២ កូរិនថូស 3
3
អ្នកបម្រើព្រះជាម្ចាស់ ក្នុងសម្ពន្ធមេត្រីថ្មី
1តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯង សាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ? 2បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ 3 បងប្អូនពិតជាលិខិតរបស់ព្រះគ្រិស្ត*មែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ក្នុងដួងចិត្តរបស់បងប្អូន។
4យើងមានសេចក្ដីទុកចិត្តដ៏មុតមាំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រិស្តនេះហើយ។ 5យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានឲ្យយើងមានសមត្ថភាពអាចធ្វើបាន។ 6 ព្រះអង្គក៏ប្រទានឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រី*ថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើង ដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតក្រឹត្យវិន័យ*ដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឲ្យស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។
7 ក្រឹត្យវិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោក ហើយជាសិរីរុងរឿងស្ថិតនៅតែមួយរយៈប៉ុណ្ណោះ។ ប្រសិនបើមុខងារបម្រើក្រឹត្យវិន័យដែលបណ្ដាលឲ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ 8ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត? 9ប្រសិនបើមុខងារដែលធ្វើឲ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមុខងារដែលធ្វើឲ្យមនុស្សបានសុចរិត*វិញ តើនឹងរឹងរឹតតែមានសិរីរុងរឿងប្រសើរលើសលុបយ៉ាងណាទៅទៀត? 10ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថា សិរីរុងរឿងពីដើមដូចជាមិនរុងរឿងទាល់តែសោះ។ 11ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទម្រាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹងរឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?
12ដោយយើងមានសេចក្ដីសង្ឃឹមយ៉ាងនេះ យើងក៏មានចិត្តរឹងប៉ឹង ឥតរង្គើដែរ។ 13 យើងមិនធ្វើដូចលោកម៉ូសេទេ គឺលោកបានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រាអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខលោក។ 14ប៉ុន្តែ គំនិតរបស់ជនជាតិអ៊ីស្រាអែលនៅងងឹតសូន្យ ដ្បិតរហូតមកទល់សព្វថ្ងៃ ពេលគេអានគម្ពីរសម្ពន្ធមេត្រី*ចាស់ ស្បៃដដែលនោះនៅបាំងគំនិតរបស់គេ។ ស្បៃនៅបាំងគេដដែល លុះដល់គេចូលរួមជាមួយព្រះគ្រិស្ត ទើបស្បៃនោះរសាត់បាត់ទៅ។ 15មកទល់សព្វថ្ងៃនេះ ពេលគេអានគម្ពីររបស់លោកម៉ូសេ មានស្បៃមួយនៅបាំងចិត្តគេមិនឲ្យយល់ 16 ក៏ប៉ុន្តែ «នៅពេលគេបែរចិត្តគំនិតរកព្រះអម្ចាស់ ស្បៃនោះចេញពីគេបាត់ទៅ» 17ដ្បិតព្រះអម្ចាស់ជាព្រះវិញ្ញាណ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះ ក៏មានសេរីភាពដែរ។ 18យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
Currently Selected:
២ កូរិនថូស 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.