YouVersion Logo
Search Icon

នាងអេសធើរ 9

9
ការ​សង‌សឹក​របស់​ជន‌ជាតិ​យូដា
1នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់‌ពីរ ត្រូវ​នឹង​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ ត្រូវ​អនុវត្ត​ជា​ធរ‌មាន។ ថ្ងៃ​ដែល​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​យូដា​សង្ឃឹម​ថា កិន​កម្ទេច​ជន‌ជាតិ​យូដា​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ ដែល​ជន‌ជាតិ​យូដា​កិន​កម្ទេច​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ។ 2នៅ​តាម​ក្រុង​នានា ក្នុង​អាណា‌ខេត្ត​ទាំង​អស់​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជន‌ជាតិ​យូដា​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សង‌សឹក​អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ពួក​គេ។ គ្មាន​នរណា​អាច​តទល់​នឹង​ជន‌ជាតិ​យូដា​បាន​ឡើយ ដ្បិត​ជាតិ​សាសន៍​ទាំង‌ឡាយ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​គ្រប់ៗ​គ្នា។ 3មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន‌ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេ‌កាយ​គ្រប់ៗ​គ្នា 4ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។
5ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។ 6គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។ 7ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា 8ផូរ៉ា‌ថា អដា‌លា អើរី‌ដាថា 9ផើម៉ាស‌ថា អើរី‌សាយ អរី‌ដាយ និង​វ៉ាយេ‌សាថា 10ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។
11នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន‌ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។ 12ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី​ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ 13ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នៅ​ថ្ងៃ​ស្អែក សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសាន​ដែរ។ សូម​ឲ្យ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។ 14ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។ 15ជន‌ជាតិ​យូដា​បាន​ជួប‌ជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសាន នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី​រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។
16ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។ 17នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ 18ចំណែក​ឯ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ស៊ូសាន​វិញ ពួក​គេ​ជួប‌ជុំ​គ្នា​សង‌សឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ 19ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។
ពិធី​បុណ្យ​ពួរីម
20លោក​ម៉ាដេ‌កាយ​សរសេរ​លិខិត​ផ្ញើ​ជូន​ជន‌ជាតិ​យូដា​ទាំង​អស់ នៅ​តាម​អាណា‌ខេត្ត​នានា​របស់​ព្រះចៅ​អហា‌ស៊ូរុស គឺ​ទាំង​អ្នក​នៅ​ជិត ទាំង​អ្នក​នៅ​ឆ្ងាយ 21បង្គាប់​ឲ្យ​ពួក​គេ​គោរព​ថ្ងៃ​ទី​ដប់‌បួន និង​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ផល្គុន ទុក​ជា​ថ្ងៃ​បុណ្យ​រៀង​រាល់​ឆ្នាំ​រហូត​ត​ទៅ 22ដ្បិត​ថ្ងៃ​នោះ ជន‌ជាតិ​យូដា​បាន​រំដោះ​ជីវិត​ខ្លួន​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​ខែ​នោះ ទុក្ខ​ព្រួយ​របស់​ពួក​គេ​បាន​ផ្លាស់​ប្រែ​ជា​អំណរ​សប្បាយ ការ​កាន់​ទុក្ខ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​រីក‌រាយ។ ពួក​គេ​ត្រូវ​ញែក​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​ជប់‌លៀង ជា​ថ្ងៃ​ដែល​ត្រូវ​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ចែក​ទាន​ដល់​ជន​ក្រីក្រ​ទៀត​ផង។ 23ជន‌ជាតិ​យូដា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ាដេ‌កាយ​បង្គាប់ ហើយ​ចាត់​ទុក​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នោះ ជា​បុណ្យ​ប្រពៃ‌ណី​ត​រៀង​មក 24 ដើម្បី​រំឭក​ពី​គ្រា​ដែល​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា គឺ​លោក​ហាម៉ាន​ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​រៀបចំ​គម្រោង‌ការ​ប្រល័យ​ពូជ‌សាសន៍​យូដា។ លោក​ហាម៉ាន​បាន​បោះ​ពួរីម ដើម្បី​ផ្សង​រក​មើល​ថ្ងៃ​ល្អ សម្រាប់​ធ្វើ​ទុក្ខ​ទោស និង​ប្រល័យ​ពូជ‌សាសន៍​យូដា។ 25ប៉ុន្តែ នៅ​ពេល​ព្រះ‌នាង​អេសធើរ​ចូល​គាល់​ព្រះ‌រាជា នោះ​ស្ដេច​បាន​ចេញ​បញ្ជា ដោយ​លាយ‌លក្ខណ៍​អក្សរ ឲ្យ​គេ​ព្យួរ-ក​លោក​ហាម៉ាន និង​កូនៗ​របស់​គាត់ គឺ​ទុក្ខ​ទោស​ដែល​គាត់​គ្រោង​ទុក​សម្រាប់​ជន‌ជាតិ​យូដា បាន​ធ្លាក់​មក​លើ​គាត់​វិញ។ 26ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ថ្ងៃ​នោះ​ថា ថ្ងៃ​បុណ្យ​ពួរីម តាម​ឈ្មោះ​ប្រដាប់​ផ្សង​ពួរីម។ ជន‌ជាតិ​យូដា​ប្រារព្ធ​បុណ្យ​នោះ ដើម្បី​រំឭក​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង ដូច​មាន​ចែង​ទុក​ក្នុង​លិខិត​របស់​លោក​ម៉ាដេ‌កាយ ហើយ​ពួក​គេ​ក៏​បាន​ឃើញ ព្រម​ទាំង​ជួប​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ដែរ។ 27ជន‌ជាតិ​យូដា​យក​ព្រឹត្តិ‌ការណ៍​នោះ​ធ្វើ​ជា​បុណ្យ​ប្រពៃ‌ណី ដែល​ពួក​គេ ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​ចូល​សាសន៍​យូដា ត្រូវ​តែ​នាំ​គ្នា​ប្រារព្ធ​ឥត​ប្រែ‌ប្រួល​បាន​ឡើយ គឺ​រៀង​រាល់​ឆ្នាំ គេ​ប្រារព្ធ​ពិធី​បុណ្យ​ទាំង​ពីរ​ថ្ងៃ​នោះ តាម​ពេល​កំណត់ និង​តាម​របៀប​ដែល​លោក​ម៉ាដេ‌កាយ​បាន​បង្គាប់។ 28ពួក​គេ​នាំ​គ្នា​រំឭក និង​ប្រារព្ធ​ថ្ងៃ​បុណ្យ​នេះ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ តាម​ក្រុម​គ្រួសារ តាម​ស្រុក និង​តាម​ក្រុង​នានា។ ជន‌ជាតិ​យូដា​ធ្វើ​ពិធី​បុណ្យ​ពួរីម​នេះ ដោយ​ខាន​មិន​បាន ដើម្បី​ឲ្យ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ ចង​ចាំ​ពី​ព្រឹត្តិ‌ការណ៍​នោះ​ជានិច្ច។
29ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​លោក​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។ 30គេ​បាន​ផ្ញើ​លិខិត​នេះ​ទៅ​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​តាម​អាណា‌ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​របស់​ព្រះចៅ​អហា‌ស៊ូរុស ព្រម​ទាំង​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ផង។ 31ជន‌ជាតិ​យូដា និង​ពូជ‌ពង្ស​របស់​គេ ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ពួរីម ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា និង​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​បាន​បង្គាប់ តាម​ថ្ងៃ​កំណត់ ដូច​ប្រារព្ធ​ពិធី​តម​អាហារ និង​បុណ្យ​ជយ‌ឃោស​ដែរ។ 32រាជ​បញ្ជា​របស់​ព្រះ‌នាង​អេសធើរ​ជា​មូល‌ដ្ឋាន​នៃ​ពិធី​បុណ្យ​ពួរីម ហើយ​គេ​ក៏​បាន​ចង​ក្រង​ទុក​ក្នុង​កណ្ឌ​គម្ពីរ​នេះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in