YouVersion Logo
Search Icon

យេរេមា 13

13
ក្រណាត់​ក្រវាត់​ចង្កេះ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ ចូរ​ទៅ​ទិញ​សំពត់​ទេស​ឯក​សម្រាប់​រុំខ្លួន ហើយ​ក្រវាត់​នៅ​ចង្កេះ​អ្នក​ទៅ កុំ​បោក​ទឹក​ឡើយ។ 2ដូច្នេះ ខ្ញុំ​ក៏​ទិញ​សំពត់​មួយ​មក​ក្រវាត់​នៅ​ចង្កេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 3ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា៖ 4ចូរ​យក​សំពត់​ដែល​បាន​ទិញ ហើយ​ក្រវ៉ាត់​នៅ​ចង្កេះ​របស់​អ្នក​នោះ​មក ហើយ​ក្រោក​ទៅ​ឯ​ទន្លេ​អ៊ើប្រាត លាក់​ទុក​នៅ​ក្នុង​ក្រហែង​ថ្ម​នៅ​ទី​នោះ​ទៅ។ 5ខ្ញុំ​ក៏​ទៅ​លាក់​សំពត់​នោះ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។ 6ក្រោយ​មក​ជា​យូរ​ថ្ងៃ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់ ដែល​យើង​បាន​បង្គាប់ ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ។ 7ខ្ញុំ​ក៏​ទៅ​ដល់​ទន្លេ​អ៊ើប្រាត ជីក​យក​សំពត់​ក្រវាត់ ពី​កន្លែង​ដែល​ខ្ញុំ​បាន​លាក់​ទុក​នោះ ហើយ​មើល៍ សំពត់​នោះ​ខូច​ហើយ គ្មាន​ប្រយោជន៍​ទៀត​សោះ។
8គ្រា​នោះ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​យើង​នឹង​បង្ខូច​សេចក្ដី​អំនួត​របស់​ពួក​យូដា និង​សេចក្ដី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡិម​ដែរ 10ឯ​ជន​ជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​យើង ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្ដី​រឹង​ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ និង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​គោរព​បម្រើ ហើយ​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត 11ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​យើង​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល និង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​ប្រជា‌រាស្ត្រ​សម្រាប់​យើង ហើយ​ជា​កេរ្តិ៍‌ឈ្មោះ ជា​សេចក្ដី​សរសើរ និង​ជា​សិរី‌ល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។
និមិត្តសញ្ញាអំពីឪទឹនស្រា
12ហេតុ​នោះ អ្នក​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា៖ ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​ទាំង​ឪទឹន​នោះ​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​គេ​នឹង​ឆ្លើយ​តប​មក​អ្នក​ថា៖ តើ​យើង​មិន​ដឹង​ពិត​ថា ឪទឹន​ទាំង​អស់​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ​ឬ? 13បន្ទាប់​មក អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់ ទាំង​ពួក​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​ពួក​សង្ឃ ពួក​ហោរា ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម ស្រវឹង។ 14ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន យើង​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។
ព្រះ‌បន្ទូល​ព្រមាន
15ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ
កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើង‌ឆ្មៃ​ឡើយ
ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ
16ចូរ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា
ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត
ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត
ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ
នោះ​ព្រះ‌អង្គ​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្ដី​ស្លាប់
និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ
17តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ
នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សម្ងាត់
ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា
ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់
ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា
បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។
18ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា៖
សូម​គង់​ចុះ​នៅ​ទី​ទាប​វិញ
ដ្បិត​មកុដ​ដ៏​‌ល្អ​របស់​ព្រះ‌ករុណា
បាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ។
19អស់​ទាំង​ទី​ក្រុង​នៅ​តំបន់​ណេកិប​នឹង​បិទ​ជិត​ហើយ
ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ
ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ
គេ​ត្រូវ​‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ហើយ។
20ចូរ​ងើប​មុខ​ឡើង
ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង
ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​អ្នក
គឺ​ជា​ហ្វូង​ដ៏​ល្អ​របស់​អ្នក តើ​នៅ​ឯ​ណា។
21តើ​អ្នក​នឹង​ថា​ដូច​ម្តេច
ក្នុង​កាល​ដែល​ព្រះ‌អង្គ​តាំង​ពួក​មិត្ត​សម្លាញ់
របស់​អ្នក​ឡើង​ឲ្យ​គ្រប់‌គ្រង​លើ​អ្នក
ដ្បិត​គឺ​អ្នក​ហើយដែល​បាន​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ
តើ​សេចក្ដី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី
ដែល​ឈឺ​ចាប់​នឹង​សម្រាល​កូន​មិន​ចាប់​អ្នក​ទេ​ឬ?
22បើ​អ្នក​នឹក​សួរ​ក្នុង​ចិត្ត​ថា៖
ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​យើង​ដូច្នេះ
នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​អ្នក​ទេ
បាន​ជា​សំពត់​របស់​អ្នក​ត្រូវ​បើក​សើយ​ឡើង
ហើយ​អ្នក​ត្រូវ​នៅ​កែង​ជើង​ទទេ​ផង។
23តើ​សាសន៍​អេធីយ៉ូពី នឹង​បំផ្លាស់​បំប្រែ
សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ?
ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ​ទេ?
បើ​បាន នោះ​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់
នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ។
24យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ដូច​ជា​ចំបើង
ដែល​រសាត់​ទៅ​បាត់​ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន។
25ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
នេះ​ហើយ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា
ជា​ចំណែក​ដែល​យើង​វាល់​ឲ្យ​អ្នក
ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង
ហើយ​ទុក​ចិត្ត​នឹង​ពាក្យ​កុហក។
26ហេតុ​នោះ យើង​នឹង​បើក​សើយ​សំពត់
របស់​អ្នក​ឡើង​គ្រប​លើ​មុខ​អ្នក
ហើយ​កេរខ្មាស​របស់​អ្នក​នឹង​បាន​ឃើញ​ច្បាស់។
27យើង​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​អ្នក​ហើយ
គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​អ្នក
ព្រម​ទាំង​សេចក្ដី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក
នៅ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង
វេទនា​ដល់​អ្នក ក្រុង​យេរូ‌សាឡិម​អើយ
អ្នក​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ
តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in