លោកុប្បត្តិ 37
37
ប្រវត្តិរបស់លោកយ៉ូសែប
សុបិនរបស់លោកយ៉ូសែប
1លោកយ៉ាកុបបានតាំងទីលំនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានចូលស្នាក់នៅ។
2នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ 3លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះកូននេះបានកើតនៅពេលលោកមានវ័យចំណាស់ទៅហើយ។ លោកបានកាត់អាវបំពង់ដ៏ល្អប្រណីតមួយ ឲ្យយ៉ូសែបពាក់។ 4ដោយឃើញឪពុកស្រឡាញ់យ៉ូសែបខ្លាំងជាងពួកគេ ដូច្នេះ បងៗក៏នាំគ្នាស្អប់យ៉ូសែប រហូតដល់មិនអាចនិយាយជាមួយគាត់ ដោយពាក្យសម្ដីទន់ភ្លន់បានឡើយ។
5យ៉ូសែបបានយល់សប្តិ ហើយយកមកតំណាលប្រាប់បងៗ ជាហេតុធ្វើឲ្យគេរឹតតែស្អប់គាត់ថែមទៀត។ 6គាត់ប្រាប់ពួកគេថា៖ «សូមបងៗស្ដាប់សុបិនរបស់ខ្ញុំ 7គឺខ្ញុំបានយល់សប្តិឃើញយើងទាំងអស់គ្នាកំពុងតែចងកណ្ដាប់ស្រូវ នៅវាលស្រែ ពេលនោះ ស្រាប់តែកណ្ដាប់របស់ខ្ញុំងើបឈរឡើងយ៉ាងត្រង់ រីឯកណ្ដាប់របស់បងៗបានមកព័ទ្ធជុំវិញកណ្ដាប់ខ្ញុំ ហើយនាំគ្នាក្រាបថ្វាយបង្គំទៀតផង»។ 8បងៗពោលមកគាត់វិញថា៖ «តើឯងមានគំនិតចង់សោយរាជ្យលើយើងឬ? ឬមួយក៏ឯងមានគំនិតចង់ធ្វើជាម្ចាស់គ្រប់គ្រងលើយើង?»។ ពួកគេរឹតតែនាំគ្នាស្អប់គាត់ជាងមុនទៅទៀត ព្រោះតែសុបិនដែលគាត់យកមកតំណាលប្រាប់ពួកគេ។
9ក្រោយមក យ៉ូសែបយល់សប្តិម្ដងទៀត ហើយគាត់បានយកទៅនិយាយប្រាប់បងៗថា៖ «ខ្ញុំបានយល់សប្តិម្ដងទៀតដូចតទៅ គឺព្រះអាទិត្យ ព្រះចន្ទ និងផ្កាយដប់មួយ មកក្រាបថ្វាយបង្គំខ្ញុំ»។ 10គាត់បានតំណាលអំពីសុបិនប្រាប់ឪពុក ដូចបានប្រាប់បងៗ។ ឪពុកបន្ទោសគាត់ថា៖ «សប្តិរបស់កូនម្ដេចក៏អស្ចារ្យម៉្លេះ! តើម្ដាយបងៗ និងឪពុកផ្ទាល់ ត្រូវនាំគ្នាមកក្រាបថ្វាយបង្គំកូនឬ?»។ 11 បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
លោកយ៉ូសែបត្រូវគេចាប់យកទៅលក់
12នៅគ្រានោះ បងៗរបស់យ៉ូសែបបាននាំគ្នាចេញទៅឃ្វាលហ្វូងចៀមរបស់ឪពុក នៅស៊ីគែម។ 13លោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់កូនឃ្វាលចៀមនៅស៊ីគែម ពុកចង់ឲ្យកូនទៅសួរសុខទុក្ខពួកគេ»។ យ៉ូសែបតបថា៖ «បាទ កូនយល់ព្រមទៅ!»។ 14លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរកូនទៅមើលមើល៍ បងៗរបស់កូនសុខសប្បាយឬទេ ហើយហ្វូងចៀមបានសុខដែរឬយ៉ាងណា។ កាលបានដំណឹងហើយ ចូរកូនវិលមកប្រាប់ពុកវិញផង»។ លោកយ៉ាកុបក៏ចាត់យ៉ូសែប ពីជ្រលងភ្នំហេប្រូនឲ្យទៅស៊ីគែម។
15បុរសម្នាក់បានប្រទះឃើញយ៉ូសែបកំពុងតែដើរទៅដើរមកនៅតាមវាលដូច្នេះ ក៏សួរថា៖ «តើក្មួយមករកអ្វី?»។ 16គាត់ឆ្លើយថា៖ «ខ្ញុំមករកបងៗរបស់ខ្ញុំ សូមពូមេត្តាប្រាប់ខ្ញុំផងថា ពួកគាត់ឃ្វាលចៀមនៅកន្លែងណា»។ 17បុរសនោះតបថា៖ «ពួកគេបានចាកចេញពីទីនេះហើយ ព្រោះពូឮគេនិយាយគ្នាថា “តោ៎ះ! យើងទៅដូថាន”»។ យ៉ូសែបក៏តាមរកបងៗ ហើយបានជួបពួកគេនៅដូថាន។
