១ របាក្សត្រ 23
23
មុខងាររបស់ក្រុមលេវី
1 កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។
2ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។ 3គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០នាក់។ 4ព្រះបាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ៦ ០០០នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។ 5ពួកគេ ៤ ០០០នាក់ ទៀតជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្ដេចបានធ្វើសម្រាប់ប្រគំកំដរ។
6ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។
7កូនរបស់លោកគើរសុនមាន: ឡាអាដាន និងស៊ីម៉ៃ។ 8កូនរបស់លោកឡាអាដានមានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។ 9កូនរបស់លោកស៊ីម៉ៃមានបីនាក់គឺ សឡូមីត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ធតែជាមេលើក្រុមគ្រួសារឡាអាដាន។ 10លោកស៊ីម៉ៃមានកូនបួននាក់ទៀតគឺ យ៉ាហាត់ ស៊ីណា យេអ៊ូស និងបេរា។ 11លោកយ៉ាហាតជាមេដឹកនាំ ហើយលោកស៊ីណាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរា គ្មានកូនប្រុសច្រើនទេ ដូច្នេះ ពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។
12កូនរបស់លោកកេហាត់មានបួននាក់គឺ អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល។ 13 កូនរបស់លោកអាំរ៉ាមមានលោកអើរ៉ុន និងលោកម៉ូសេ។ គេបានញែកលោកអើរ៉ុន និងកូនចៅរបស់លោក ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងថ្វាយគ្រឿងក្រអូបចំពោះព្រះអម្ចាស់ បម្រើការងាររបស់ព្រះអង្គ និងជូនពរប្រជាជនក្នុងនាមព្រះអង្គ រហូតតរៀងទៅ។ 14រីឯលោកម៉ូសេវិញ លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ គេរាប់បញ្ចូលកូនៗរបស់លោកក្នុងចំណោមពួកលេវីឯទៀតៗដែរ។ 15កូនរបស់លោកម៉ូសេគឺ គើរសុន និងលោកអេលាស៊ើរ។ 16កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។ 17លោកអេលាស៊ើរមានកូនប្រុសតែមួយ ឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។ 18កូនរបស់លោកយីតសារមានលោកសឡូមីត ជាមេដឹកនាំ។ 19កូនរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាមេដឹកនាំ លោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀលជាមេដឹកនាំទីបី និងលោកយេកាមាមជាមេដឹកនាំទីបួន។ 20កូនរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាមេដឹកនាំ និងលោកយីសយ៉ា ជាមេដឹកនាំទីពីរ។
21កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។ 22លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។ 23កូនរបស់លោកមូស៊ីមានបីនាក់គឺ ម៉ាស់លី អេឌើរ និងយេរេម៉ូត។
24អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 25ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ 26 ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។ 27គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ។ 28 ពួកគេត្រូវបំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបង្គាប់កូនចៅលោកអើរ៉ុន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 29ពួកគេត្រូវតម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ រៀបចំម្សៅម៉ដ្ដសម្រាប់តង្វាយម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចម្អិនដោយប្រើពុម្ព ឬនំផ្សេងៗទៀត។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់រង្វាល់ទាំងប៉ុន្មានដែរ។ 30ពួកគេត្រូវស្ថិតនៅក្នុងព្រះដំណាក់រៀងរាល់ព្រឹក និងរៀងរាល់ល្ងាច ដើម្បីលើកតម្កើង និងអរព្រះគុណព្រះអម្ចាស់ 31ហើយត្រូវថ្វាយតង្វាយដុតទាំងមូល*ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅថ្ងៃសប្ប័ទ* ថ្ងៃចូលខែថ្មី ឬថ្ងៃបុណ្យសំខាន់ៗផ្សេងទៀត តាមចំនួនដែលបានកំណត់ទុកក្នុងក្បួនតម្រា ដែលគេត្រូវអនុវត្តតាមជានិច្ច។ 32ពួកគេត្រូវមើលថែរក្សាព្រះពន្លាជួបព្រះអម្ចាស់ និងទីសក្ការៈ ហើយបំពេញមុខងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបញ្ជាកូនចៅលោកអើរ៉ុន ដែលជាបងប្អូនរបស់ពួកគេ។
Currently Selected:
១ របាក្សត្រ 23: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.