អ្នក
តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ
ក៏​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។
7យើង​បាន​លះ‌លែង​គ្រួសារ​របស់​យើង​ហើយ
ក៏​បាន​បោះ‌បង់​ចោល​មត៌ក​របស់​យើង​ដែរ
ឯ​អ្នក​ស្ងួន​សម្លាញ់​នៃ​ដួង​ចិត្ត​យើង
នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។
8ពួក​ដែល​ជា​មត៌ក​របស់​យើង
គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​យើង
គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​យើង
ហេតុ​នោះ​បាន​ជា​យើង​ស្អប់​គេ
9ប្រជា​ជន​ដែល​យើង​បាន​ជ្រើស​រើស
ប្រព្រឹត្ត​ប្រៀប​បាន​នឹង​ត្មាត​ពព្លាក់
តែ​ខ្លួន​គេ​ចោម​រោម​ទៅ​ដោយ​ពពួក​ត្មាត។
ចូរ​ទៅ​ប្រមូល​សត្វ​ព្រៃ​មក​ស៊ី​សាក​សព
របស់​គេ​ឲ្យ​អស់​ទៅ!
10មាន​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចម្ការ
ទំពាំង‌បាយ‌ជូរ​របស់​យើង គេ​បាន​ជាន់​ឈ្លី​ដី
ដែល​ជា​ចំណែក​របស់​យើង
គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​យើងពេញ​ចិត្ត
ទៅ​ជា​ទី​ខូច‌អស់​ហើយ។
11គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​វិនាស​អន្តររាយ
ទី​នោះ​សោយ​សោក​រក​យើង ដោយ​ត្រូវ​ខូច‌បង់
ស្រុក​ទាំង​មូល​ត្រូវ​វិនាស
ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ។
12មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង
ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន
ដ្បិត​ដាវ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​ស៊ី
ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង
ឥត​មាន​មនុស្ស​ណា​មាន​សេចក្ដី​សុខ​ឡើយ។
13គេ​បាន​សាប‌ព្រោះ​ស្រូវ​សាលី តែ​ច្រូត​បាន​បន្លា​វិញ
គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន
ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ
ហើយ​គេ​នឹង​ត្រូវ​ខ្មាស
ចំពោះ​ផល​របស់​គេ​ដែរ
ដោយ​ព្រោះ​សេចក្ដី​ក្រោធ
ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។
14ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា៖ ពួក​អ្នក​ដែល​ប៉ះ​ពាល់​មត៌ក​ដែល​យើង​បាន​ចែក​ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង នោះ​មើល៍ យើង​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​នឹង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្ដាល​គេ​ដែរ។ 15ក្រោយ​ដែល​យើង​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​យើង​នឹង​ត្រឡប់​មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ​ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នាមក​រក​មត៌ក​របស់​គេ ហើយ​មក​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង។ 16យ៉ាង​នោះ​បើ​គេ​នឹង​ខ្នះ‌ខ្នែង​រៀន​តាម​ផ្លូវ​របស់​ប្រជា‌រាស្ត្រ​យើង​ឲ្យ​អស់​ពី​ចិត្ត ហើយ​ស្បថ​ដោយ​នូវ​ឈ្មោះ​យើង​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ បែប​ដូច​ជា​គេ​បាន​បង្រៀន​ប្រជា‌រាស្ត្រ​យើង ឲ្យ​ស្បថ​ដោយ​នូវ​ព្រះ‌បាល​ដែរ នោះ​គេ​នឹង​បាន​ស្អាង​ឡើង នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​យ៉ាង​ពិត​ប្រាកដ។ 17ប៉ុន្តែ បើ​គេ​មិន​ព្រម​ស្តាប់​តាម​ទេ នោះ​យើង​នឹង​ដក​រំលើង​សាសន៍​នោះ គឺ​ទាំង​ដក​រំលើង ហើយ​បំផ្លាញ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in