ទំនុកតម្កើង 38
38
ពាក្យអធិស្ឋានសុំការប្រោសឲ្យជារបស់មនុស្សឈឺចុកចាប់
ទំនុករបស់ស្ដេចដាវីឌ សម្រាប់ជាសេចក្ដីរំឭក។
1ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ
ក្នុងពេលព្រះអង្គខ្ញាល់
សូមកុំវាយផ្ចាលទូលបង្គំ
ក្នុងពេលព្រះអង្គក្រោធដែរ។
2ដ្បិតព្រួញរបស់ព្រះអង្គ
មុតជាប់នៅក្នុងខ្លួនទូលបង្គំ
ហើយព្រះហស្តរបស់ព្រះអង្គ
បានសង្កត់មកលើទូលបង្គំ។
3គ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ
ដែលមិនឈឺនោះឡើយ
ដោយព្រោះសេចក្ដីក្រោធរបស់ព្រះអង្គ
ក៏គ្មានសេចក្ដីសុខនៅក្នុងឆ្អឹងទូលបង្គំដែរ
ដោយព្រោះអំពើបាបរបស់ទូលបង្គំ។
4ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំ
បានឡើងលិចក្បាលទូលបង្គំហើយ
ក៏ដូចជាបន្ទុកយ៉ាងធ្ងន់
ដែលទូលបង្គំទ្រាំមិនបាន។
5របួសទូលបង្គំដំបៅរលួយ ហើយធុំក្លិនស្អុយ
ដោយព្រោះគំនិតល្ងង់ខ្លៅរបស់ទូលបង្គំ
6ទូលបង្គំចំកោងខ្លួន ហើយឈឺចុកចាប់ជាខ្លាំង
ទូលបង្គំដើរទាំងមានទុក្ខមួយថ្ងៃៗវាល់ល្ងាច។
7ដ្បិតទូលបង្គំមានឈឺរោលរាលពេញក្នុងពោះ
ហើយគ្មានកន្លែងណាក្នុងរូបសាច់ទូលបង្គំ
ដែលមិនឈឺនោះឡើយ។
8ទូលបង្គំចុះខ្សោយ ហើយខ្សោះល្វើយជាខ្លាំង
ទូលបង្គំស្រែកថ្ងូរ
ដោយព្រោះបេះដូងទូលបង្គំញាប់ញ័រ។
9៙ ឱព្រះអម្ចាស់អើយ
ព្រះអង្គជ្រាបអស់ទាំងចិត្តប៉ងប្រាថ្នា
របស់ទូលបង្គំហើយ
សំឡេងថ្ងូររបស់ទូលបង្គំ
មិនកំបាំងនឹងព្រះអង្គទេ។
10បេះដូងទូលបង្គំកម្រើកជាខ្លាំង
កម្លាំងទូលបង្គំក៏អន់ថយ
ហើយភ្នែកទូលបង្គំ
ក៏ស្រវាំងលែងមើលឃើញអ្វីដែរ។
11មិត្តសម្លាញ់ និងគូកនទូលបង្គំ
គេឈរមើលទុក្ខវេទនារបស់ទូលបង្គំពីចម្ងាយ
ហើយបងប្អូនរបស់ទូលបង្គំ
ក៏ឈរនៅឆ្ងាយដែរ។
12អស់អ្នកដែលស្វែងរកជីវិតទូលបង្គំ
នាំគ្នាដាក់អន្ទាក់
អស់អ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់
នាំគ្នាពោលពាក្យមួលបង្កាច់
ហើយចេះតែរកកលល្បិច
មួយថ្ងៃៗវាល់ល្ងាច។
13ប៉ុន្ដែ ទូលបង្គំមិនឮទេ ដូចជាមនុស្សថ្លង់
ក៏មិនហាមាត់និយាយស្ដី ដូចជាមនុស្សគ។
14អើ ទូលបង្គំដូចជាមនុស្សដែលមិនឮសោះ
ហើយក្នុងមាត់ទូលបង្គំ
ក៏គ្មានពាក្យសម្ដីតបទៅគេវិញដែរ។
15៙ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំសង្ឃឹមដល់ព្រះអង្គ
ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
គឺព្រះអង្គហើយដែលនឹងឆ្លើយតប។
16ដ្បិតទូលបង្គំបានពោលថា
«អស់អ្នកដែលអួតខ្លួនទាស់នឹងទូលបង្គំ
សូមកុំឲ្យគេអរសប្បាយ
ដោយទូលបង្គំភ្លាត់ជើងឡើយ!»។
17ដ្បិតទូលបង្គំបម្រុងតែនឹងដួលទៅហើយ
ហើយការឈឺចាប់របស់ទូលបង្គំ
នៅពីមុខទូលបង្គំជានិច្ច។
18ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ
ហើយសោកស្ដាយដោយព្រោះអំពើបាប
របស់ទូលបង្គំ។
19ប៉ុន្តែ ខ្មាំងសត្រូវរបស់ទូលបង្គំ គេស្វាហាប់
គេមានកម្លាំង
ហើយអស់អ្នកដែលស្អប់ទូលបង្គំ
ដោយឥតហេតុមានគ្នាជាច្រើន។
20អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់
ស្នងនឹងអំពើល្អ
គេចោទប្រកាន់ទូលបង្គំ
ព្រោះទូលបង្គំខិតខំប្រព្រឹត្តអំពើល្អ។
21ឱព្រះយេហូវ៉ាអើយ
សូមកុំបោះបង់ចោលទូលបង្គំ!
ឱព្រះនៃទូលបង្គំអើយ
សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ!
22ឱព្រះអម្ចាស់ ជាព្រះសង្គ្រោះទូលបង្គំអើយ
សូមយាងមកជួយទូលបង្គំជាប្រញាប់ផង!
Currently Selected:
ទំនុកតម្កើង 38: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies