លោកុប្បត្តិ 40
40
លោកយ៉ូសែបកាត់សប្តិឲ្យអ្នកទោសពីរនាក់
1ក្រោយហេតុការណ៍ទាំងនោះ មានមន្ត្រីពីររូបបានប្រព្រឹត្តខុសចំពោះព្រះចៅអេស៊ីបជាម្ចាស់របស់ខ្លួន។ ម្នាក់ជាមហាតលិកដែលមាននាទីថ្វាយស្រា និងម្នាក់ទៀតមាននាទីថ្វាយនំប៉័ង។ 2ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងនោះជាខ្លាំង។ 3ស្ដេចក៏បញ្ជាឲ្យយកលោកទាំងពីរទៅឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាស្ដេច គឺក្នុងពន្ធនាគារដែលគេឃុំឃាំងលោកយ៉ូសែប។ 4មេបញ្ជាការប្រគល់លោកទាំងពីរឲ្យលោកយ៉ូសែបមើលខុសត្រូវ។
ក្រោយពីបានជាប់ឃុំឃាំងមួយរយៈមក 5មានយប់មួយ លោកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងដែលជាប់ឃុំឃាំងនោះ បានយល់សប្តិរៀងៗខ្លួន តែមានអត្ថន័យប្លែកៗពីគ្នា។ 6ព្រលឹមឡើង លោកយ៉ូសែបបានមកជួបលោកទាំងពីរ ឃើញគេស្រងូតស្រងាត់ 7លោកក៏សួរមហាតលិកទាំងពីររបស់ស្ដេចផារ៉ោន ដែលនៅជាប់ឃុំឃាំងជាមួយលោក ក្នុងពន្ធនាគារម្ចាស់របស់លោកថា៖ «ថ្ងៃនេះ ហេតុដូចម្ដេចបានជាអស់លោកមានទឹកមុខស្រងូតម៉្លេះ?»។ 8គេតបមកវិញថា៖ «យើងបានយល់សប្តិ តែគ្មាននរណាអាចជួយកាត់សប្តិនេះបានទេ»។ លោកយ៉ូសែបមានប្រសាសន៍ថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចកាត់សប្តិបាន! សូមរៀបរាប់ប្រាប់ខ្ញុំមក»។
9មហាតលិកដែលមាននាទីថ្វាយស្រាស្ដេច បានរៀបរាប់ប្រាប់លោកយ៉ូសែបអំពីសុបិនរបស់គាត់ ដូចតទៅ៖ «ខ្ញុំយល់សប្តិឃើញដើមទំពាំងបាយជូរមួយដើមនៅពីមុខខ្ញុំ។ 10ដើមទំពាំងបាយជូរនោះមានមែកបី មានពន្លកលេចចេញមក ផ្កាវាក៏លាស់ចេញមកដែរ ហើយមានផ្លែទុំផង។ 11ពេលនោះ ខ្ញុំកាន់ពែងរបស់ព្រះចៅផារ៉ោននៅដៃ ខ្ញុំក៏បេះផ្លែទំពាំងបាយជូរមកច្របាច់ដាក់ក្នុងពែង រួចថ្វាយពែងនោះទៅព្រះចៅផារ៉ោន»។ 12លោកយ៉ូសែបមានប្រសាសន៍ទៅគាត់ថា៖ «សុបិនរបស់លោកមានន័យដូចតទៅនេះ: មែកទាំងបី គឺបីថ្ងៃ។ 13បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។ 14ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង 15ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេប្រឺមក ហើយនៅទីនេះ ខ្ញុំពុំបានធ្វើអ្វីខុសគួរឲ្យគេយកមកឃុំឃាំងដូច្នេះឡើយ»។
16មហាតលិកដែលមាននាទីថ្វាយនំប៉័ង ឃើញលោកយ៉ូសែបកាត់សប្តិឲ្យមហាតលិកម្នាក់ទៀតល្អគួរឲ្យពេញចិត្ត គាត់ក៏ពោលទៅកាន់លោកយ៉ូសែបថា៖ «រីឯខ្ញុំវិញ ក្នុងសប្តិនោះ ខ្ញុំឃើញនំបីកញ្ច្រែងនៅលើក្បាលរបស់ខ្ញុំ។ 17នៅក្នុងកញ្ច្រែងខាងលើបង្អស់ មាននំគ្រប់មុខ ដែលព្រះចៅផារ៉ោនធ្លាប់សោយ។ ក៏ប៉ុន្តែមានសត្វស្លាបមកចឹកស៊ីនំក្នុងកញ្ច្រែងលើក្បាលខ្ញុំនោះអស់ទៅ»។ 18លោកយ៉ូសែបតបវិញថា៖ «សុបិនរបស់លោកមានន័យដូចតទៅ កញ្ច្រែងទាំងបី គឺបីថ្ងៃ។ 19នៅបីថ្ងៃទៀត ព្រះចៅផារ៉ោននឹងយកក្បាលលោកចេញពីខ្លួន គេយកលោកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់លោក»។
20បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះចៅផារ៉ោន ស្ដេចបានជប់លៀងក្រុមមន្ត្រីរបស់ស្ដេច។ ពេលនោះ ស្ដេចបានឲ្យគេដោះលែងមហាតលិកទាំងពីរនៅមុខមន្ត្រីទាំងអស់។ 21ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រាឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ 22ប៉ុន្តែ ស្ដេចបញ្ជាឲ្យគេយកមហាតលិកថ្វាយនំប៉័ងទៅព្យួរ-ក ស្របតាមពាក្យដែលលោកយ៉ូសែបបកស្រាយប្រាប់។
23រីឯមហាតលិកដែលមាននាទីថ្វាយស្រាមិនបាននឹកនាដល់លោកយ៉ូសែបទេ គាត់ភ្លេចសូន្យឈឹង។
Currently Selected:
លោកុប្បត្តិ 40: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.