១ កូរិនថូស 14
14
របៀបប្រើព្រះអំណោយទានរបស់ព្រះវិញ្ញាណនៅក្នុងក្រុមជំនុំ
1ចូរខំប្រឹងឲ្យមានចិត្តស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល*។ 2អ្នកណានិយាយភាសាចម្លែកអស្ចារ្យ* អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្តអ្នកនោះឲ្យថ្លែងពីសេចក្ដីដ៏លាក់កំបាំង។ 3ផ្ទុយទៅវិញ អ្នកណាថ្លែង*ព្រះបន្ទូល អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្តគេ។ 4អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។
5ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។ 6បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់ព្រះជាម្ចាស់ឲ្យបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។
7ប្រសិនបើឧបករណ៍តន្ត្រីដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន? 8បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង? 9រីឯបងប្អូនក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!។
10ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ 11ប៉ុន្តែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។ 12រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសម្រាប់កសាងក្រុមជំនុំ*។
13ហេតុនេះ អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យ ត្រូវអធិស្ឋាន*សុំឲ្យចេះបកប្រែន័យផង។ 14ប្រសិនបើខ្ញុំអធិស្ឋានជាភាសាចម្លែក វិញ្ញាណខ្ញុំនៅអធិស្ឋានពិតមែន ប៉ុន្តែ ប្រាជ្ញារបស់ខ្ញុំនៅស្ងៀម ឥតរិះគិតអ្វីទេ។ 15ដូច្នេះ តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងអធិស្ឋាន ដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ ខ្ញុំនឹងច្រៀង ដោយប្រើវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំក៏នឹងច្រៀងដោយប្រើប្រាជ្ញារបស់ខ្ញុំផងដែរ។ 16បើបងប្អូនអរព្រះគុណព្រះអង្គ ដោយវិញ្ញាណរបស់បងប្អូនតែប៉ុណ្ណោះ ធ្វើម្ដេចនឹងឲ្យអ្នកដែលគ្រាន់តែមកស្ដាប់ អាចនឹងពោលពាក្យ «អាម៉ែន» យល់ស្របនឹងពាក្យអរព្រះគុណរបស់បងប្អូនបាន ប្រសិនបើគ្នាមិនដឹងថាបងប្អូននិយាយអ្វីផងនោះ! 17បងប្អូនបានអរព្រះគុណដូច្នេះ ល្អវិសេសវិសាលហើយ តែបងប្អូនពុំបានកសាងជំនឿអ្នកដែលមកស្ដាប់នោះទេ។ 18ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ព្រោះខ្ញុំចេះនិយាយភាសាចម្លែកអស្ចារ្យលើសបងប្អូនទាំងអស់គ្នាទៅទៀត 19ក៏ប៉ុន្តែ នៅក្នុងក្រុមជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យប្រាំម៉ាត់ដែលគេយល់ ដើម្បីទូន្មានអ្នកឯទៀតៗជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់ ដែលគ្មាននរណាស្ដាប់បាន។
20បងប្អូនអើយ សូមកុំមានគំនិតដូចកូនក្មេងឡើយ។ ចំពោះអំពើអាក្រក់ សូមមានគំនិតដូចកូនខ្ចីចុះ តែខាងរបៀបគិតវិញ ត្រូវចេះគិតឲ្យសមជាមនុស្សពេញវ័យ។ 21 ព្រះអម្ចាស់មានព្រះបន្ទូល ដូចមានចែងទុកក្នុងក្រឹត្យវិន័យថា:
«យើងនិយាយទៅកាន់ប្រជារាស្ត្រនេះ
តាមរយៈសាសន៍ដែលនិយាយភាសាដទៃ
តាមរយៈបបូរមាត់ជនបរទេស
ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ
ក៏គេនៅតែមិនស្ដាប់យើងដដែល»។
22ការនិយាយភាសាចម្លែកអស្ចារ្យជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ 23ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ*ទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។ 24ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ 25ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្តរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដី ថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា: «ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!» ។
សណ្ដាប់ធ្នាប់ក្នុងក្រុមជំនុំ
26បងប្អូនអើយ ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សម្តែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ* ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។ 27បើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យពីរ ឬបីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។ 28ប្រសិនបើគ្មានអ្នកបកប្រែទេនោះ បងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចម្លែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ត និងនិយាយទៅកាន់ព្រះជាម្ចាស់បានហើយ។ 29រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។ 30បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវឲ្យអ្នកកំពុងនិយាយផ្អាកសិន 31ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្តគ្រប់ៗគ្នា។ 32ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល 33ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ត។
34សូមឲ្យស្ត្រីៗនៅស្ងៀមក្នុងអង្គប្រជុំ ដូចមានទម្លាប់នៅក្នុងក្រុមជំនុំទាំងប៉ុន្មានរបស់ព្រះជាម្ចាស់។ នាងគ្មានសិទ្ធិនិយាយអ្វីក្នុងពេលប្រជុំទេ គឺត្រូវនៅស្ងៀម ស្ដាប់គេ ដូចមានចែងទុកមកក្នុងក្រឹត្យវិន័យស្រាប់។ 35ប្រសិនបើនាងចង់ដឹងរឿងអ្វីមួយ ត្រូវសួរប្ដីនាងឯផ្ទះទៅ ព្រោះស្ត្រីៗនិយាយក្នុងក្រុមជំនុំមិនសមរម្យទេ។
36តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល? 37ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ 38ហើយប្រសិនបើមានអ្នកណាម្នាក់មិនព្រមទទួលស្គាល់បទបញ្ជានេះទេ ព្រះជាម្ចាស់ក៏មិនទទួលស្គាល់អ្នកនោះដែរ។
39ហេតុនេះ បងប្អូនអើយ ចូរប្រាថ្នាចង់ថ្លែងព្រះបន្ទូល ហើយមិនត្រូវហាមឃាត់គេមិនឲ្យនិយាយភាសាចម្លែកអស្ចារ្យឡើយ 40ត្រូវធ្វើការទាំងអស់នេះ ដោយសមរម្យ និងដោយមានសណ្ដាប់ធ្នាប់។
Currently Selected:
១ កូរិនថូស 14: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.