YouVersion Logo
Search Icon

១ របាក្សត្រ 19

19
ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ត្រូវ​អាម៉ាស់​មុខ
( សាំយូអែល ១០.១-៥)
1ក្រោយ​មក ព្រះ‌បាទ​ណាហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន បាន​សោយ​ទិវង្គត ហើយ​បុត្រ​របស់​ស្ដេច​ឡើង​ស្នង​រាជ្យ។ 2ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​ស្ដេច​ហានូន​ជា​បុត្រ​របស់​ព្រះ‌បាទ​ណាហាស ដូច​បិតា​របស់​ស្ដេច​បាន​សម្តែង​ចំពោះ​យើង​ដែរ»។ ដូច្នេះ ព្រះ‌បាទ​ដាវីឌ​ចាត់​រាជ​ប្រតិភូ ឲ្យ​ទៅ​ចូល​រួម​រំលែក​ទុក្ខ​ព្រះ‌បាទ​ហានូន ក្នុង​ឱកាស​ដែល​បិតា​សោយ​ទិវង្គត។ នៅ​ពេល​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ​ទៅ​ដល់​ស្រុក​អាំម៉ូន ចូល​គាល់​ព្រះ‌បាទ​ហានូន ដើម្បី​រំលែក​ទុក្ខ 3ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អាំម៉ូន​ទូល​ព្រះ‌បាទ​ហានូន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍ និង​ពិនិត្យ​មើល​ស្រុក ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក​ប៉ុណ្ណោះ»។ 4ពេល​នោះ ព្រះ‌បាទ​ហានូន​ចាប់​ពួក​មន្ត្រី​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គេ​កោរ​ពុក​ចង្កា ព្រម​ទាំង​កាត់​សម្លៀក‌បំពាក់​ឲ្យ​ខ្លី​ត្រឹម​គូថ រួច​បណ្ដេញ​ឲ្យ​ទៅ​វិញ។ 5មាន​គេ​នាំ​ដំណឹង​អំពី​មន្ត្រី​ទាំង​នោះ​យក​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ស្ដេច​ក៏​ចាត់​អ្នក​នាំ​ពាក្យ​មក​ជួប​ពួក​គេ ដ្បិត​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ ស្ដេច​ត្រាស់​បង្គាប់​ពួក​គេ​ថា៖ «ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូ​សិន​ចុះ ចាំ​ដល់​ពុក​ចង្កា​របស់​អស់​លោក​ដុះ​ឡើង​វិញ សឹម​ត្រឡប់​មក»។
សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ស៊ីរី
( សាំយូអែល ១០.៦-១៩)
6កាល​ជន‌ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ក្រេវ‌ក្រោធ​ដូច្នេះ ព្រះ‌បាទ​ហានូន និង​ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល​ទាហាន រទេះ​ចម្បាំង និង​ទ័ព​សេះ​ពី​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតាមា ព្រម​ទាំង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។ 7ពួក​គេ​ជួល​រទេះ​ចម្បាំង​៣២ ០០០​គ្រឿង ព្រម​ទាំង​ស្ដេច​ស្រុក​ម៉ាកា និង​ពល​ទ័ព​ដែល​មក​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​មេឌី‌បា។ បន្ទាប់​មក ជន‌ជាតិ​អាំម៉ូន​នាំ​គ្នា​ចេញ​ពី​ទីក្រុង​របស់​ខ្លួន រួច​តម្រៀប​ជា​ក្បួន​ទ័ព​ដើម្បី​ច្បាំង។ 8កាល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​ដំណឹង​នេះ ទ្រង់​ក៏​ចាត់​លោក​យ៉ូអាប់ និង​កង‌ទ័ព​ទាំង​មូល​ដែល​មាន​សុទ្ធ​តែ​ទាហាន​ដ៏​ខ្លាំង​ពូកែ ឲ្យ​ចេញ​ទៅ​តទល់​ជា​មួយ​ពួក​គេ។ 9កង‌ទ័ព​អាំម៉ូន​ចេញ​មក​ត្រៀម​នៅ​ច្រក​ចូល​ទីក្រុង។ រីឯ​ស្ដេច​ឯ​ទៀតៗ​ស្ថិត​នៅ​តាម​ទី​វាល ដាច់​ឡែក​ពី​គេ។ 10លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ​ប្រយុទ្ធ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ​ដូច្នេះ លោក​ក៏​ជ្រើស​រើស​យក​ពល​ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រា‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ 11រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ ជា​ប្អូន​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​អាំម៉ូន។ 12លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន។ 13ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ការពារ​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។
14លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។ 15កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ។ លោក​យ៉ូអាប់​វិល​ចូល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។
16ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ជា​អ្នក​ដឹក​នាំ។ 17មាន​គេ​នាំ​ដំណឹង​នេះ​មក​ទូល​ព្រះ‌បាទ​ដាវីឌ ស្ដេច​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ព្រះ‌បាទ​ដាវីឌ​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កង‌ទ័ព​ស៊ីរី ដែល​មក​វាយ​សម្រុក​ស្ដេច។ 18ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចម្បាំង​អស់​ប្រាំ‌ពីរ​ពាន់​នាក់ និង​ពល​ទាហាន​ថ្មើរ​ជើង​អស់​បួន​ម៉ឺន​នាក់។ ស្ដេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ដែរ។ 19កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ឃើញ​ថា ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ព្រះអង្គ​ផង។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in