លោកុប្បត្តិ 42
42
លោកយ៉ាកុបចាត់កូនឲ្យទៅស្រុកអេស៊ីប
1នៅគ្រានោះ លោកយ៉ាកុបបានឮដំណឹងថាមានស្រូវនៅស្រុកអេស៊ីប លោកក៏មានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ 2 លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីប រកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។ 3បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប 4តែលោកយ៉ាកុបពុំបានចាត់បេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ឲ្យទៅជាមួយបងៗឡើយ ព្រោះលោកគិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។ 5កូនៗរបស់លោកអ៊ីស្រាអែលបាននាំគ្នាមកទិញស្រូវ ដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ 6នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់គ្រងលើស្រុកអេស៊ីប ហើយលោកចាត់ចែងលក់ស្រូវឲ្យអ្នកស្រុកនោះទាំងមូល។ បងៗរបស់លោកនាំគ្នាមកក្រាបថ្វាយបង្គំលោក ឱនមុខចុះដល់ដី។ 7កាលលោកយ៉ូសែបឃើញបងៗ លោកស្គាល់ភ្លាម តែលោកមិនបានធ្វើឲ្យគេស្គាល់វិញទេ។ លោកមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?»។ គេតបថា៖ «យើងខ្ញុំប្របាទមកពីស្រុកកាណាន រកទិញស្បៀងអាហារ»។ 8លោកយ៉ូសែបស្គាល់បងៗ តែពួកគេមិនបានស្គាល់លោកទេ។ 9 ពេលនោះ លោកយ៉ូសែបនឹកឃើញសុបិនរបស់លោកស្ដីអំពីបងៗថ្វាយបង្គំលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។ 10ពួកគេតបវិញថា៖ «ប្របាទទេ លោកម្ចាស់! យើងខ្ញុំមកនេះ ដើម្បីសុំទិញស្បៀងទេតើ។ 11យើងខ្ញុំទាំងអស់គ្នាជាបងប្អូនបង្កើត មានឪពុកតែមួយ យើងខ្ញុំប្របាទសុទ្ធតែជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ»។ 12លោកយ៉ូសែបតបថា៖ «មិនពិតទេ! ពួកឯងមកទីនេះក្នុងគោលបំណងរកមើលកន្លែង ដែលគ្មានទីតាំងមាំទាំ»។ 13ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំប្របាទមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយ នៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ 14លោកយ៉ូសែបមានប្រសាសន៍ថា៖ «ឃើញទេ ពិតដូចពាក្យខ្ញុំថាមែន គឺឯងរាល់គ្នាជាអ្នកស៊ើបការណ៍! 15ខ្ញុំត្រូវតែលមើលចិត្តរបស់ពួកឯង។ ដរាបណាព្រះចៅផារ៉ោននៅមានព្រះជន្ម ឯងរាល់គ្នានឹងមិនចាកចេញពីទីនេះជាដាច់ខាត លើកលែងតែប្អូនពៅរបស់ឯងរាល់គ្នាមកដល់ទីនេះ! 16ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅហៅប្អូនពៅពួកឯងមក រីឯឯងរាល់គ្នាត្រូវនៅជាប់គុកសិន។ ធ្វើដូច្នេះ យើងនឹងដឹងថាពាក្យដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងមុខជាដឹងថា ឯងរាល់គ្នាជាអ្នកស៊ើបការណ៍មែន។ សូមព្រះចៅផារ៉ោនធ្វើជាសាក្សី!»។ 17បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគេឃុំឃាំងបងៗ អស់រយៈពេលបីថ្ងៃ។ 18នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅបងៗថា៖ «ខ្ញុំជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ បើពួកឯងចង់បានរួចជីវិត ត្រូវធ្វើដូចតទៅ: 19ប្រសិនបើឯងរាល់គ្នាពិតជាមនុស្សទៀងត្រង់មែន ត្រូវទុកនរណាម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យជាប់ឃុំឃាំងនៅទីនេះសិន រីឯអ្នកឯទៀតៗត្រូវវិលត្រឡប់ទៅស្រុកវិញ ដោយយកស្បៀងអាហារទៅឲ្យក្រុមគ្រួសារ ដែលកំពុងតែអត់ឃ្លាននោះចុះ។ 20បន្ទាប់មក ត្រូវនាំប្អូនរបស់ឯងរាល់គ្នាមកជួបខ្ញុំ ដើម្បីបញ្ជាក់មើលពាក្យដែលឯងរាល់គ្នានិយាយ។ ដូច្នេះ ឯងរាល់គ្នាមិនត្រូវបាត់បង់ជីវិតឡើយ»។ 21គេក៏យល់ស្របធ្វើតាម ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «ឃើញទេ យើងបានប្រព្រឹត្តខុសចំពោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខលំបាករបស់វា នៅពេលដែលវាទទូចអង្វរយើង តែយើងពុំបានស្ដាប់វាទេ។ ហេតុនេះហើយបានជាយើងកើតទុក្ខលំបាកដូច្នោះដែរ»។ 22 លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្ដាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។ 23ពួកគេពុំដឹងថា លោកយ៉ូសែបស្ដាប់បានទាំងអស់ទេ ដ្បិតពេលលោកនិយាយជាមួយពួកគេ មានអ្នកបកប្រែជូន។ 24លោកយ៉ូសែបចេញពីពួកគេបន្តិច ដើម្បីទៅពួនយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយ៉ូសែបបានយកលោកស៊ីម្មានចេញពីចំណោមបងៗ ទៅដាក់គុកនៅមុខពួកគេទាំងអស់គ្នា។ 25លោកយ៉ូសែបបញ្ជាអ្នកបម្រើឲ្យច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់ទៅក្នុងថង់របស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងសម្រាប់បរិភោគតាមផ្លូវទៀតផង។ លោកប្រព្រឹត្តដូច្នេះចំពោះបងៗ។ 26ពួកបងៗក៏នាំគ្នាលើកស្រូវដាក់លើខ្នងលា រួចចេញដំណើរពីទីនោះទៅ។ 27លុះទៅដល់កន្លែងឈប់សម្រាកនៅតាមផ្លូវ មានពួកគេម្នាក់ស្រាយបាវ យកស្មៅឲ្យលាស៊ី ហើយឃើញប្រាក់របស់ខ្លួននៅមាត់បាវ។ 28គាត់ក៏ប្រាប់បងប្អូនថា៖ «គេសងប្រាក់ខ្ញុំវិញហើយ មើលនែ៎ ប្រាក់ខ្ញុំនៅក្នុងបាវ!»។ ពេលនោះ គេភាំងស្មារតី តក់ស្លុតជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «មិនដឹងជាព្រះជាម្ចាស់ចង់ធ្វើយ៉ាងណាចំពោះយើងទេ!»។
29ពេលពួកគេបានទៅជួបជុំនឹងលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ គេក៏រៀបរាប់ប្រាប់លោកនូវហេតុការណ៍ទាំងអស់ ដែលកើតមានដល់ពួកគេ។ 30ពួកគេជម្រាបឪពុកថា៖ «លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបបាននិយាយមកពួកកូនយ៉ាងតឹងរ៉ឹង ព្រមទាំងចោទពួកកូនថា ជាអ្នកស៊ើបការណ៍ទៀតផង។ 31ពួកកូនបានឆ្លើយវិញថា “យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំមិនមែនជាអ្នកស៊ើបការណ៍ទេ។ 32យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ឪពុកតែមួយ ប្អូនយើងខ្ញុំម្នាក់បានស្លាប់បាត់ទៅហើយ រីឯប្អូនពៅនៅជាមួយឪពុក នៅស្រុកកាណាន”។ 33លោកដែលគ្រប់គ្រងលើស្រុកអេស៊ីបនោះ មានប្រសាសន៍មកពួកកូនវិញថា “តោងធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំដឹងថា ឯងរាល់គ្នាពិតជានិយាយត្រង់មែនឬយ៉ាងណា គឺទុកម្នាក់ឲ្យនៅទីនេះជាមួយខ្ញុំសិន ហើយអ្នកឯទៀតៗយកស្រូវតាមសេចក្ដីត្រូវការរបស់គ្រួសារ ដែលកំពុងអត់ឃ្លាន 34រួចនាំគ្នាទៅចុះ។ បន្ទាប់មក ចូរនាំប្អូនពៅមកជួបខ្ញុំ។ ដូច្នេះ ខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ តែជាមនុស្សទៀងត្រង់។ បន្ទាប់មក ខ្ញុំនឹងដោះលែងអ្នកដែលជាប់ឃុំឃាំងនៅទីនេះ ហើយអ្នករាល់គ្នាអាចរកស៊ីលក់ដូរនៅស្រុកនេះបាន”»។
35ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ 36លោកយ៉ាកុប ជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយ៉ូសែបក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។ 37លោករូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។ 38លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
Currently Selected:
លោកុប្បត្តិ 42: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.