YouVersion Logo
Search Icon

១ កូរិនថូស 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវ័ក​របស់​ព្រះគ្រិស្ត*‌យេស៊ូ ខ្ញុំ និង​លោក​សូស្ដែន 2 សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ រួម​ជា​មួយ​បងប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ 3សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។
4ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​ព្រះអង្គ​បាន​ប្រណី‌សន្ដោស​ដល់​បងប្អូន ដោយ​បងប្អូន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ 5ដោយ​រួម​ជា​មួយ​ព្រះអង្គ បងប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះ‌បន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះអង្គ។ 6សក្ខីភាព​របស់​ព្រះ‌គ្រិស្ត​បាន​ស្ថិត​នៅ​ក្នុង​បងប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។ 7ហេតុ​នេះ នៅ​ពេល​ដែល​បងប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បងប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។ 8ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។ 9ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះអង្គ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង។
ការ​បាក់​បែក​ក្នុង​ក្រុម‌ជំនុំ
10បងប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។ 11បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន 12 គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ត!»។ 13តើ​ព្រះ‌គ្រិស្ត​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បងប្អូន? ឬ​មួយ​ក៏​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល? 14 ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីស‌ប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។ 15ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។ 16 ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។ 17ព្រះ‌គ្រិស្ត​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ព្រះអង្គ​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះ‌គ្រិស្ត​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម‌សារ។
ព្រះ‌យេស៊ូ​ជា​ឫទ្ធា‌នុភាព និង​ជា​ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់
18អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រិស្ត*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ 19 ដ្បិត​មាន​ចែង​ទុក​មក​ថា: «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប‌សូន្យ​ទៅ​ដែរ»
20 ដូច្នេះ អ្នក​ប្រាជ្ញ គ្រូ​បាធ្យាយ និង​អ្នក​ដេញ​ដោល​នា​សម័យ​នេះ​ធ្វើ​អ្វី​កើត បើ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​លេលា​វិញ​នោះ!។ 21ដោយ​ប្រាជ្ញា​របស់​ខ្លួន មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ​សម្តែង​ឲ្យ​គេ​ស្គាល់​នោះ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ្នក​ជឿ ដោយ​ពាក្យ​ប្រកាស​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​នោះ។ 22សាសន៍​យូដា​សុំ​មើល​ទី​សម្គាល់​ដ៏​អស្ចារ្យ សាសន៍​ក្រិក​ចង់​ឃើញ​ភស្ដុតាង​តាម​ប្រាជ្ញា 23រីឯ​យើង​វិញ យើង​ប្រកាស​អំពី​ព្រះ‌គ្រិស្ត*​ដែល​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ សាសន៍​យូដា​យល់​ឃើញ​ថា ពាក្យ​ប្រកាស​នេះ​រារាំង​គេ​មិន​ឲ្យ​ជឿ ហើយ​សាសន៍​ដទៃ​យល់​ឃើញ​ថា​ជា​រឿង​លេលា។ 24ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក គេ​ចាត់​ទុក​ព្រះ‌គ្រិស្ត​ថា​ជា​ឫទ្ធា‌នុភាព និង​ជា​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​វិញ។ 25អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​គំនិត​លេលា​របស់​ព្រះ‌ជាម្ចាស់​នោះ ប្រសើរ​លើស​ប្រាជ្ញា​របស់​មនុស្ស​ទៅ​ទៀត ហើយ​អ្វីៗ​ដែល​មនុស្ស​លោក​យល់​ថា​ជា​ការ​ទន់​ខ្សោយ​របស់​ព្រះ‌ជាម្ចាស់ ក៏​ប្រសើរ​លើស​កម្លាំង​របស់​មនុស្ស​ដែរ។
26បងប្អូន​អើយ សូម​គិត​មើល​ចុះ តើ​បងប្អូន​ជា​មនុស្ស​បែប​ណា​បាន​ជា​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ គឺ​ក្នុង​ចំណោម​បងប្អូន ពុំ​សូវ​មាន​អ្នក​ប្រាជ្ញ​ខាង​លោកីយ៍​នេះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ធំ និង​អ្នក​ត្រកូល​ខ្ពស់​ដែរ។ 27ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។ 28ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទាប​ថោក គួរ​ឲ្យ​មាក់​ងាយ ហើយ​គ្មាន​តម្លៃ មក​ផ្ចាញ់​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ថ្លៃ‌ថ្នូរ​វិញ។ 29ដូច្នេះ គ្មាន​មនុស្ស​ណា​អាច​អួត‌អាង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ឡើយ 30គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រោស​ឲ្យ​បងប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់ សម្រាប់​យើង។ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត* បាន​វិសុទ្ធ* និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។ 31 ដូច្នេះ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដូច​មាន​ចែង​ទុក​មក​ស្រាប់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in