YouVersion Logo
Search Icon

ទីតុស 2

2
សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ
1រីឯ​អ្នក​វិញ ត្រូវ​និយាយតែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ 2ត្រូវ​ទូន្មាន​លោក​តា​ចាស់ៗ​ឲ្យ​ចេះ​គ្រប់​គ្រង​ចិត្ត មាន​ចិត្ត​នឹង​ធឹង ហើយ​ធ្ងន់ ឲ្យ​មាន​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់​ខ្ជួន​ផង។
3ឯ​លោក​យាយ​ចាស់ៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​កិរិយា​មារយាទ​ឲ្យ​សម​ជា​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ញៀន​ស្រា​ឡើយ ត្រូវ​បង្រៀន​អ្វី​ដែល​ល្អ 4ដើម្បី​បង្ហាត់​ស្ត្រី​ដែល​នៅ​ក្មេង ឲ្យ​ចេះ​ស្រឡាញ់​ប្តី និង​កូន​របស់​ខ្លួន 5ឲ្យ​មាន​ចិត្ត​ធ្ងន់ បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​កិច្ចការ​ផ្ទះ មាន​ចិត្ត​ល្អ ហើយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ព្រះ‌បន្ទូល​បាន​ឡើយ។
6ឯ​បុរស​ដែលនៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ចូរ​ដាស់​តឿន​គេឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ។ 7ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ 8ហើយនិយាយ​ពាក្យ​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន ដើម្បី​ឲ្យ​អ្នក​ណា​ដែលទាស់​ទទឹង​មាន​សេចក្ដី​ខ្មាស ដោយ​រក​ហេតុ​នឹង​និយាយ​អាក្រក់​ពី​យើង​មិន​បាន។
9ចូរ​ឲ្យ​ពួក​អ្នក​បម្រើ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ចៅហ្វាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ក្រកែក 10ឥត​លួច​បន្លំ​ឡើយ គឺ​ត្រូវ​សម្តែង​ខ្លួន​ជា​ស្មោះ​ត្រង់​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់​តែង​សេចក្ដី​បង្រៀន​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​កិច្ច​ការ​ទាំង​អស់។
11ព្រះ‌គុណ​របស់​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ 12ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​ចោល​សេចក្ដី​ទមិឡ​ល្មើស និង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ 13ទាំង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ធំ និង​ព្រះ‌យេ‌ស៊ូវ​គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង 14ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។
15ចូរ​ប្រាប់​សេចក្ដី​ទាំង​នេះ ទាំង​ដាស់​តឿន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ទីតុស 2