ទំនុកតម្កើង 35
35
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះយេហូវ៉ាអើយ
សូមតតាំងនឹងអស់អ្នកដែលតតាំងនឹងទូលបង្គំ
សូមតយុទ្ធនឹងអស់អ្នក
ដែលតយុទ្ធនឹងទូលបង្គំផង!
2សូមយកខែលទាំងតូចទាំងធំ
ហើយក្រោកឡើងជួយទូលបង្គំ!
3សូមលើកលំពែង និងដែកពួយ
ប្រហារពួកអ្នកដែលដេញតាមទូលបង្គំទៅ!
សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា
«យើងជាព្រះសង្គ្រោះអ្នក!»។
4សូមឲ្យអ្នកដែលប៉ុនប៉ងដល់ជីវិតទូលបង្គំ
ត្រូវខ្មាស ហើយបាក់មុខ
សូមឲ្យអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ
ត្រូវដកខ្លួនថយ ហើយអៀនខ្មាស។
5សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់
ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា
បណ្ដេញគេចេញ!
6សូមឲ្យផ្លូវរបស់គេងងឹតសូន្យសុង ហើយរអិល
ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា
ដេញតាមគេផង!
7ដ្បិតគេបានបង្កប់អន្ទាក់
ដើម្បីចាប់ទូលបង្គំដោយឥតហេតុ
គេបានជីករណ្តៅ
ដើម្បីចាប់ជីវិតទូលបង្គំដោយឥតហេតុ។
8សូមឲ្យគេជួបនឹងការហិនវិនាស
ដោយមិនដឹងខ្លួន!
សូមឲ្យគេជាប់អន្ទាក់ដែលខ្លួនគេបានបង្កប់ទុក
សូមឲ្យគេធ្លាក់ចូលអន្ទាក់នោះ
ហើយវិនាសអន្តរាយទៅ!
9ពេលនោះ ព្រលឹងទូលបង្គំ
នឹងអរសប្បាយក្នុងព្រះយេហូវ៉ា
ហើយត្រេកអរក្នុងការសង្គ្រោះរបស់ព្រះអង្គ។
10អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា
«ឱព្រះយេហូវ៉ាអើយ
តើមានអ្នកណាដូចព្រះអង្គ?
ព្រះអង្គរំដោះមនុស្សក្រីក្រ
ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន
អើ ទាំងជនក្រីក្រ
និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
11មានសាក្សីក្លែងក្លាយលើកគ្នាឡើង
គេចោទសួរពីរឿងហេតុដែលទូលបង្គំមិនដឹង។
12គេប្រព្រឹត្តអំពើអាក្រក់
តបស្នងនឹងអំពើល្អរបស់ទូលបង្គំ
ព្រលឹងទូលបង្គំនៅឯកោម្នាក់ឯង។
13តែឯទូលបង្គំវិញ កាលគេបានឈឺ
ទូលបង្គំបានស្លៀកពាក់សំពត់ធ្មៃ
ទូលបង្គំធ្វើទុក្ខខ្លួនឯងដោយតមអាហារ
ទូលបង្គំឱនក្បាលអធិស្ឋានយ៉ាងអស់ពីចិត្ត។
14ទូលបង្គំបានប្រព្រឹត្ត
ដូចប្រព្រឹត្តចំពោះមិត្តសម្លាញ់
ឬបងប្អូនរបស់ទូលបង្គំ
ទូលបង្គំបានឱនខ្លួនទាំងសោយសោក
ដូចអ្នកដែលកាន់ទុក្ខនៅពេលម្តាយស្លាប់។
15ប៉ុន្ដែ ពេលទូលបង្គំមានទុក្ខលំបាក
គេអរសប្បាយ ហើយប្រមូលផ្ដុំគ្នា
គេប្រមូលផ្ដុំគ្នាទាស់នឹងទូលបង្គំ
ហើយពួកជនពាលដែលទូលបង្គំពុំស្គាល់
បានហែកហូរទូលបង្គំឥតឈប់ឈរ
16គេប្រមាថមើលងាយទូលបង្គំឥតស្រាកស្រាន្ត
ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។
17ឱព្រះអម្ចាស់អើយ
តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត?
សូមរំដោះព្រលឹងទូលបង្គំ
ឲ្យរួចពីការបំផ្លាញរបស់គេ
ហើយសង្គ្រោះជីវិតទូលបង្គំ
ឲ្យរួចពីពួកសិង្ហទាំងនោះផង។
18ទូលបង្គំនឹងអរព្រះគុណព្រះអង្គ
នៅក្នុងក្រុមជំនុំធំ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ក្នុងចំណោមមហាជន។
19សូមកុំឲ្យពួកខ្មាំងសត្រូវរបស់ទូលបង្គំ
អរសប្បាយដោយឈ្នះទូលបង្គំឡើយ
ក៏កុំឲ្យអស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ
មិចភ្នែកចំអក ទូលបង្គំដែរ។
20ដ្បិតគេមិននិយាយដោយមេត្រីទេ
គឺគេតែងតែបង្កើតពាក្យមួលបង្កាច់
ទាស់នឹងអស់អ្នកដែលស្ងប់ស្ងៀមនៅក្នុងស្រុក។
21គេហាមាត់ធំទាស់នឹងទូលបង្គំ ដោយពាក្យថា
«ន៏ ន៏! ភ្នែកយើងបានឃើញច្បាស់ហើយ!»។
22ឱព្រះយេហូវ៉ាអើយ
ព្រះអង្គទតឃើញស្រាប់ហើយ
សូមកុំនៅស្ងៀម!
ឱព្រះអម្ចាស់អើយ
សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ!
23សូមតើនឡើង! សូមក្រោកឡើង
ហើយការពារក្ដីឲ្យទូលបង្គំផង
ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
24ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
សូមវិនិច្ឆ័យទូលបង្គំ
តាមសេចក្ដីសុចរិតរបស់ព្រះអង្គ
សូមកុំឲ្យគេអរសប្បាយ
ដោយឈ្នះទូលបង្គំឡើយ។
25សូមកុំឲ្យគេគិតក្នុងចិត្តថា
«ន៏ សមដូចចិត្តយើងប្រាថ្នាហើយ»
សូមកុំឲ្យគេថា
«យើងបានលេបវា បាត់ហើយ»។
26អស់អ្នកដែលអរសប្បាយនឹងទុក្ខលំបាក
របស់ទូលបង្គំ
សូមឲ្យគេត្រូវខ្មាស
ហើយជ្រប់មុខទាំងអស់គ្នាចុះ!
អស់អ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ
សូមឲ្យគេហ៊ុមព័ទ្ធដោយភាពអាម៉ាស់
ហើយបាក់មុខទៅ!
27តែអស់អ្នកដែលកាន់ខាងសេចក្ដីសុចរិត
របស់ទូលបង្គំ
សូមឲ្យគេបានស្រែកហ៊ោឡើងដោយអំណរ
ហើយសប្បាយរីករាយវិញ
សូមឲ្យគេពោលឡើងជានិច្ចថា
«ព្រះយេហូវ៉ាប្រសើរឧត្ដម
ព្រះអង្គសព្វព្រះហឫទ័យ
ឲ្យអ្នកបម្រើព្រះអង្គបានចម្រុងចម្រើន!»។
28ពេលនោះ អណ្ដាតទូលបង្គំនឹងថ្លែងអំពី
សេចក្ដីសុចរិតរបស់ព្រះអង្គ
ហើយសរសើរតម្កើងព្រះអង្គដរាបរាល់ថ្ងៃ។
Currently Selected:
ទំនុកតម្កើង 35: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies