YouVersion Logo
Search Icon

ទំនុកតម្កើង 46

46
ព្រះ​ការ‌ពារ​ទីក្រុង និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
ទំនុក​របស់​កូន​ចៅ​កូរេ សម្រាប់​មេ​ភ្លេង ត្រូវ​ច្រៀង​ដោយ​សំឡេង​ស្រួច។
1ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង
ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ
ក្នុង​គ្រា​មាន​អាសន្ន។
2ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ
ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ
ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ
ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ
3ទោះ​បើ​ទឹក​សមុទ្រ​គ្រហឹម ហើយ​ពុះកញ្រ្ជោល
ទោះ​បើ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ
ដោយ​រលក​ដោល​ឡើង​ក្ដី។ –បង្អង់
4៙ មាន​ទន្លេ​មួយ​ដែល​ព្រែក​ទាំង​ប៉ុន្មាន
ហូរ​នាំ​អំណរ​ចូល​មក​ទី​ក្រុង​របស់​ព្រះ
គឺ​ជាព្រះ​ដំណាក់​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ។
5ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ
ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ
ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ
ចាប់​តាំង​ពី​ព្រលឹម​ស្រាង។
6សាសន៍​ទាំង​ឡាយ​ជ្រួល​ច្របល់
នគរ​នានា​ពពាក់‌ពពូន​ឡើង
ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង
ហើយ​ផែនដី​ក៏​រលាយ​ទៅ។
7ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប
ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់
8៙ ចូល​មក ហើយ​មើល​កិច្ច‌ការ
ដែល​ព្រះ‌យេហូវ៉ា​ធ្វើ
ព្រះ‌អង្គ​បាន​នាំ​ការ​ដ៏​គួរ​ស្ញប់​ស្ញែង
មក​នៅ​ផែនដី។
9ព្រះ‌អង្គ​បញ្ឈប់​សង្គ្រាម
រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី
ព្រះ‌អង្គ​បំបាក់​ធ្នូ ហើយ​កាច់​លំពែង
ក៏​ដុត​រទេះ​ចម្បាំងដោយ​ភ្លើង។
10«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ
យើង​នឹង​បាន​ថ្កើង​ឡើង
នៅ​កណ្ដាល​ជាតិ​សាសន៍​នានា
យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»
11ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង
ព្រះ​របស់​លោក​យ៉ាកុប
ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in