YouVersion Logo
Search Icon

១ កូរិនថូស 2

2
អំពី​ព្រះ‌គ្រិស្ត​ជាប់​ឆ្កាង
1បងប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ​ដល់​បងប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន‌វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។ 2ពេល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វី​ក្រៅ​ពី​ព្រះ‌យេស៊ូ​គ្រិស្ត​នោះ​ឡើយ ជា​ពិសេស អំពី​ព្រះ‌យេស៊ូ​គ្រិស្ត​ដែល​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ 3 ខ្ញុំ​បាន​មក​រក​បងប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។ 4ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​ព្រះ‌វិញ្ញាណ​បាន​សម្តែង​ឫទ្ធា‌នុភាព​វិញ 5ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បងប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។
ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់
6ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប‌សូន្យ​ទៅ​នោះ​ទេ។ 7យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុងរឿង​មក​យើង។ 8គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​នោះ​ឡើយ។ 9 ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖
«អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ
អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ
និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ
ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក
សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ»
10ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះអង្គ​ឈ្វេង​យល់​ដែរ។ 11ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។
12ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​យើង។ 13យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​ព្រះ‌វិញ្ញាណ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ។ 14រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​ព្រះ‌វិញ្ញាណ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​ទេ មាន​តែ​ព្រះ‌វិញ្ញាណ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ 15រីឯ​អ្នក​ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ 16 ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖
«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់?
តើ​អ្នក​ណា​អាច​ថ្វាយ​យោបល់ ព្រះអង្គ​បាន?»។
រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​ព្រះ‌គ្រិស្ត*​ហើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in