YouVersion Logo
Search Icon

២ កូរិនថូស 3

3
អ្នក​បម្រើ​ព្រះ‌ជាម្ចាស់ ក្នុង​សម្ពន្ធ‌មេត្រី​ថ្មី
1តើ​យើង​ចាប់​ផ្ដើម​តែង‌តាំង​ខ្លួន​ឯង សា​ជា​ថ្មី​ទៀត​ឬ? ឬ​មួយ​ក៏​យើង​ត្រូវ​តែ​ធ្វើ​ដូច​អ្នក​ខ្លះ គឺ​ត្រូវ​ការ​យក​លិខិត​តែង‌តាំង​មក​ជូន​បងប្អូន ឬ​សុំ​លិខិត​តែង‌តាំង​ពី​បងប្អូន​វិញ? 2បងប្អូន​ហ្នឹង​ហើយ​ជា​លិខិត​របស់​យើង ជា​លិខិត​សរសេរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដែល​មនុស្ស​ទាំង​អស់​អាច​ស្គាល់ និង​អាន​បាន។ 3 បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។
4យើង​មាន​សេចក្ដី​ទុក​ចិត្ត​ដ៏​មុត‌មាំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​បែប​នេះ ក៏​ព្រោះ​តែ​ព្រះ‌គ្រិស្ត​នេះ​ហើយ។ 5យើង​មិន​អាច​ចាត់​ទុក​ថា ខ្លួន​យើង​មាន​សមត្ថ‌ភាព​នឹង​ធ្វើ​កិច្ចការ​អ្វី​មួយ​បាន​ដោយ​ខ្លួន​យើង​ផ្ទាល់​ឡើយ គឺ​ព្រះ‌ជាម្ចាស់​ឯ‌ណោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​អាច​ធ្វើ​បាន។ 6 ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី*​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ក្រឹត្យ‌វិន័យ*​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​ព្រះ‌វិញ្ញាណ​ទ្រង់​ប្រទាន​ជីវិត។
7 ក្រឹត្យ‌វិន័យ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរី‌រុងរឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​បាន ព្រោះ​តែ​សិរី‌រុងរឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​លោក ហើយ​ជា​សិរី‌រុងរឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខងារ​បម្រើ​ក្រឹត្យ‌វិន័យ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នេះ មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ 8ចុះ​ទម្រាំ​បើ​មុខងារ​បម្រើ​ព្រះ‌វិញ្ញាណ​វិញ តើ​នឹង​មាន​សិរី‌រុងរឿង​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? 9ប្រសិន​បើ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ទោស មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹង‌រឹត​តែ​មាន​សិរី‌រុងរឿង​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត? 10ប្រសិន​បើ​យើង​ប្រៀប‌ធៀប​សិរី‌រុងរឿង​ពី​សម័យ​ដើម និង​សិរី‌រុងរឿង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នា​បច្ចុប្បន្ន‌កាល​នេះ យើង​នឹង​ឃើញ​ថា សិរី‌រុងរឿង​ពី​ដើម​ដូច​ជា​មិន​រុងរឿង​ទាល់​តែ​សោះ។ 11ដូច្នេះ ប្រសិន​បើ​អ្វីៗ​ដែល​មិន​ស្ថិត‌ស្ថេរ​មាន​សិរី‌រុងរឿង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អ្វីៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​វិញ តើ​នឹង​រឹត​តែ​មាន​សិរី‌រុងរឿង​យ៉ាង​ណា​ទៅ?
12ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹង‌ប៉ឹង ឥត​រង្គើ​ដែរ។ 13 យើង​មិន​ធ្វើ​ដូច​លោក​ម៉ូសេ​ទេ គឺ​លោក​បាន​យក​ស្បៃ​មក​បាំង​មុខ កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​សម្លឹង​មើល​រស្មី​ដែល​មិន​ស្ថិត‌ស្ថេរ​នោះ ចេញ​បាត់​ពី​ផ្ទៃ​មុខ​លោក។ 14ប៉ុន្តែ គំនិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ងងឹត​សូន្យ ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សម្ពន្ធ‌មេត្រី*​ចាស់ ស្បៃ​ដដែល​នោះ​នៅ​បាំង​គំនិត​របស់​គេ។ ស្បៃ​នៅ​បាំង​គេ​ដដែល លុះ​ដល់​គេ​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ទើប​ស្បៃ​នោះ​រសាត់​បាត់​ទៅ។ 15មក​ទល់​សព្វ​ថ្ងៃ​នេះ ពេល​គេ​អាន​គម្ពីរ​របស់​លោក​ម៉ូសេ មាន​ស្បៃ​មួយ​នៅ​បាំង​ចិត្ត​គេ​មិន​ឲ្យ​យល់ 16 ក៏​ប៉ុន្តែ «នៅ​ពេល​គេ​បែរ​ចិត្ត​គំនិត​រក​ព្រះ‌អម្ចាស់ ស្បៃ​នោះ​ចេញ​ពី​គេ​បាត់​ទៅ» 17ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ‌វិញ្ញាណ នៅ​ទី​ណា​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ នៅ​ទី​នោះ ក៏​មាន​សេរី‌ភាព​ដែរ។ 18យើង​ទាំង​អស់​គ្នា​ដែល​គ្មាន​ស្បៃ​នៅ​បាំង​មុខ យើង​បញ្ចេញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ដែល​ចាំង​មក​លើ​យើង ហើយ​យើង​នឹង​ផ្លាស់​ប្រែ​ឲ្យ​បាន​ដូច​ព្រះអង្គ គឺ​មាន​សិរី‌រុងរឿង​កាន់​តែ​ភ្លឺ​ឡើងៗ។ នេះ​ហើយ​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in