Luke 18
18
1 ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយអំពីភាពចាំបាច់ដែលត្រូវអធិស្ឋានជានិច្ច ទាំងមិនត្រូវរសាយចិត្ដ
2 ថា៖ «នៅក្នុងក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនកោតក្រែងមនុស្សណាដែរ។
3 នៅក្នុងក្រុងនោះ ក៏មានស្ដ្រីមេម៉ាយម្នាក់ចេះតែមករកគាត់ទាំងនិយាយថា សូមលោករកយុត្តិធម៌ពីគូវិវាទរបស់ខ្ញុំឲ្យខ្ញុំផង។
4 ក្នុងមួយរយៈពេលនោះ ចៅក្រមមិនព្រមទេ ប៉ុន្ដែក្រោយមកគាត់បានគិតនៅក្នុងចិត្ដថា ទោះបីខ្ញុំមិនកោតខ្លាចព្រះជាម្ចាស់ ឬមិនកោតក្រែងមនុស្សណាមែនក៏ដោយ
5 ប៉ុន្ដែដោយព្រោះស្ដ្រីមេម៉ាយនេះចេះតែមករំខានខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាងម្ដងចុះ បើមិនដូច្នោះទេ ខ្ញុំមុខជាធុញទ្រាន់នឹងការដែលនាងចេះតែមកមិនខាន»។
6 ព្រះអម្ចាស់ក៏មានបន្ទូលទៀតថា៖ «ចូរស្ដាប់អ្វីដែលចៅក្រមទុច្ចរិតនេះនិយាយចុះ
7 ដូច្នេះតើព្រះជាម្ចាស់មិនរកយុត្ដិធម៌ទាល់តែសោះឲ្យពួកអ្នកព្រះអង្គជ្រើសតាំង ដែលអំពាវនាវទៅព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គពន្យាពេលជាមួយពួកគេឬ?
8 ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គមុខជារកយុត្ដិធម៌សម្រាប់ពួកគេដោយរួសរាន់ ប៉ុន្ដែកាលណាកូនមនុស្សមកដល់ តើលោកនឹងឃើញជំនឿនៅលើផែនដីឬទេ?»
9 ព្រះអង្គក៏មានបន្ទូលជារឿងប្រៀបប្រដូចមួយទៀតនេះទៅអ្នកខ្លះដែលគិតថា ខ្លួនឯងសុចរិត ហើយមើលងាយអ្នកដទៃថា៖
10 «មានបុរសពីរនាក់បានឡើងទៅព្រះវិហារដើម្បីអធិស្ឋាន ម្នាក់ជាអ្នកខាងគណៈផារិស៊ី ឯម្នាក់ទៀតជាអ្នកទារពន្ធដារ។
11 អ្នកខាងគណៈផារិស៊ីបានឈរអធិស្ឋានសម្រាប់ខ្លួនឯងយ៉ាងដូច្នេះថា ឱ ព្រះជាម្ចាស់អើយ! ខ្ញុំអរព្រះគុណព្រះអង្គដែលខ្ញុំមិនដូចជាមនុស្សដទៃទៀតដែលជាមនុស្សបោកប្រាស់ ទុច្ចរិត និងផិតក្បត់ ហើយក៏មិនដូចជាអ្នកទារពន្ធដារនេះដែរ។
12 ខ្ញុំបានតមអាហារពីរដងក្នុងមួយសប្ដាហ៍ ខ្ញុំថ្វាយមួយភាគដប់គ្រប់របស់ទាំងឡាយដែលខ្ញុំរកបាន។
13 ឯអ្នកទារពន្ធដារវិញបានឈរពីចម្ងាយ សូម្បីតែភ្នែកក៏មិនហ៊ានងើយទៅឯស្ថានសួគ៌ដែរ គាត់និយាយទាំងគក់ទ្រូងថា ព្រះជាម្ចាស់អើយ! សូមមេត្ដាដល់ខ្ញុំដែលជាមនុស្សបាបផង។
14 ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលម្នាក់នេះទៅដល់ផ្ទះវិញ គាត់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ មិនមែនអ្នកខាងគណៈផារិស៊ីម្នាក់នោះទេ ដ្បិតអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ»។
15 ពួកគេនាំក្មេងៗមកឯព្រះអង្គដែរ ដើម្បីឲ្យព្រះអង្គពាល់ពួកវា ប៉ុន្ដែពេលឃើញដូច្នេះ ពួកសិស្សក៏ស្ដីបន្ទោសអ្នកទាំងនោះ
16 ប៉ុន្ដែព្រះយេស៊ូហៅពួកគេដោយមានបន្ទូលថា៖ «កុំឃាត់ពួកគេអី! ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងតូចៗទាំងនេះ
17 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះជាម្ចាស់ដូចជាកូនក្មេង អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ»។
18 មានអ្នកគ្រប់គ្រងម្នាក់បានសួរព្រះអង្គថា៖ «លោកគ្រូល្អអើយ! តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចទុកជាមរតក?»
