រ៉ូម 1
1
សេចក្ដីផ្ដើម
1ប៉ុល ជាអ្នកបម្រើ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះអង្គបានត្រាស់ហៅឲ្យធ្វើជាសាវក ទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះ 2ដែលព្រះអង្គបានសន្យាពីមុន តាមរយៈពួកហោរាព្រះអង្គ នៅក្នុងគម្ពីរបរិសុទ្ធ 3ជាដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងសាច់ឈាម ព្រះអង្គបានចាប់កំណើតក្នុងរាជវង្សព្រះបាទដាវីឌ 4តែខាងព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះ ប្រកបដោយព្រះចេស្តា ដោយព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា 5ដែលតាមរយៈព្រះអង្គ យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវក ដើម្បីនាំឲ្យមានការស្ដាប់បង្គាប់តាមជំនឿ នៅកណ្តាលអស់ទាំងសាសន៍ សម្រាប់ព្រះនាមព្រះអង្គ 6ដែលអ្នករាល់គ្នាក៏នៅក្នុងចំណោមអ្នកទាំងនោះដែរ ជាអ្នកដែលទទួលការត្រាស់ហៅមកជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ។
7ជូនចំពោះបងប្អូនស្ងួនភ្ងារបស់ព្រះទាំងអស់នៅក្រុងរ៉ូម ដែលព្រះអង្គបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តមកពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
ការអធិស្ឋានអរព្រះគុណ
8ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំ តាមរយៈព្រះយេស៊ូវគ្រីស្ទ សម្រាប់អ្នកទាំងអស់គ្នា ព្រោះមានគេប្រកាសពីជំនឿរបស់អ្នករាល់គ្នា នៅពាសពេញពិភពលោក។ 9ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណខ្ញុំ ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ទ្រង់ជាស្មរបន្ទាល់របស់ខ្ញុំថា ខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នាជានិច្ច នៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ 10ទាំងសូមអង្វរឲ្យម្តងនេះ បើព្រះសព្វព្រះហឫទ័យ ឲ្យខ្ញុំមានឱកាសល្អដើម្បីមកជួបអ្នករាល់គ្នា 11ព្រោះខ្ញុំមានបំណងចង់ឃើញអ្នករាល់គ្នាជាខ្លាំង ដើម្បីឲ្យខ្ញុំបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ 12គឺថា ឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿរបស់យើងម្នាក់ៗ ទាំងជំនឿរបស់អ្នករាល់គ្នា ទាំងជំនឿរបស់ខ្ញុំ។ 13បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នាជាញឹកញាប់ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ដទៃឯទៀតដែរ ប៉ុន្តែ ចេះតែមានអ្វីរាំងរារហូតមកទល់ពេលនេះ។ 14ខ្ញុំមានការជាប់ជំពាក់ទាំងសាសន៍ក្រិក និងសាសន៍ដទៃ ទាំងអ្នកប្រាជ្ញ និងអ្នកខ្លៅ។ 15ដូច្នេះ ខ្ញុំក៏មានបំណងចង់ប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដែលនៅក្រុងរ៉ូមនេះដែរ។
ព្រះចេស្ដានៃដំណឹងល្អ
16ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។ 17ដ្បិតនៅក្នុងដំណឹងល្អនេះ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងមក តាមរយៈជំនឿ សម្រាប់ជំនឿ ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។
ទោសរបស់មនុស្សជាតិ
18ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ 19ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។ 20តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ 21ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ 22គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ 23គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
24ហេតុនេះហើយបានជាព្រះបណ្ដោយគេទៅក្នុងសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ដែលបន្ថោករូបកាយរបស់ខ្លួនក្នុងចំណោមពួកគេ 25ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។
26ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា 27ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។
28ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។ 29ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម 30និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ 31ជាមនុស្សល្ងីល្ងើ មិនស្មោះត្រង់ ជាមនុស្សគ្មានចិត្ត គ្មានសេចក្ដីមេត្តា។ 32គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។
Currently Selected:
រ៉ូម 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies