១ កូរិនថូស 16
16
អំពីការរៃប្រាក់ផ្ញើទៅគ្រិស្តបរិស័ទនៅក្រុងយេរូសាឡឹម
1 រីឯការរៃប្រាក់ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំនុំនានា នៅស្រុកកាឡាទីដែរ 2គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបាន មិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ 3កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះ ទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ 4បើយល់ឃើញថា គួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
គម្រោងការរបស់លោកប៉ូល
5 ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ 6ខ្ញុំប្រហែលជានឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីឲ្យបងប្អូនជួយខ្ញុំក្នុងការបន្តដំណើរទៅមុខទៀត។ 7លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្តិច។ 8 ប៉ុន្តែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូនេះរហូតដល់បុណ្យថ្ងៃទីហាសិប 9ដ្បិតទ្វារបើកចំហ យ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។
10 ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើព្រះអម្ចាស់ដូចខ្ញុំដែរ។ 11ហេតុនេះ កុំឲ្យមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ ឲ្យបន្តដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្តផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។
12រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសម្រេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។
ពាក្យផ្ដែផ្ដាំផ្សេងៗ
13ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្តក្លាហាន និងមានកម្លាំងមាំមួនឡើង។ 14ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
15 បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្តបម្រើប្រជាជនដ៏វិសុទ្ធ។ 16ដូច្នេះ សូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។
17ខ្ញុំសប្បាយចិត្ត ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ត 18ព្រោះគេបានសម្រាលទុក្ខខ្ញុំ ដូចគេបានសម្រាលទុក្ខបងប្អូនដែរ។ ហេតុនេះ សូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។
19 ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។ 20បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង ។
21ខ្ញុំ ប៉ូល សរសេរពាក្យជម្រាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។
22បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់ ឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថា !
23សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ!
24ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងព្រះគ្រិស្ត*យេស៊ូ។
Currently Selected:
១ កូរិនថូស 16: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.