YouVersion Logo
Search Icon

ទំនុកតម្កើង 44

44
ទុក្ខ​សោក​របស់​ជាតិ និង​ពាក្យ​អធិស្ឋានសុំ​ជំនួយ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង ជា​សេចក្ដី​បង្រៀន។
1ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក
បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ
អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ
នៅ​ជំនាន់​របស់​លោក
គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា
2ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានាចេញ
ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់
ហើយ​បាន​ដាំ​អ៊ី​ស្រាអែល​ជំនួស​វិញ
ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ
តែ​បានធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ពង្រីក​ទឹក​ដី។
3ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ
ដោយ​ដាវ​របស់​ខ្លួន​ឡើយ
ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ
គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ
ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​វិញ
ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។
4៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​បង្គាប់​ឲ្យ​មាន​ការ​សង្គ្រោះ
ដល់​ពួក​យ៉ាកុប!
5ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ
យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ
ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ
យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា
ទាស់​នឹង​យើង​ខ្ញុំ។
6ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត
នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ
ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាច
សង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។
7ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ខ្ញុំឲ្យ​រួច​ពី​សត្រូវ
ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស។
8យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជា​ដរាប​រាល់​ថ្ងៃ
ហើយ​យើង​នឹង​អរ​ព្រះ​គុណ
ដល់​ព្រះ‌នាម​ព្រះ‌អង្គ រហូត​ត​ទៅ។ –បង្អង់
9៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន
បោះ‌បង់​ចោល​យើង​ខ្ញុំ
ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំបាក់​មុខ
ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ព
របស់​យើង​ខ្ញុំ​ទៀត​ដែរ។
10ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដក​ថយ​ពី​សត្រូវ
ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ
គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ។
11ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដូច​ជា​ចៀម
ដែល​គេ​យក​ទៅ​សម្លាប់
ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់​ខ្ចាយ​ទៅ
នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ។
12ព្រះ‌អង្គ​បាន​លក់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
យ៉ាង​ថោក​បំផុត
ដោយ​មិន​បាន​ទារ​តម្លៃ​ខ្ពស់​ឡើយ។
13៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល
ដល់​សាសន៍​ជិត​ខាង​របស់​យើង​ខ្ញុំ
ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍
ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។
14ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ពាក្យ​បង្អាប់
ក្នុង​ចំណោម​សាសន៍​ដទៃ
ហើយ​ជា​ទីសើច​ចំអក​ក្នុង​ចំណោម
ប្រជាជន​ទាំង​ឡាយ។
15រាល់​ថ្ងៃ ភាព​អាប់​យស​របស់​ទូល‌បង្គំ
នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច
ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ​ហើយ
16ដោយ​ព្រោះ​សំឡេង​របស់​ពួក​អ្នក
ដែល​ប្រមាថ​មើល‌ងាយ
នៅ​ចំពោះ​ខ្មាំង​សត្រូវ
និង​ពួក​អ្នក​ដែល​សង​សឹង។
17៙ ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ
ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ
ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា
របស់​ព្រះ‌អង្គ​ដែរ។
18ចិត្ត​យើង​ខ្ញុំ​មិន​បាន​បែរ​ក្រោយ​ទេ
ជំហាន​យើង​ខ្ញុំ​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ
របស់​ព្រះ‌អង្គ​ដែរ
19តែព្រះ‌អង្គ​បាន​បំបាក់​យើង​ខ្ញុំ
នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ
ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។
20៙ ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ភ្លេច
ព្រះ‌នាម​ព្រះ​របស់​យើង​ខ្ញុំ
ឬ​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ
21នោះ​តើ​ព្រះ​មិន​ទត​ឃើញ​ទេ​ឬ?
ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​សេចក្ដី
ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត។
22ដោយ​ព្រោះ​ព្រះ‌អង្គ
យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច
ហើយក៏​រាប់​ទុក​ដូច​ជា​ចៀម
ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។
23៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទំ​លក់ដូច្នេះ?
សូម​ក្រោក​ឡើង
កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​រហូត​ឡើយ!
24ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា
និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?
25ដ្បិត​ព្រលឹង​យើង​ខ្ញុំ​ស្រុត​ចុះ​ដល់​ធូលី​ដី​ហើយ
ខ្លួន​ប្រាណ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​នឹងដី​ដែរ។
26សូម​ក្រោក​ឡើង សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង!
សូម​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in