YouVersion Logo
Search Icon

១ កូរិនថូស 16

16
អំពី​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​គ្រិស្ត‌បរិស័ទ​នៅ​ក្រុង​យេរូ‌សាឡឹម
1 រីឯ​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​ជូន​បងប្អូន​នៅ​យេរូ‌សាឡឹម​វិញ សូម​បងប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ក្រុម‌ជំនុំ​នានា នៅ​ស្រុក​កាឡាទី​ដែរ 2គឺ​រាល់​ថ្ងៃ​អាទិត្យ សូម​បងប្អូន​យក​ប្រាក់​ទុក​ដោយ​ឡែក​នៅ​ផ្ទះ​ឲ្យ​ហើយ តាម​តែ​ម្នាក់ៗ​អាច​សន្សំ​បាន មិន​បាច់​ចាំ​ខ្ញុំ​មក​ដល់ ទើប​នាំ​គ្នា​រៃ​ប្រាក់​នោះ​ឡើយ។ 3កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បងប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ ទៅ​ក្រុង​យេរូ‌សាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។ 4បើ​យល់​ឃើញ​ថា គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។
គម្រោង‌ការ​របស់​លោក​ប៉ូល
5 ពេល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ ខ្ញុំ​នឹង​មក​សួរ​សុខ​ទុក្ខ​បងប្អូន​ដែរ (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន)។ 6ខ្ញុំ​ប្រហែល​ជា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បងប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ 7លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បងប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ‌ភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន​បាន​យូរ​ក្រែល​បន្តិច។ 8 ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ​រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប 9ដ្បិត​ទ្វារ​បើក​ចំហ យ៉ាង​ធំ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
10 ប្រសិន​បើ​លោក​ធីម៉ូថេ​មក​ដល់ សូម​បងប្អូន​រាក់‌ទាក់​ទទួល​គាត់ កុំ​ឲ្យ​គាត់​ព្រួយ​បារម្ភ​ក្នុង​ចំណោម​បងប្អូន ដ្បិត​គាត់​ធ្វើ​ការ​បម្រើ​ព្រះ‌អម្ចាស់​ដូច​ខ្ញុំ​ដែរ។ 11ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម‌ជ្រែង​គាត់ ឲ្យ​បន្ត​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ត​ផង ដ្បិត​ខ្ញុំ និង​បងប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។
12រីឯ​លោក​អប៉ូ‌ឡូស​វិញ ខ្ញុំ​បាន​ដាស់‌តឿន​គាត់​ជា​រឿយៗ​ឲ្យ​មក​សួរ​សុខ​ទុក្ខ​បងប្អូន ទាំង​នាំ​បងប្អូន​ឯ​ទៀតៗ​មក​ជា​មួយ​ផង ក៏​ប៉ុន្តែ គាត់​ពុំ​ទាន់​បាន​សម្រេច​ចិត្ត​ថា នឹង​មក​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ គាត់​នឹង​អញ្ជើញ​មក នៅ​ពេល​ណា​ឱកាស​ហុច​ឲ្យ។
ពាក្យ​ផ្ដែ‌ផ្ដាំ​ផ្សេងៗ
13ចូរ​បងប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ត្រូវ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។ 14ក្នុង​ចំណោម​បងប្អូន ត្រូវ​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដោយ​សេចក្ដី​ស្រឡាញ់។
15 បងប្អូន​អើយ ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​បងប្អូន​អំពី​រឿង​មួយ​ទៀត។ ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ស្រុក​អាខៃ​នេះ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ជឿ​មុន​គេ ហើយ​ក៏​បាន​ស្ម័គ្រ​ចិត្ត​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ។ 16ដូច្នេះ សូម​បងប្អូន​គោរព​ចុះ​ចូល​នឹង​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​វិញ ព្រម​ទាំង​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​ទាំង​នឿយ‌ហត់ រួម​ជា​មួយ​បងប្អូន​ទាំង​នេះ​ដែរ។
17ខ្ញុំ​សប្បាយ​ចិត្ត ដោយ​បាន​លោក​ស្ទេផា‌ណាស លោក​ភ័រទី‌ណាទូស និង​លោក​អខៃ‌គូស​មក​ទី​នេះ។ ខ្ញុំ​នឹក​បងប្អូន​ទាំង​អស់​គ្នា​ខ្លាំង​ណាស់ តែ​អ្នក​ទាំង​បី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ក្នុង​ចិត្ត 18ព្រោះ​គេ​បាន​សម្រាល​ទុក្ខ​ខ្ញុំ ដូច​គេ​បាន​សម្រាល​ទុក្ខ​បងប្អូន​ដែរ។ ហេតុ​នេះ សូម​បងប្អូន​គោរព​មនុស្ស​ដ៏​ប្រសើរ​បែប​នេះ​ផង។
19 ក្រុម‌ជំនុំ​ទាំង‌ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​បងប្អូន។ លោក​អគី‌ឡា និង​នាង​ព្រីស៊ីល ព្រម​ទាំង​ក្រុម‌ជំនុំ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ។ 20បងប្អូន​ទាំង​អស់​គ្នា​នៅ​ទី​នេះ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​បងប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធ‌ស្នាល​ផង ។
21ខ្ញុំ ប៉ូល សរសេរ​ពាក្យ​ជម្រាប​សួរ​នេះ​មក​បងប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។
22បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា​ទៅ​ចុះ! ម៉ារ៉ា‌ណាថា !
23សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ!
24ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំង​អស់​គ្នា ក្នុង​ព្រះគ្រិស្ត*‌យេស៊ូ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in