លោកុប្បត្តិ 36
36
លោកអេសាវតាំងទីលំនៅនៅស្រុកអេដុម
1នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ពោលគឺលោកអេដុម។ 2 លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី 3 និងនាងបាសម៉ាត ជាកូនរបស់លោកអ៊ីស្មាអែល គឺប្អូនស្រីរបស់លោកណេបាយ៉ុត។ 4នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល 5ហើយនាងអហូលីបាម៉ាបង្កើតបានយេអ៊ូស យ៉ាឡាម និងកូរេ។ អ្នកទាំងនេះជាកូនរបស់លោកអេសាវ ដែលកើតនៅស្រុកកាណាន។
6លោកអេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបម្រើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោករកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីលោកយ៉ាកុបជាប្អូនរបស់លោក 7ដ្បិតលោកទាំងពីរមានទ្រព្យសម្បត្តិច្រើនពេក ពុំអាចរស់នៅជាមួយគ្នាបានឡើយ។ រីឯស្រុកដែលលោកទាំងពីររស់នៅនោះ ក៏ពុំមានលទ្ធភាពល្មម សម្រាប់ឲ្យហ្វូងសត្វរបស់លោកទាំងពីរនៅជាមួយគ្នាបានដែរ។ 8លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។
ពូជពង្សរបស់លោកអេសាវ
9នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ 10កូនចៅរបស់លោកអេសាវមានឈ្មោះដូចតទៅ៖ អេលីផាសជាកូនរបស់នាងអដា ភរិយារបស់លោកអេសាវ។ រេហួលជាកូនរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
11កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស។ 12អេលីផាសជាកូនរបស់លោកអេសាវ មានប្រពន្ធចុងឈ្មោះ នាងធីមណា នាងបង្កើតបានកូនឈ្មោះអាម៉ាឡេក។ អ្នកទាំងនេះជាកូនចៅរបស់នាងអដា ភរិយារបស់លោកអេសាវ។
13កូនចៅរបស់រេហួលគឺ ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះជាកូនចៅរបស់នាងបាសម៉ាត ភរិយារបស់លោកអេសាវ។
14កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។
15រីឯមេកន្ទ្រាញរបស់កូនចៅលោកអេសាវមានរាយនាមដូចតទៅនេះ: មេកន្ទ្រាញដែលនៅក្នុងអំបូរអេលីផាស ជាកូនច្បងរបស់លោកអេសាវ មានលោកថេម៉ាន លោកអូម៉ារ លោកសេផូ លោកកេណាស 16លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។ 17រីឯមេកន្ទ្រាញនៃកូនចៅរបស់លោករេហួល ដែលត្រូវជាកូនរបស់លោកអេសាវ មានលោកណាហាត់ លោកសេរ៉ាស លោកសាំម៉ា លោកមីសសា។ អ្នកទាំងនេះជាមេកន្ទ្រាញនៃអំបូររេហួល នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងបាសម៉ាត ជាភរិយារបស់លោកអេសាវ។ 18មេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ដែលត្រូវជាភរិយារបស់លោកអេសាវ មានលោកយេអ៊ូស លោកយ៉ាឡាម និងលោកកូរេ។ អ្នកទាំងនេះជាមេកន្ទ្រាញនៃកូនចៅរបស់នាងអហូលីបាម៉ា ជាភរិយារបស់លោកអេសាវ និងជាកូនរបស់លោកអណា។
19អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកអេសាវ ហើយជាមេកន្ទ្រាញ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។
20រីឯកូនចៅរបស់លោកសៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា 21ឌីសុន អេស៊ើរ និងឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញជនជាតិហូរី កូនរបស់លោកសៀរ នៅស្រុកអេដុម។ 22កូនចៅរបស់ឡូថាន មាន ហូរី និងហេម៉ាម។ ប្អូនស្រីរបស់ឡូថាន ឈ្មោះនាងធីមណា។ 23រីឯកូនចៅរបស់សូបាល មានឈ្មោះដូចតទៅ: អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាំ។ 24រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។ 25កូនចៅរបស់លោកអណាមាន ឌីសុន និងនាងអហូលីបាម៉ា។ 26កូនចៅរបស់ឌីសុនមានឈ្មោះដូចតទៅ: ហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 27កូនចៅរបស់អេស៊ើរមានឈ្មោះដូចតទៅ: ប៊ីលហាន សាវ៉ាន និងយ៉ាកាន។ 28កូនចៅរបស់ឌីសានមាន អ៊ូស និងអរ៉ាន។
29រីឯមេកន្ទ្រាញរបស់ជនជាតិហូរីមានឈ្មោះដូចតទៅ: លោកឡូថាន លោកសូបាល លោកស៊ីបៀន លោកអណា 30លោកឌីសុន លោកអេស៊ើរ និងលោកឌីសាន។ អ្នកទាំងនេះជាមេកន្ទ្រាញរបស់ជនជាតិហូរី នៅស្រុកសៀរ។
31មុនពេលមានស្ដេចគ្រងរាជ្យនៅស្រុកអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមាននាមដូចតទៅ 32ព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានគ្រងរាជ្យនៅក្រុងឌីនហាបា ក្នុងស្រុកអេដុម។ 33លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។ 34ព្រះបាទយ៉ូបាបសោយទិវង្គតទៅ ព្រះបាទហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស 35ព្រះបាទហ៊ូសាំសោយទិវង្គតទៅ ព្រះបាទហាដាឌ ជាបុត្ររបស់លោកបេដាឌ មកពីក្រុងអាវីត បានឡើងគ្រងរាជ្យជំនួស។ គឺស្ដេចនេះហើយដែលបានវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ 36ព្រះបាទហាដាឌសោយទិវង្គតទៅ ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងគ្រងរាជ្យជំនួស។ 37ព្រះបាទសាំឡាសោយទិវង្គតទៅ ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ បានឡើងគ្រងរាជ្យជំនួស។ 38ព្រះបាទសូលសោយទិវង្គតទៅ ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ បានឡើងគ្រងរាជ្យជំនួស។ 39ព្រះបាទបាលហាណាន់ ជាបុត្ររបស់លោកអកបោរ សោយទិវង្គតទៅ ព្រះបាទហាដារ ជាអ្នកក្រុងប៉ាវ បានឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរេឌ និងជាចៅរបស់លោកម៉េសាហាប់។
40រីឯមេកន្ទ្រាញរបស់ជនជាតិអេសាវមានឈ្មោះតាមអំបូរ និងតាមទឹកដីដូចតទៅ: លោកធីមណា លោកអាលវ៉ា លោកយេថេត 41លោកអហូលីបាម៉ា លោកអេឡា លោកពីណូន 42លោកកេណាស លោកថេម៉ាន លោកមីបសារ 43លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ លោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។
Currently Selected:
លោកុប្បត្តិ 36: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.