ទំនុកតម្កើង 19
19
អ្វីៗសព្វសារពើថ្លែងពីសិរីល្អរបស់ព្រះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ
ហើយលំហអាកាសប្រកាសពី
ស្នាព្រះហស្តរបស់ព្រះអង្គ។
2ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត
ឲ្យបានដឹង។
3មិនមែនដោយភាសា ឬពាក្យសម្ដី
ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។
4ប៉ុន្តែ សំឡេង នៃរបស់ទាំងនោះ
ចេញទៅពាសពេញលើផែនដី
ហើយពាក្យនៃរបស់ទាំងនោះ
លាន់ឮទៅដល់ជើងមេឃ។
នៅលើមេឃ ព្រះអង្គបានដំឡើងពន្លា
សម្រាប់ព្រះអាទិត្យ
5ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ
ចេញពីក្រឡាបន្ទំ
ក៏ដូចជាមនុស្សខ្លាំងពូកែ
យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។
6ព្រះអាទិត្យរះពីជើងមេឃម្ខាង
ហើយត្រាច់ចរវង់ទៅដល់ជើងមេឃម្ខាង
គ្មានអ្វីកំបាំងពីកម្ដៅព្រះអាទិត្យបានឡើយ។
7៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍
ក៏កែព្រលឹងឡើងវិញ
បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ
ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា
8ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ
ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ
បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ
ក៏បំភ្លឺភ្នែក
9ការកោតខ្លាចដល់ព្រះយេហូវ៉ា
នោះស្អាតបរិសុទ្ធ
ក៏ស្ថិតស្ថេរនៅជាដរាប។
វិន័យរបស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់
ហើយសុចរិតគ្រប់ជំពូក។
10សេចក្ដីទាំងនោះគួរប្រាថ្នា
ចង់បានលើសជាងមាស
អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត
ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់
ស្រក់ពីសំណុំផង។
11មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ
ក៏ចេះប្រយ័ត្ន
ដោយសារសេចក្ដីទាំងនោះ
ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។
12តើអ្នកណានឹងស្គាល់អំពើខុសឆ្គង
របស់ខ្លួនបាន?
សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស
ដែលលាក់កំបាំងផង។
13សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ
ពីអំពើបាបដែលធ្វើដោយល្មើស ដែរ
សូមកុំឲ្យអំពើបាបនោះ
មានអំណាចលើទូលបង្គំឡើយ
នោះទូលបង្គំនឹងបានឥតសៅហ្មង
ហើយរួចផុតពីអំពើរំលងដ៏ធំ។
14ឱព្រះយេហូវ៉ា ជាថ្មដា
និងជាអ្នកប្រោសលោះនៃ
ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី
ដែលចេញមកពីមាត់ទូលបង្គំ
និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ
បានជាទីគាប់ព្រះហឫទ័យ
នៅចំពោះព្រះនេត្រព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 19: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies