YouVersion Logo
Search Icon

១ របាក្សត្រ 17

17
ព្រះ‌បាទ​ដាវីឌ​មាន​បំណង​សង់​ព្រះ‌វិហារ
( សាំយូអែល ៧.១-១៧)
1នៅ​ពេល​ដែល​ព្រះ‌បាទ​ដាវីឌ​មាន​រាជ​វាំង​គង់​នៅ​ស្រួល‌បួល​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។ 2លោក​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ព្រះ‌ករុណា​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌ករុណា​ហើយ»។
3ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ដូច​ត​ទៅ៖ 4«ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។ 5តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ 6គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ! 7ឥឡូវ​នេះ ចូរ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ 8យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី‌ល្បាញ ដូច​វរ‌ជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។ 9យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន‌ពាន​លើ​ពួក​គេ 10ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។ 11ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។ 12គឺ​បុត្រ​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​យើង។ យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។ 13 យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្ដី​មេត្តា​ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្ដេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។ 14យើង​នឹង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ​សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹង‌មាំ​រហូត​ត​ទៅ​ដែរ»។
15លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។
ការ​អធិស្ឋាន​របស់​ព្រះ‌បាទ​ដាវីឌ
( សាំយូអែល ៧.១៨-២៩)
16ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូលបង្គំ និង​គ្រួសារ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ? 17ឱ​ព្រះ‌ជាម្ចាស់​អើយ​ចំពោះ​ព្រះអង្គ នេះ​គឺ​ជា​ការ​តិច‌តួច​ទេ បាន​ជា​ព្រះអង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ទូលបង្គំ ហាក់​បី​ដូច​ទូលបង្គំ​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។ 18តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះអង្គ ចំពោះ​កិត្តិយស​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ បើ​ព្រះអង្គ​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់​ហើយ​នោះ? 19ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូលបង្គំ​ឃើញ ស្រប​តាម​ព្រះ‌ហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ព្រះអង្គ។ 20ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះអង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។ 21នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ព្រះអង្គ​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ព្រះអង្គ​ល្បី‌ល្បាញ ដោយ​សម្តែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​បណ្ដេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។ 22ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​បាន​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ព្រះអង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ។ 23ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​ទូលបង្គំ រហូត​ត​ទៅ សូម​ឲ្យ​ព្រះ‌បន្ទូល​នេះ​សម្រេច​ជា​រូប​រាង​ឡើង! 24សូម​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះអង្គ​បាន​ឧត្តុង្គ​ឧត្ដម​ជានិច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ពិត​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន!”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ផង។ 25ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះអង្គ។ 26បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ប្រទាន​សុភមង្គល​នេះ​មក​ទូលបង្គំ។ 27ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ត​រៀង​ទៅ ដ្បិត​ព្រះអង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះ‌ពរ​អស់‌កល្ប​ជានិច្ច»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in