YouVersion Logo
Search Icon

ទំនុកតម្កើង 18

18
ពាក្យ​អរ​ព្រះ‌គុណ​របស់​ស្តេច​នៅ​ពេល​មាន​ជ័យ​ជម្នះ
ទំនុក​សម្រាប់​មេ​ភ្លេង ដែល​ស្ដេច​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​លើក ទ្រង់​បាន​ទូល​អស់​ទាំង​ពាក្យ​នៃ​ទំនុក​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​ដែល​ព្រះ​បាន​រំដោះ​ទ្រង់​ឲ្យ​រួច​ពី​ដណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ និង​ពី​កណ្ដាប់​ដៃ​សូល។ ស្ដេច​ទូល​ថា៖
1ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ
ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។
2ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ
និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ
ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក
ជា​ខែល​នៃ​ទូល‌បង្គំ
ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ
និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។
3ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា
ដែល​ព្រះ‌អង្គ​ស័ក្ដិ‌សម​នឹង​លើក​សរសើរ
យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះ
រួច​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ខ្ញុំ។
4ចំណង​នៃ​សេចក្ដី​ស្លាប់​បាន​រួប​រឹត​ខ្ញុំ
ហើយ​ជំនន់​នៃ​សេចក្ដី​វិនាស​បាន​បំភ័យ​ខ្ញុំ
5ចំណង​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ក៏​រឹត​ជុំ‌វិញ​ខ្ញុំ
អន្ទាក់​នៃ​សេចក្ដី​ស្លាប់​បាន​ទាក់​ខ្ញុំ។
6៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា
ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ
ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ
ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ
បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។
7៙ ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ
គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង
ព្រោះ​ព្រះ‌អង្គ​ក្រោធ។
8មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ព្រះ‌អង្គ
ហើយ​មាន​ភ្លើង​បញ្ឆេះ
ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ​មក
ក៏​មាន​រងើក​ភ្លើង​ឆេះ
ជា​អណ្ដាតមក​ពីព្រះ‌អង្គ​ដែរ។
9ព្រះ‌អង្គ​បាន​បន្ទាប​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក
មាន​ងងឹត​យ៉ាង​ក្រាស់
នៅ​ក្រោម​ព្រះ‌បាទ​ព្រះ‌អង្គ
10ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម ហើយ​ហោះ​មក
ព្រះ‌អង្គ​ហោះ​សំកាំង​នៅ​លើ​ខ្យល់។
11ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់
ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ
ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។
12ឯ​ពន្លឺ​ភ្លឺ​នៅ​ចំពោះ​ព្រះ‌អង្គ មាន​ព្រឹល
និង​រងើក​ភ្លើង ចេញ​មក​តាម​ពពក​របស់​ព្រះ‌អង្គ។
13ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ
ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង
ព្រម​ទាំង​ព្រឹល និង​រងើក​ភ្លើង។
14ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ
ទៅ​កម្ចាត់‌កម្ចាយ​គេ
ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។
15ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឲ្យ​ឃើញ
ហើយ​គ្រឹះ​ផែន​ដី​លេច​ចេញ​មក
ដោយ​ព្រះ‌អង្គ​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ
គឺ​ដោយ​ខ្យល់​គំហុក
ចេញ​មក​ពី​ព្រះ‌នាសា​ព្រះ‌អង្គ។
16៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់
មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ
17ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ
ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ
ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ
ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។
18នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា គេ​នាំ​គ្នា​សង្ខុញ
មក​លើ​ខ្ញុំ
ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ជំនួយ​របស់​ខ្ញុំ។
19ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី​ធំ​ទូលាយ
ព្រះ‌អង្គ​រំ​ដោះ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​រីករាយ​នឹង​ខ្ញុំ។
20៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ
តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ
ព្រះ‌អង្គ​បាន​សងខ្ញុំ
តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។
21ដ្បិត​ខ្ញុំ​បាន​កាន់​តាម
អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា
ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ខ្ញុំ
ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ។
22ដ្បិត​អស់​ទាំង​វិន័យ​របស់​ព្រះ‌អង្គ
នៅ​ចំពោះ​មុខ​ខ្ញុំ
ហើយ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ពី​បញ្ញត្តិ
របស់​ព្រះ‌អង្គ​ទេ។
23ខ្ញុំ​គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កំហុស​ឡើយ។
24ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ
តាម​អំពើ​សុចរិត​របស់​ខ្ញុំ គឺ​តាម​អំពើ​បរិសុទ្ធ
ដែល​ដៃ​ខ្ញុំ​ធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។
25៙ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មេត្តា
ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា
ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស
ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ស
26ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ
ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ
ហើយ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ
ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ទាស់​ប្រឆាំង។
27ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​រាប​សា
តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បន្ទាប​គេ​ចុះ។
28ដ្បិត​ព្រះ‌អង្គ​អុជ​ប្រទីប​ទូល‌បង្គំ​ឲ្យភ្លឺ​ឡើង
ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ
ព្រះ‌អង្គ​បំភ្លឺ​សេចក្ដីងងឹត​របស់​ទូល‌បង្គំ។
29ដ្បិត​ដោយ​សារ​ព្រះ‌អង្គ
ទូល‌បង្គំ​អាច​ប្រហារ​សត្រូវ​ទាំង​កង
ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ
ទូល‌បង្គំ​អាច​លោត
រំលង​កំផែង​បាន។
30ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍
ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ
ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក
ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។
31៙ ដ្បិត​បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ
តើ​អ្នក​ណា​ជា​ព្រះ?
