YouVersion Logo
Search Icon

រ៉ូម 5

5
លទ្ធផល​នៃ​ការ​រាប់​ជា​សុចរិត
1ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ 2តាម‌រយៈ​ព្រះ‌អង្គ និង​ដោយ​សារ​ជំនឿ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌គុណ​នេះ ដែល​យើង​កំពុង​ឈរ ហើយ​យើង​អួត​ដោយ​សង្ឃឹម​ថា​នឹង​មាន​សិរី​ល្អ​របស់​ព្រះ។ 3មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ 4ការ​ស៊ូ​ទ្រាំ បង្កើត​ឲ្យ​មាន​ការ​ស៊ាំថ្នឹក ការ​ស៊ាំថ្នឹក បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម 5សេចក្តី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​បង្ហូរ​មក​ក្នុង​ចិត្ត​យើង តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង។
6កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទមិឡ​ល្មើស។ 7កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង! 8រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។ 9ដូច្នេះ លើស​ជាង​នេះ​ទៅ​ទៀត បើ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​បាន​រួច​ពី​សេចក្តី‌ក្រោធ ដោយ​សារ​ព្រះ‌អង្គ​ជា​មិន​ខាន។ 10ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ 11មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។
លោក​អ័ដាម និង​ព្រះ‌គ្រីស្ទ
12ដូច្នេះ ដូច​ដែល​បាប បាន​ចូល​មក​ក្នុង​ពិភព‌លោក តាម​រយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្តី​ស្លាប់​ចូល​មក​តាម​រយៈ​បាប​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​ក៏​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប។ 13មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​ពិភព‌លោក​រួច​ទៅ​ហើយ តែ​ពេល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ បាប​មិន​ទាន់​រាប់​ជា​មាន​ទោស​ទេ។ 14ប៉ុន្តែ ចាប់​តាំង​ពី​លោក​អ័ដាម រហូត​មក​ដល់​លោក​ម៉ូសេ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​បាប ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ក៏​ដោយ ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក។
15ប៉ុន្តែ អំណោយ‌ទាន​មិន​ដូច​ជា​អំពើ​រំលង​ទេ ដ្បិត​បើ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ នោះ​ចំណង់​បើ​ព្រះ‌គុណ​របស់​ព្រះ និង​អំណោយ‌ទាន​នៃ​ព្រះ‌គុណ​នេះ ដែល​មក​ដោយ​សារ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រាកដ​ជា​នឹង​បាន​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន លើល​ជាង​ទៅ​ទៀត​មិន​ខាន។ 16ឯ​អំណោយ‌ទាន​នោះ ក៏​មិន​ដូច​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​មនុស្ស​ម្នាក់​នោះ​ដែរ ដ្បិត​ការ​ជំនុំ‌ជម្រះ ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​ជាប់​ទោស តែ​អំណោយ‌ទាន ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​ជា​ច្រើន នោះ​នាំ​ឲ្យ​បាន​សុចរិត​វិញ។ 17បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។
18ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ 19ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។ 20ក្រឹត្យ‌វិន័យ​បាន​ចូល​មក ធ្វើ​ឲ្យ​អំពើ​រំលង​នោះ​កាន់​តែ​កើន​ឡើង តែ​នៅ​ទី​ណា​ដែល​បាប​កើន​ឡើង នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​ចម្រើន​ជា​បរិបូរ​ឡើង​ដែរ។ 21ដូច​ដែល​បាប​បាន​សោយ​រាជ្យ​លើ​សេចក្ដី​ស្លាប់​យ៉ាង​ណា នោះ​ព្រះ‌គុណ​បាន​សោយ​រាជ្យ ដោយ​សារ​សេចក្តី​សុចរិត ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​នោះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in