YouVersion Logo
Search Icon

រ៉ូម 2

2
ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះ
1ដូច្នេះ ឱ​មនុស្ស​អើយ ទោះ​បី​អ្នក​ជា​អ្នក​ណា​ក៏​ដោយ ពេល​អ្នក​ថ្កោល​ទោស​គេ អ្នក​មិន​អាច​ដោះ​សា​បាន​ឡើយ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ នោះ​អ្នក​កាត់​ទោស​ខ្លួន​ឯង ព្រោះ​ខ្លួន​អ្នក​ផ្ទាល់​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គេ​ដែរ។ 2យើង​ដឹង​ថា ព្រះ​ជំនុំ‌ជម្រះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ គឺ​ស្រប​តាម​សេចក្ដី​ពិត។ 3ឱ​មនុស្ស​អើយ តើ​អ្នក​នឹក​ស្មាន​ថា ពេល​អ្នក​ថ្កោល​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​អ្នក​នឹង​បាន​រួច​ខ្លួន​ពី​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ​ឬ? 4ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ? 5ប៉ុន្ដែ ដោយ​អ្នក​មាន​ចិត្ត​រឹង​រូស ហើយ​មិន​ព្រម​ប្រែ​ចិត្ត នោះ​អ្នក​កំពុង​តែ​ប្រមូល​សេចក្តី‌ក្រោធ ទុក​សម្រាប់​ខ្លួន​នៅ​ថ្ងៃ​នៃ​សេចក្តី‌ក្រោធ​វិញ ជា​ថ្ងៃ​ដែល​ព្រះ​នឹង​សម្ដែង​ការ​ជំនុំ‌ជម្រះ​ដ៏​សុចរិត។ 6ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ 7ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច 8រីឯ​ពួក​អ្នក​ដែល​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី‌ក្រោធ និង​សេចក្តី​ឃោរ‌ឃៅ។ 9សេចក្តី​វេទនា សេចក្តី​ទុក្ខ​ព្រួយ នឹង​កើត​មាន​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​សាសន៍​ក្រិក​ផង។ 10តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សីរី​ល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​សុខ​វិញ គឺ​ដំបូង​សាសន៍​យូដា និង​សាសន៍​ក្រិក​ផង។ 11ដ្បិត​ព្រះ​មិន​លម្អៀង​ឡើយ។
12អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ដោយ​មិន​ស្គាល់​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​គ្មាន​ក្រឹត្យ‌វិន័យ ហើយ​អស់​អ្នក​បាន​ធ្វើ​បាប​នៅ​ក្រោម​ក្រឹត្យ‌វិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យ‌វិន័យ​ជំនុំ‌ជម្រះ​ដែរ។ 13ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។ 14ពេល​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យ‌វិន័យ ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ដោយ​ឯក​ឯង ខ្លួន​គេ​នោះ​ហើយ​ជា​ក្រឹត្យ​វិន័យ ទោះ​ជា​គេ​គ្មាន​ក្រឹត្យ‌វិន័យ​ក៏​ដោយ។ 15គេ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​តម្រូវ​ឲ្យ​ធ្វើ បាន​កត់​ទុក​នៅ​ក្នុង​ចិត្ត​របស់​គេ មន​សិការ​របស់​គេ​ក៏​ធ្វើ​បន្ទាល់​ដែរ ហើយ​គំនិត​របស់​គេ ជួន​កាល​ចោទ​ប្រកាន់ ជួន​កាល​ដោះ​សា 16នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។
សាសន៍​យូដា និង​ក្រឹត្យ‌វិន័យ
17ប៉ុន្តែ បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ហើយ​ពឹង​ផ្អែក​លើក្រឹត្យ‌វិន័យ អួត​សរសើរ​ពី​ព្រះ 18ក៏​ស្គាល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ចេះ​ពិចារណា​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​បាន​រៀន​ពី​ក្រឹត្យ‌វិន័យ 19ហើយ​បើ​អ្នក​ជឿ​ជាក់​ថា ខ្លួន​ជា​អ្នក​នាំ​ផ្លូវ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​នៅ​ក្នុង​សេចក្ដី​ងងឹត 20ជា​អ្នក​ប្រៀន​ប្រដៅ​មនុស្ស​ល្ងង់ ជា​គ្រូ​បង្រៀន​របស់​កូន​ក្មេង ទាំង​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យ‌វិន័យ 21ដូច្នេះ ខ្លួន​អ្នក​បង្រៀន​អ្នក​ដទៃ​បាន ហេតុ​អ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង? ខ្លួន​អ្នក​ប្រកាស​ប្រាប់​គេ​កុំ​ឲ្យ​លួច តើ​អ្នក​លួច​ឬ​ទេ? 22ខ្លួន​អ្នក​ហាម​គេ​កុំ​ឲ្យ​ផិត​ក្បត់ តើ​អ្នក​ផិត​ក្បត់​ឬ​ទេ? ខ្លួន​អ្នក​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ? 23ខ្លួន​អ្នក​ដែល​អួត​ពី​ក្រឹត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ឬ​ទេ? 24ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​នាម​របស់​ព្រះ​ត្រូវ​គេ​ប្រមាថ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ព្រោះ​តែ​អ្នក​រាល់​គ្នា»។
25ការ​កាត់​ស្បែក​មាន​ប្រយោជន៍​មែន ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​វិញ នោះ​ការ​កាត់​ស្បែក​របស់​អ្នក ក៏​ត្រឡប់​ដូច​ជា​មិន​កាត់​ដែរ។ 26ដូច្នេះ បើ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បទ​បញ្ញត្តិ​របស់​ក្រឹត្យ‌វិន័យ នោះ​តើ​ការ​ដែល​មិន​កាត់​ស្បែក រាប់​ដូច​ជា​បាន​កាត់​ស្បែក​វិញ​ទេ​ឬ? 27ដូច្នេះ ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ខាង​រូប​កាយ តែ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នឹង​កាត់​ទោស​អ្នក​ដែល​មាន​ទាំង​គម្ពីរ​វិន័យ និង​ការ​កាត់​ស្បែក តែ​បែរ​ជា​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ។ 28ដ្បិត​អ្នក​ដែល​ជា​សាសន៍​យូដា មិន​សំដៅ​លើ​សម្បក​ក្រៅ​ទេ ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​មិន​សំដៅ​លើ​រូប​កាយ​ខាង​ក្រៅ​នោះ​ដែរ។ 29ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជា​សាសន៍​យូដា គឺ​សំដៅ​លើ​ចិត្ត​ខាង​ក្នុង ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​ខាង​វិញ្ញាណ មិន​មែន​តាម​ន័យ​របស់​ពាក្យ​នោះ​ទេ។ មនុស្ស​បែប​នោះ ទទួល​ការ​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for រ៉ូម 2