YouVersion Logo
Search Icon

ទំនុកតម្កើង 38

38
ពាក្យ​អធិស្ឋាន​សុំ​ការ​ប្រោស​ឲ្យ​ជា​របស់​មនុស្ស​ឈឺ​ចុក​ចាប់
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​ជា​សេចក្ដី​រំឭក។
1ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​បន្ទោស​ទូល‌បង្គំ
ក្នុង​ពេលព្រះ‌អង្គ​ខ្ញាល់
សូម​កុំ​វាយ​ផ្ចាល​ទូល‌បង្គំ
ក្នុង​ពេល​ព្រះ‌អង្គ​ក្រោធ​ដែរ។
2ដ្បិត​ព្រួញ​របស់​ព្រះ‌អង្គ
មុត​ជាប់​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ
ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
បាន​សង្កត់​មក​លើ​ទូល‌បង្គំ។
3គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ
ដែល​មិន​ឈឺ​នោះ​ឡើយ
ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ
ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ។
4ដ្បិត​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ
បាន​ឡើង​លិច​ក្បាល​ទូល‌បង្គំ​ហើយ
ក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់
ដែល​ទូល‌បង្គំ​ទ្រាំ​មិន​បាន។
5របួស​ទូល‌បង្គំ​ដំ​បៅ​រលួយ ហើយ​ធុំ​ក្លិន​ស្អុយ
ដោយ​ព្រោះ​គំនិត​ល្ងង់​ខ្លៅ​របស់​ទូល‌បង្គំ
6ទូល‌បង្គំចំកោង​ខ្លួន ហើយ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង
ទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខមួយថ្ងៃៗ​វាល់​ល្ងាច។
7ដ្បិត​ទូល‌បង្គំ​មាន​ឈឺ​រោល‌រាល​ពេញ​ក្នុង​ពោះ
ហើយ​គ្មាន​កន្លែង​ណា​ក្នុង​រូប​សាច់​ទូល‌បង្គំ
ដែល​មិន​ឈឺ​នោះ​ឡើយ។
8ទូល‌បង្គំ​ចុះ​ខ្សោយ ហើយ​ខ្សោះល្វើយ​ជា​ខ្លាំង
ទូល‌បង្គំ​ស្រែក​ថ្ងូរ
ដោយ​ព្រោះ​បេះ​ដូង​ទូល‌បង្គំ​ញាប់​ញ័រ។
9៙ ឱ​ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​ចិត្ត​ប៉ង​ប្រាថ្នា
របស់​ទូល‌បង្គំ​ហើយ
សំឡេង​ថ្ងូរ​របស់​ទូល‌បង្គំ
មិន​កំបាំង​នឹង​ព្រះ‌អង្គ​ទេ។
10បេះ​ដូង​ទូល‌បង្គំ​កម្រើក​ជា​ខ្លាំង
កម្លាំង​ទូល‌បង្គំ​ក៏​អន់​ថយ
ហើយ​ភ្នែក​ទូល‌បង្គំ
ក៏​ស្រវាំង​លែង​មើល​ឃើញ​អ្វី​ដែរ។
11មិត្ត​សម្លាញ់ និង​គូកន​ទូល‌បង្គំ
គេ​ឈរមើលទុក្ខ​វេទនា​របស់​ទូល‌បង្គំពី​ចម្ងាយ
ហើយ​បង​ប្អូន​របស់​ទូល‌បង្គំ
ក៏​ឈរ​នៅឆ្ងាយ​ដែរ។
12អស់​អ្នក​ដែល​ស្វែង​រក​ជីវិត​ទូល‌បង្គំ
នាំ​គ្នា​ដាក់​អន្ទាក់
អស់​អ្នក​ដែល​ប៉ង​ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់
នាំ​គ្នា​ពោ​ល​ពាក្យ​មួល​បង្កាច់
ហើយ​ចេះ​តែ​រក​កល​ល្បិច
មួយ​ថ្ងៃៗ​វាល់​ល្ងាច។
13ប៉ុន្ដែ ទូល‌បង្គំ​មិន​ឮ​ទេ ដូច​ជា​មនុស្ស​ថ្លង់
ក៏​មិនហា​មាត់​និយាយ​ស្ដី ដូច​ជា​មនុស្ស​គ។
14អើ ទូល‌បង្គំ​ដូច​ជា​មនុស្ស​ដែល​មិន​ឮ​សោះ
ហើយ​ក្នុង​មាត់​ទូល‌បង្គំ
ក៏​គ្មាន​ពាក្យ​សម្ដី​តប​ទៅ​គេ​វិញ​ដែរ។
15៙ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌អង្គ
ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ
គឺ​ព្រះ‌អង្គ​ហើយ​ដែល​នឹង​ឆ្លើយ​តប។
16ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា
«អស់​អ្នក​ដែល​អួត​ខ្លួន​ទាស់​នឹង​ទូល‌បង្គំ
សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ
ដោយ​ទូល‌បង្គំ​ភ្លាត់​ជើង​ឡើយ!»។
17ដ្បិត​ទូល‌បង្គំ​បម្រុង​តែ​នឹង​ដួលទៅហើយ
ហើយ​ការ​ឈឺ​ចាប់​របស់​ទូល‌បង្គំ
នៅ​ពី​មុខ​ទូល‌បង្គំ​ជា‌និច្ច។
18ទូល‌បង្គំ​សូម​លន់‌តួ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ
ហើយ​សោក​ស្ដាយ​ដោយ​ព្រោះ​អំពើ​បាប
របស់​ទូល‌បង្គំ។
19ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ គេ​ស្វាហាប់
គេ​មាន​កម្លាំង
ហើយ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ
ដោយ​ឥត​ហេតុមាន​គ្នា​ជា​ច្រើន។
20អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ស្នង​នឹង​អំពើ​ល្អ
គេចោទ​ប្រកាន់​ទូល‌បង្គំ
ព្រោះ​ទូល‌បង្គំ​ខិត​ខំ​ប្រព្រឹត្ត​អំពើ​ល្អ។
21ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូល‌បង្គំ!
ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!
22ឱ​ព្រះ‌អម្ចាស់ ជាព្រះ‌សង្គ្រោះ​ទូល‌បង្គំ​អើយ
សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in