លោកុប្បត្តិ 43
43
លោកបេនយ៉ាមីនទៅស្រុកអេស៊ីបជាមួយបងៗ
1ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ 2កាលបរិភោគស្រូវដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកូនៗថា៖ «ចូរកូននាំគ្នាវិលទៅរកទិញស្បៀងអាហារខ្លះពីស្រុកអេស៊ីបមក»។ 3លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។ 4ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ 5ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ 6លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ 7ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន ឲ្យនិយាយរៀបរាប់អំពីពួកកូន និងអំពីញាតិសន្ដានរបស់យើងថា “ឪពុកអ្នករាល់គ្នានៅរស់ឬទេ? តើអ្នករាល់គ្នាមានប្អូនទេ?” ពួកកូនត្រូវតែឆ្លើយនឹងសំនួររបស់លោក។ ពួកកូនមិននឹកស្មានថា លោកនឹងប្រាប់ឲ្យយើងនាំប្អូនទៅស្រុកអេស៊ីបដូច្នេះឡើយ»។ 8លោកយូដាជម្រាបលោកអ៊ីស្រាអែល ជាឪពុកថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យអាពៅទៅជាមួយកូនចុះ។ យើងត្រូវតែរៀបចំខ្លួនចេញទៅ ដើម្បីកុំឲ្យយើងស្លាប់ គឺឲ្យយើងបានរួចជីវិត ទាំងលោកឪពុក ទាំងចៅៗ និងពួកកូនផ្ទាល់។ 9កូននឹងធានាមើលថែរក្សាវា កូនសូមរ៉ាប់រងទាំងអស់ ប្រសិនបើកូនមិនយកវាមកឲ្យលោកឪពុកឃើញមុខទេនោះ កូននឹងមានទោសចំពោះលោកឪពុកអស់មួយជីវិត។ 10មួយវិញទៀត ប្រសិនបើយើងមិនពន្យារពេលទេនោះ ម៉្លេះសមយើងត្រឡប់មកវិញពីរដងរួចទៅហើយ»។ 11លោកអ៊ីស្រាអែលជាឪពុកមានប្រសាសន៍ទៅគេថា៖ «បើដូច្នោះ ចូរកូននាំគ្នាទៅចុះ! ចូរយកភោគផលពីស្រុកយើងទៅជូនលោកនោះផង គឺយកជ័រពិដោរបន្តិច ទឹកឃ្មុំបន្តិច គ្រឿងក្រអូបខ្លះ ជ័រល្វីងទេសខ្លះ ព្រមទាំងយកគ្រាប់សណ្ដែក និងគ្រាប់ស្វាយចន្ទីទៅជាមួយផង។ 12ចូរយកប្រាក់ទៅជាមួយពីរដងច្រើនជាងមុន គឺយកប្រាក់ដែលពួកកូនបានឃើញនៅក្នុងបាវស្រូវនោះទៅផង ប្រហែលមកពីគេដាក់ច្រឡំ។ 13ចូរយកប្អូន ហើយនាំគ្នាវិលទៅជួបលោកនោះទៅ។ 14សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតប្រទានឲ្យលោកនោះ មានចិត្តអាណិតមេត្តាដល់កូនទាំងអស់គ្នា ព្រមទាំងអនុញ្ញាតឲ្យស៊ីម្មាន និងបេនយ៉ាមីនវិលត្រឡប់មកវិញជាមួយកូនៗផង។ ចំណែកឯពុក បើសិនជាពុកត្រូវបែកពីកូនដូច្នេះ ឲ្យពុកគ្រាំគ្រាទៅចុះ!»។
លោកយ៉ូសែបជួបបងប្អូនជាលើកទីពីរ
15កូនៗរបស់លោកយ៉ាកុបបាននាំគ្នាយកជំនូន យកប្រាក់មួយជាទ្វេ ព្រមទាំងយកបេនយ៉ាមីន ចេញដំណើរឆ្ពោះទៅស្រុកអេស៊ីប ហើយចូលជួបលោកយ៉ូសែប។ 16កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយបងៗ លោកក៏ប្រាប់អ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វធ្វើម្ហូបទៅ ដ្បិតអ្នកទាំងនោះនឹងបរិភោគអាហារថ្ងៃត្រង់រួមជាមួយខ្ញុំ»។ 17បុរសនោះធ្វើតាមពាក្យលោកយ៉ូសែបបង្គាប់ រួចនាំពួកគេចូលទៅក្នុងផ្ទះ។ 18កាលបងប្អូនរបស់លោកយ៉ូសែបឃើញគេនាំខ្លួនចូលទៅក្នុងផ្ទះដូច្នេះ ពួកគេតក់ស្លុតជាខ្លាំង ក៏និយាយថា៖ «គេបញ្ជូនយើងមកទីនេះ ព្រោះតែប្រាក់នៅក្នុងបាវ កាលពីលើកមុននោះហើយ។ គេនាំទាំងយើង ទាំងលារបស់យើងមកដូច្នេះ ព្រោះគេចង់ចាប់យើងធ្វើទោស និងយកយើងធ្វើជាទាសករទៀតផង!»