YouVersion Logo
Search Icon

រ៉ូម 4

4
គំរូ​របស់​លោក​អ័ប្រា‌ហាំ
1ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​អំពី​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង​ខាង​សាច់​ឈាម? តើ​លោក​បាន​អ្វី​ខ្លះ? 2ដ្បិត​បើ​លោក​អ័ប្រា‌ហាំ​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្តិ នោះ​លោក​មាន​ហេតុ​នឹង​អួត​អាង​បាន តែ​មិន​មែន​ចំពោះ​ព្រះ​ទេ។ 3តើ​គម្ពីរ​ចែង​ដូច​ម្តេច? គម្ពីរ​ចែង​ថា «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ព្រះ ហើយ​ជំនឿ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​លោក» ។ 4ចំពោះ​អ្នក​ដែល​ធ្វើ​ការ ប្រាក់​ឈ្នួល​មិន​រាប់​ជា​អំណោយ​ទេ គឺ​ជា​ប្រាក់​ដែល​ខ្លួន​ត្រូវ​បាន។ 5ចំពោះ​អ្នក​ដែល​មិន​ធ្វើ​ការ តែ​ជឿ​ដល់​ព្រះ ដែល​រាប់​មនុស្ស​ទមិឡ​ល្មើស​ជា​សុចរិត នោះ​ព្រះ‌អង្គ​រាប់​អ្នក​នោះ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​គេ។ 6សូម្បី​ព្រះបាទ​ដាវីឌ​ក៏​ថ្លែង​អំពី​ព្រះ​ពរ​របស់​ពួក​អ្នក​ដែល​ព្រះ​រាប់​ជា​សុចរិត ដោយ​មិន​គិត​ពី​ការ​ប្រព្រឹត្តិ​ថា៖ 7«មាន​ពរ​ហើយ អ្នក​ណា​ដែល​ព្រះ​បាន​អត់​ទោស ហើយ​គ្រប​បាំង​សេចក្ដី​ទទឹង​ច្បាប់​របស់​ខ្លួន 8មាន​ពរ​ហើយ អ្នក​ណា​ដែល​ព្រះ‌អម្ចាស់​មិន​រាប់​ជា​មាន​បាប» ។
9ដូច្នេះ តើ​ព្រះ​ពរ​នេះ ចំពោះ​តែ​ពួក​អ្នក​កាត់​ស្បែក ឬ​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ? ដ្បិត​យើង​និយាយ​ថា ព្រះ​បាន​រាប់​លោក​អ័ប្រា‌ហាំ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​លោក។ 10ដូច្នេះ តើ​សេចក្ដី​សុចរិត​នេះ​កើត​ឡើង​នៅ​ពេល​ណា? តើ​មុន ឬ​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក? មិន​មែន​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​មុន​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ទេ​តើ! 11ហើយ​លោក​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​កាត់​ស្បែក​នេះ ទុក​ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​លោក​មាន​ដោយ​សារ​ជំនឿ កាល​ពី​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ជា​ឪពុក​ដល់​មនុស្ស​ទាំង​អស់​ដែល​ជឿ ដោយ​មិន​បាន​កាត់​ស្បែក ដើម្បី​ឲ្យ​ព្រះ​រាប់​អ្នក​ទាំង​នោះ​ជា​សុចរិត 12ហើយ​បាន​តាំង​លោក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ពួក​អ្នក​កាត់​ស្បែក ដែល​មិន​ត្រឹម​តែ​បាន​កាត់​ស្បែក​ប៉ុណ្ណោះ គឺ​ថែម​ទាំង​ដើរ​តាម​គំរូ​នៃ​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ជា​បុព្វបុរស​របស់​យើង​មាន កាល​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។
សេចក្ដី​សន្យា​របស់​ព្រះ​ត្រឡប់​ជា​ការ​ពិត​តាមរយៈ​ជំនឿ
13ដ្បិត​សេចក្តី​សន្យា​ដល់​លោក​អ័ប្រា‌ហាំ និង​ពូជ​ពង្ស​របស់​លោក​ថា នឹង​បាន​ទទួល​ពិភព‌លោក​ជា​មត៌ក នោះ​មិន​មែន​តាម​រយៈ​ក្រឹត្យ‌វិន័យ​ទេ គឺ​តាម​រយៈ​សេចក្តី​សុចរិត​ដែល​បាន​មក​ដោយ​ជំនឿ​វិញ។ 14ប្រសិន‌បើ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​បាន​គ្រង​មត៌ក នោះ​ជំនឿ​គ្មាន​ប្រយោជន៍​អ្វី​ទេ ហើយ​សេចក្តី​សន្យា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ 15ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។
16ដូច្នេះ សេចក្តី​សន្យា​អាង​លើ​ជំនឿ ហើយ​ស្រប​តាម​ព្រះ‌គុណ គឺ​សម្រាប់​ពូជ​ពង្ស​របស់​លោក​ទាំង​អស់ មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ តែ​សម្រាប់​ពួក​ដែល​មាន​ជំនឿ​ដូច​លោក​អ័ប្រា‌ហាំ ដែល​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ។ 17ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» ។ គឺ​នៅ​ចំពោះ​ព្រះ​ដែល​លោក​បាន​ជឿ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ព្រះ​បន្ទូល​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង ឲ្យ​កើត​មាន។ 18នៅ​ពេល​អស់​សង្ឃឹម លោក​ជឿ​ទាំង​សង្ឃឹម​ថា លោក​នឹង​បាន​ទៅ​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ​បន្ទូល​ដែល​ថ្លែង​ទុក​មក​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​បាន​ដូច្នោះ» ។ 19ជំនឿ​របស់​លោក​មិន​បាន​ចុះ​ខ្សោយ​ឡើយ ទោះ​បើ​លោក​មើល​ទៅ​រូប‌កាយ​របស់​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​មួយ​រយ​ឆ្នាំ​ទៅ​ហើយ ហើយ​ទោះ​បើ​ផ្ទៃ​របស់​លោក​យាយ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ទៅ​ហើយ​នោះ​ក៏​ដោយ។ 20លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​លោក​កាន់​តែ​មាន​ជំនឿ​ខ្លាំង​ឡើង ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ 21ដោយ​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា បើ​ព្រះ​បាន​សន្យា​ធ្វើ​អ្វី នោះ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​បាន​មិន​ខាន។ 22ហេតុ​នេះ​ហើយ​បាន​ជា​ជំនឿ​របស់​លោក «ព្រះ​រាប់​លោក​ជា​សុចរិត»។ 23ប៉ុន្តែ សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ថា «ព្រះ​រាប់​លោក​ជា​សុចរិត» នោះ​មិន​មែន​សម្រាប់​តែ​លោក​អ័ប្រា‌ហាំ​ប៉ុណ្ណោះ​ទេ 24គឺ​សម្រាប់​យើង​ដែរ។ សេចក្តី​នោះ​នឹង​បាន​រាប់​ជា​សុចរិត​ដល់​យើង​ជា​អ្នក​ជឿ​ដល់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ 25ព្រះ‌អង្គ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ហើយ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in