18កាលគេបានឃើញយ៉ូសែបពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថានឹងសម្លាប់គាត់ចោល។ 19គេនិយាយគ្នាទៅវិញទៅមកថា«មើល៍! លោកគ្រូយល់សប្តិមកដល់ហើយ! 20យើងនាំគ្នាឆ្លៀតសម្លាប់វា យកទៅបោះចោលក្នុងអណ្ដូងណាមួយ រួចពោលថាមានសត្វសាហាវហែកវាស៊ី។ ធ្វើដូច្នេះ យើងមុខជាដឹងថាសុបិនរបស់វានឹងបានទៅជាយ៉ាងណា»។ 21ពេលលោករូបេនឮដូច្នោះ គាត់ចង់ជួយយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃពួកគេ។ គាត់ពោលថា៖ «កុំប្រហារជីវិតវាធ្វើអ្វី»។ 22លោករូបេនពោលថែមទៀតថា៖ «កុំបង្ហូរឈាមវាធ្វើអ្វី គឺគ្រាន់តែបោះវាទៅក្នុងអណ្ដូងនៅវាលរហោស្ថាននេះបានហើយ មិនបាច់សម្លាប់វាទេ»។ គាត់ពោលដូច្នេះ មកពីចង់រំដោះយ៉ូសែបឲ្យរួចពីកណ្ដាប់ដៃបងៗ ហើយនាំយកទៅជូនឪពុកវិញ។
23ពេលយ៉ូសែបដើរទៅដល់បងៗ គេនាំគ្នាដោះអាវបំពង់ដ៏ល្អប្រណីត ដែលគាត់ពាក់នោះចេញ។ 24គេចាប់គាត់បោះទៅក្នុងអណ្ដូង។ អណ្ដូងនោះរីង គ្មានទឹកទេ។
25បន្ទាប់មក គេអង្គុយបរិភោគអាហារ។ ពេលនោះ គេក្រឡេកទៅ ឃើញជនជាតិអ៊ីស្មាអែលមួយក្រុមជិះអូដ្ឋមកពីស្រុកកាឡាដ។ អ្នកទាំងនោះដឹកគ្រឿងក្រអូប ជ័រពិដោរ និងជ័រល្វីងទេស យកទៅស្រុកអេស៊ីប។ 26លោកយូដាពោលទៅកាន់បងប្អូនគាត់ថា៖ «បើយើងសម្លាប់ប្អូនយើងចោល តើបានចំណេញអ្វី នាំតែពិបាកលាក់ឃាតកម្មនេះថែមទៀត។ 27មក៍ យើងលក់វាឲ្យពួកអ៊ីស្មាអែលវិញ កុំសម្លាប់វាអី ព្រោះវាជាប្អូនរបស់យើង ជាសាច់ឈាមយើងដែរ»។ គេក៏ស្ដាប់តាមពាក្យគាត់។ 28 បន្ទាប់មក មានឈ្មួញជាតិម៉ាឌានមកដល់ ពួកគេក៏យកយ៉ូសែបចេញពីអណ្ដូង រួចលក់ទៅឲ្យជនជាតិអ៊ីស្មាអែល តម្លៃជាប្រាក់សុទ្ធម្ភៃស្លឹង។ ជនជាតិអ៊ីស្មាអែលនាំយ៉ូសែបទៅស្រុកអេស៊ីប។
29កាលលោករូបេនត្រឡប់មកដល់អណ្ដូងវិញ គាត់មិនឃើញយ៉ូសែបនៅក្នុងនោះទៀតទេ គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន 30រួចទៅជួបប្អូនៗប្រាប់ថា៖ «បាត់ក្មេងនោះហើយ! តើបងត្រូវធ្វើយ៉ាងណា?»។ 31គេក៏នាំគ្នាយកអាវបំពង់ដ៏ល្អប្រណីតរបស់យ៉ូសែបមក ហើយសម្លាប់ចៀមឈ្មោលមួយ រួចជ្រលក់អាវក្នុងឈាមវា។ 32បន្ទាប់មក គេផ្ញើអាវបំពង់ដ៏ល្អប្រណីតនោះទៅឪពុក ទាំងផ្ដាំថា៖ «ពួកកូនបានរកឃើញអាវនេះ សូមលោកឪពុកពិនិត្យមើល តើអាវនេះពិតជាអាវរបស់កូនលោកឪពុកមែន ឬមិនមែន?»។ 33លោកយ៉ាកុបស្គាល់អាវនោះ ក៏ពោលថា៖ «នេះពិតជាអាវរបស់កូនខ្ញុំមែន! មានសត្វសាហាវហែកវាស៊ីហើយ! យ៉ូសែបត្រូវសត្វហែកស៊ីអស់ហើយ!»។ 34លោកយ៉ាកុបបានហែកសម្លៀកបំពាក់របស់លោក និងយកបាវមកស្លៀក រួចលោកកាន់ទុក្ខកូនជាយូរថ្ងៃ។ 35កូនចៅរបស់លោកទាំងប្រុសទាំងស្រីនាំគ្នាមករំលែកទុក្ខលោក តែលោកមិនព្រមឲ្យនរណារំលែកទុក្ខលោកឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកមុខតែលាចាកលោកនេះ ទៅជួបមុខកូនប្រុសរបស់ពុក ទាំងកាន់ទុក្ខ!» ហើយលោកក៏យំអាឡោះអាល័យកូន។
36រីឯយ៉ូសែបវិញ ជនជាតិម៉ាឌានបានយកគាត់ទៅលក់នៅស្រុកអេស៊ីប គឺលក់ឲ្យមន្ត្រីរបស់ព្រះចៅផារ៉ោន ឈ្មោះប៉ូទីផារ ដែលជាមេបញ្ជាការកងរក្សាស្ដេច។
Currently Selected:
លោកុប្បត្តិ 37: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.