Matthew 7
7
1 កុំថ្កោលទោសគេ ក្រែងលោអ្នករាល់គ្នាទទួលការថ្កោលទោសវិញ
2 ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អ្នករាល់គ្នានឹងទទួលការថ្កោលទោសយ៉ាងនោះវិញ ហើយអ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ។
3 ហេតុអ្វីក៏អ្នកមើលឃើញកម្ទេចល្អិតនៅក្នុងភ្នែកបងប្អូនរបស់អ្នក ប៉ុន្ដែមិនឃើញសសរនៅក្នុងភ្នែករបស់ខ្លួនយ៉ាងដូច្នេះ?
4 បើអ្នកមានសសរនៅក្នុងភ្នែករបស់ខ្លួន តើអ្នកនឹងនិយាយបានយ៉ាងដូចម្ដេចទៅកាន់បងប្អូនរបស់អ្នកថា ទុកឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក?
5 ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
6 កុំឲ្យរបស់បរិសុទ្ធទៅឆ្កែ ហើយកុំបោះគជ់ឲ្យជ្រូក ក្រែងលោពួកវាជាន់កម្ទេច ហើយបែរមកខាំហែកអ្នករាល់គ្នាវិញ។
7 ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា
8 ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ។
9 ក្នុងចំណោមអ្នករាល់គ្នា តើនរណាឲ្យដុំថ្មដល់កូន ពេលកូនសុំនំប៉័ង
10 ឬឲ្យពស់វែកដល់កូន ពេលកូនសុំតី្រដែរឬទេ?
11 ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យអំណោយល្អៗដល់កូន នោះតើព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងប្រទានអំណោយល្អៗលើសនេះដល់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត។
12 អ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដគ្រប់ការទាំងអស់ចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។
13 ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយនាំទៅរកសេចក្ដីវិនាស ហើយមនុស្សជាច្រើនកំពុងចូលតាមទ្វារនោះ
14 ឯទ្វារចង្អៀត និងផ្លូវតូចនាំទៅរកជីវិត ហើយមានមនុស្សតិចណាស់រកឃើញ។
15 ចូរប្រយ័ត្ននឹងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយដែលពាក់ស្បែកចៀមមករកអ្នករាល់គ្នា តែខាងក្នុងវិញ ជាឆ្កែចចកកាចសាហាវ
16 រួចអ្នករាល់គ្នានឹងស្គាល់ពួកគេដោយសារផលផ្លែរបស់ពួកគេ តើមាននរណាប្រមូលផលទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមកន្ដ្រើយដែរឬទេ?
17 ដូច្នេះ ដើមឈើណាល្អឲ្យផ្លែល្អ ហើយដើមឈើណាមិនល្អក៏ឲ្យផ្លែមិនល្អដែរ
18 ដ្បិតដើមឈើល្អមិនអាចឲ្យផ្លែមិនល្អទេ ហើយដើមឈើមិនល្អក៏មិនអាចឲ្យផ្លែល្អដែរ
19 ដើមឈើណាមិនឲ្យផ្លែល្អ គេនឹងកាប់បោះចូលទៅក្នុងភ្លើង
20 ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេដោយសារផលផ្លែរបស់គេ
21 មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។
22 នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូល បណ្ដេញអារក្ស និងធ្វើកិច្ចការដ៏មានអំណាចជាច្រើននៅក្នុងព្រះនាមរបស់ព្រះអង្គទេឬ?
23 ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេវិញថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ចូរចេញទៅ ពួកល្មើសច្បាប់!
24 ដូច្នេះ អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សវៃឆ្លាតដែលសង់ផ្ទះរបស់ខ្លួននៅលើថ្មដា
25 ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ក៏ផ្ទះនោះមិនរលំដែរ ដ្បិតវាបានចាក់គ្រឹះនៅលើថ្មដា។
26 អស់អ្នកដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់
27 ពេលភ្លៀងធ្លាក់មក ទឹកជន់ឡើង ហើយខ្យល់បក់ខ្លាំង ផ្ទះនោះក៏ដួលរលំខ្ទេចខ្ទីអស់»។
28 កាលព្រះយេស៊ូមានបន្ទូលអំពីសេចក្ដីទាំងនេះចប់សព្វគ្រប់ហើយ បណ្ដាជននឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ
29 ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យរបស់ពួកគេឡើយ។
Currently Selected:
Matthew 7: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.