19 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ហេតុអ្វីអ្នកហៅខ្ញុំថាល្អដូច្នេះ? គ្មាននរណាម្នាក់ល្អទេ លើកលែងតែព្រះជាម្ចាស់មួយអង្គគត់។
20 អ្នកស្គាល់បញ្ញត្ដិហើយថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំធ្វើជាសាក្សីក្លែងក្លាយ ហើយចូរគោរពឪពុកម្ដាយរបស់អ្នក»
21 ប៉ុន្ដែគាត់ទូលព្រះអង្គថា៖ «ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីខ្ញុំនៅវ័យជំទង់ម៉្លេះ»
22 ពេលឮដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «អ្នកនៅខ្វះសេចក្ដីមួយ ចូរទៅលក់ទ្រព្យសម្បត្ដិទាំងអស់ដែលអ្នកមាន ចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្ដិនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ»
23 ពេលបានឮសេចក្ដីទាំងនេះ គាត់ប្រែជាព្រួយចិត្ដណាស់ ព្រោះគាត់មានទ្រព្យសម្បត្ដិច្រើន។
24 កាលព្រះយេស៊ូឃើញគាត់ប្រែជាព្រួយចិត្ដដូច្នេះ ក៏មានបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងនគរព្រះជាម្ចាស់ណាស់
25 ដ្បិតសត្វអូដ្ឋចូលតាមប្រហោងម្ជុល នោះងាយជាងអ្នកមានចូលក្នុងនគរព្រះជាម្ចាស់ទៅទៀត»
26 ពួកអ្នកដែលឮក៏ទូលសួរថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?»
27 ព្រះអង្គក៏មានបន្ទូលថា៖ «អ្វីៗដែលមនុស្សមិនអាចធ្វើបាន ព្រះជាម្ចាស់អាចធ្វើបាន»។
28 លោកពេត្រុសបានទូលថា៖ «មើល៍ យើងបានលះបង់ទ្រព្យសម្បត្ដិរបស់យើង ហើយដើរតាមលោក»
29 ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានអ្នកណាដែលលះបង់ផ្ទះសំបែង ប្រពន្ធកូន ឪពុកម្ដាយ បងប្អូនព្រោះយល់ដល់នគរព្រះជាម្ចាស់
30 មិនបានទទួលច្រើនលើសលប់នៅពេលនេះទេ ហើយនៅគ្រាមកដល់ នឹងទទួលបានជីវិតអស់កល្បជានិច្ចទៀតផង»។
31 កាលព្រះអង្គនាំសាវកទាំងដប់ពីរទៅជាមួយ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មើល៍ យើងកំពុងឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានចែងទុកអំពីកូនមនុស្សនឹងបានសម្រេច។
32 ដ្បិតពួកគេនឹងប្រគល់លោកឲ្យពួកសាសន៍ដទៃដើម្បីឲ្យពួកគេចំអក ធ្វើបាប ស្ដោះទឹកមាត់ដាក់
33 វាយនឹងខ្សែតី ហើយសម្លាប់ ប៉ុន្ដែនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញ»។
34 ប៉ុន្ដែពួកគេមិនយល់សេចក្ដីទាំងនេះឡើយ ដ្បិតព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ហើយពួកគេមិនយល់ពីសេចក្ដីដែលព្រះអង្គបានមានបន្ទូលទេ។
35 កាលព្រះអង្គយាងជិតដល់ក្រុងយេរីខូរ នោះមានមនុស្សខ្វាក់ម្នាក់កំពុងអង្គុយសុំទាននៅចិញ្ចើមផ្លូវ
36 ពេលឮបណ្ដាជនកំពុងធ្វើដំណើរឆ្លងកាត់នោះ គាត់ក៏សួរអំពីអ្វីដែលកើតឡើងនេះ
37 ពួកគេប្រាប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ»
38 គាត់ក៏ស្រែកថា៖ «ព្រះយេស៊ូជាពូជពង្សដាវីឌអើយ! សូមមេត្ដាខ្ញុំផង»
39 ពួកអ្នកដើរនៅខាងមុខបានបន្ទោសគាត់ឲ្យនៅស្ងៀម ប៉ុន្ដែគាត់ស្រែកថែមទៀតថា៖ «ពូជពង្សដាវីឌអើយ សូមមេត្ដាដល់ខ្ញុំផង!»។
40 ព្រះយេស៊ូក៏ឈប់ ហើយបង្គាប់ឲ្យគេនាំមនុស្សខ្វាក់នោះមកឯព្រះអង្គ ពេលគេនាំគាត់មកជិត ព្រះអង្គក៏សួរគាត់ថា៖
41 «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលវិញថា៖ «ព្រះអម្ចាស់អើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង!»
42 ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ចូរមើលឃើញវិញចុះ ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
43 ភ្លាមនោះ គាត់ក៏មើលឃើញ ហើយដើរតាមព្រះអង្គទាំងសរសើរតម្កើងព្រះជាម្ចាស់ ឯមនុស្សទាំងអស់ដែលបានឃើញ ក៏ថ្វាយការសរសើរដល់ព្រះជាម្ចាស់។
Currently Selected:
Luke 18: KCB
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.