ហើយ​ក្រៅ​ពី​ព្រះ​នៃ​យើង តើ​អ្នក​ណា​ជា​ថ្ម​ដា?
32គឺ​ជា​ព្រះ​ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង
ហើយ​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​បាន​គ្រប់​លក្ខណ៍។
33ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ក្តាន់
ហើយ​ដាក់​ខ្ញុំ​ឲ្យ​ឈរ​យ៉ាង​មាំ​នៅ​ទី​ខ្ពស់។
34ព្រះ‌អង្គ​បង្ហាត់​ដៃ​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ក្នុង​ចម្បាំង
ហើយ​ឲ្យ​ដៃ​ខ្ញុំ​អាច​យឹត​ធ្នូ​លង្ហិន​បាន។
35ព្រះ‌អង្គ​បាន​ប្រទាន​ខែលនៃ​ការ​សង្គ្រោះ
របស់​ព្រះ‌អង្គ​មក​ទូល‌បង្គំ
ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​ទ្រ​ទូល‌បង្គំ
ហើយ​ព្រះ‌ហឫ‌ទ័យ​ស្រទន់​របស់​ព្រះ‌អង្គ
ធ្វើ​ឲ្យ​ទូល‌បង្គំ​បាន​ជា​ធំ។
36ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ
មាន​ផ្លូវ​ធំ​ទូលាយ​សម្រាប់​ជំហាន​ទូល‌បង្គំ
ហើយ​ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ភ្លាត់​ឡើយ។
37ទូល‌បង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវ
ហើយ​ក៏​ទាន់​គេ
ក៏​មិន​ងាក​បែរ​មក​វិញ​ឡើយ
រហូត​ទាល់​តែ​គេ​វិនាស​អស់។
38ទូល‌បង្គំ​ចាក់​ទម្លុះ​គេ
មិន​ឲ្យ​គេ​ក្រោក​ឡើង​វិញ​បាន​ឡើយ
គេ​ដួល​នៅ​ក្រោម​ជើង​ទូល‌បង្គំ។
39ដ្បិត​ព្រះ‌អង្គ​បាន​ក្រវាត់​ទូល‌បង្គំ​ដោយ​កម្លាំង
សម្រាប់​ចម្បាំង
ព្រះ‌អង្គ​បាន​បង្ក្រាប​អស់​អ្នក
ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ
ឲ្យ​រាប​នៅ​ក្រោម​ទូល‌បង្គំ។
40ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ
របស់​ទូល‌បង្គំ​ដក​ថយ
ហើយ​ទូល‌បង្គំ​បាន​ប្រហារ​អស់​អ្នក
ដែល​ស្អប់​ទូល‌បង្គំ។
41គេ​បាន​ស្រែក​រក​ជំនួយ
តែ​គ្មាន​អ្នក​ណា​ជួយ​គេ​សោះ
គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា
តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក‌គេ​ឡើយ។
42ទូល‌បង្គំ​បាន​កម្ទេច​គេ​ឲ្យ​ហ្មត់
ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​ផាត់
ទូល‌បង្គំ​បាន​ជាន់​គេ ដូច​ជាន់​ភក់​នៅ​តាម​ផ្លូវ។
43៙ ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​ការ​ទាស់‌ទែង​របស់​ប្រជាជន
ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ​ជា​មេ​ដឹក​នាំ
លើ​ជាតិ​សាសន៍​នានា
ប្រជាជន​មួយ​ដែល​ទូល‌បង្គំ​មិន​ទាន់​ស្គាល់
បាន​មក​ចុះ​ចូល​នឹង​ទូល‌បង្គំ។
44ពេល​គេ​បាន​ឮ​ពី​ទូល‌បង្គំភ្លាម
នោះ​គេ​ក៏​ស្តាប់​តាម​ទូល‌បង្គំ
ពួក​សាសន៍​ដទៃ​គោរព​ចុះ​ចូល​ចំពោះ​ទូល‌បង្គំ។
45ពួក​សាសន៍​ដទៃ​បាក់​ទឹក​ចិត្ត
ហើយ​ចេញ​ពី​ជម្រក​របស់​គេ​ទាំង​ភ័យ​ញ័រ។
46៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់​នៅ
សូម​សរសើរ​តម្កើង​ព្រះ‌អង្គ
ដែល​ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ
សូម​លើក​តម្កើង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ
47ជា​ព្រះ​ដែល​សង‌សឹក​ជំនួស​ទូល‌បង្គំ
ហើយ​បង្ក្រាប​ប្រជាជន​នានា
ឲ្យ​ចុះ​ចូល​នឹង​ទូល‌បង្គំ
48ព្រះ‌អង្គ​បាន​រំដោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ
អើ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ
ឡើង​ខ្ពស់​ជាង​អស់​អ្នក
ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ
ព្រះ‌អង្គ​សង្គ្រោះ​ទូល‌បង្គំ
ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ។
49៙ ហេតុនេះ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំសរសើរ​ព្រះ‌អង្គ
ក្នុង​ចំណោម​ជាតិ​សាសន៍​នានា
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។
50ព្រះ‌អង្គ​ប្រទាន​ជ័យ​ជម្នះ​យ៉ាង​ធំ​ដល់​ស្តេច
ដែល​ព្រះ‌អង្គ​បាន​តែង​តាំង
ក៏​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស
ដល់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ចាក់ប្រេង​តាំង
គឺ​ដល់​ដាវីឌ និង​ពូជ‌ពង្ស​តរៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in