។ 19ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់លោកយ៉ូសែប ហើយពោលទៅគាត់ថា៖ 20«សូមទោសលោកម្ចាស់ យើងខ្ញុំធ្លាប់មករកទិញស្បៀងនៅទីនេះម្ដងរួចមកហើយ។ 21ប៉ុន្តែ ពេលទៅដល់កន្លែងសម្រាក យើងខ្ញុំស្រាយបាវ ក៏ឃើញប្រាក់រៀងៗខ្លួននៅក្នុងនោះ គ្រប់ចំនួន។ យើងខ្ញុំបានយកប្រាក់នេះមកជូនវិញ 22ហើយយើងខ្ញុំក៏បានយកប្រាក់ផ្សេងទៀតមកជាមួយដែរ ដើម្បីសុំទិញស្បៀងអាហារ។ យើងខ្ញុំពុំដឹងថា នរណាបានដាក់ប្រាក់នេះ ក្នុងបាវស្រូវរបស់យើងខ្ញុំឡើយ»។ 23បុរសនោះតបវិញថា៖ «កុំព្រួយបារម្ភ ហើយកុំភ័យខ្លាចធ្វើអ្វី! គឺព្រះរបស់អ្នករាល់គ្នា ជាព្រះនៃឪពុករបស់អ្នករាល់គ្នាទេតើ ដែលបានដាក់ប្រាក់ទៅក្នុងបាវនោះ។ រីឯប្រាក់ថ្លៃស្រូវ ខ្ញុំបានទទួលគ្រប់អស់ហើយ»។ បន្ទាប់មក គាត់ដោះលែងស៊ីម្មានឲ្យជួបជុំនឹងពួកគេវិញដែរ។ 24បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។ 25ក្នុងពេលរង់ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់នោះ ពួកគេបានរៀបចំជំនូនសម្រាប់លោកយ៉ូសែប ដ្បិតពួកគេឮដំណឹងថា ពួកគេនឹងពិសាបាយនៅទីនេះ។
26ពេលលោកយ៉ូសែបមកដល់ផ្ទះវិញ បងៗក៏នាំគ្នាយកជំនូនមកជូនលោក ហើយក្រាបដល់ដីថ្វាយបង្គំលោក។ 27លោកសួរសុខទុក្ខពួកគេ ហើយមានប្រសាសន៍ថា៖ «ពីមុន អ្នករាល់គ្នាប្រាប់ខ្ញុំថាមានឪពុកចាស់ហើយ តើគាត់សុខសប្បាយជាទេ? គាត់នៅរស់ទេឬ?» 28ពួកគេតបថា៖ «ប្របាទលោកម្ចាស់ ឪពុករបស់យើងខ្ញុំនៅរស់នៅឡើយទេ ហើយគាត់ក៏សុខសប្បាយដែរ»។ ពោលដូច្នោះរួចហើយ គេនាំគ្នាឱនកាយក្រាបថ្វាយបង្គំលោក។ 29លោកយ៉ូសែបសម្លឹងមើលទៅឃើញបេនយ៉ាមីន ជាប្អូនពោះមួយរបស់លោក លោកសួរថា៖ «តើអ្នកនេះត្រូវជាប្អូនប្រុស ដែលអ្នករាល់គ្នាបានតំណាលប្រាប់ខ្ញុំនោះមែនឬ?» រួចលោកបន្ថែមថា៖ «សូមព្រះជាម្ចាស់ប្រណីសន្តោសដល់អ្នក!»។ 30ពេលលោកយ៉ូសែបឃើញប្អូន លោកអួលដើមក លោកក៏ចូលទៅយំនៅក្នុងបន្ទប់ ព្រោះទប់ទឹកភ្នែកពុំបាន។ 31ក្រោយលុបលាងមុខរួចហើយ លោកក៏ចេញមកវិញ ទាំងខំប្រឹងទប់ចិត្តឲ្យស្ងប់ ហើយប្រាប់គេឲ្យលើកម្ហូបអាហារមក។ 32គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។ 33បងប្អូនរបស់លោកយ៉ូសែបអង្គុយបរិភោគ នៅទល់មុខលោក តាមលំដាប់លំដោយអាយុរបស់គេ គឺចាប់តាំងពីអ្នកចាស់ជាងគេរហូតដល់អ្នកក្មេងជាងគេ ម្នាក់ៗចេះតែសម្លឹងមុខគ្នាទៅវិញទៅមក ទាំងងឿងឆ្ងល់យ៉ាងខ្លាំង។ 34លោកយ៉ូសែបឲ្យអ្នកបម្រើយកម្ហូបអាហារពីតុរបស់លោកទៅជូនបងប្អូន បេនយ៉ាមីនទទួលប្រាំដងច្រើនជាងបងៗទាំងអស់សរុបគ្នា។ ពួកគេក៏ផឹកស្រាយ៉ាងច្រើនជាមួយលោកយ៉ូសែបដែរ។
Currently Selected:
លោកុប្បត្តិ 43: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.