ហេប្រឺ 9
9
ការគោរពថ្វាយបង្គំព្រះជាម្ចាស់តាមរបៀបចាស់ និងតាមរបៀបថ្មី
1ក្នុងសម្ពន្ធមេត្រីទីមួយមានក្បួនផ្សេងៗសម្រាប់គោរពបម្រើព្រះជាម្ចាស់ និងមានទីសក្ការៈនៅលើផែនដីនេះ 2 ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំប៉័ងតង្វាយ។ 3 បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។ 4 នៅទីនោះ មានភាជន៍មួយធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធមេត្រី ស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុនដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ 5 នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន* ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់ ។ ប៉ុន្តែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់នៅពេលនេះទេ។ 6 អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ 7 រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបាន មួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។ 8ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ*បង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។ 9នេះហើយជានិមិត្តរូបសម្រាប់បច្ចុប្បន្នកាល គឺមានន័យថា តង្វាយ និងយញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈឡើយ។ 10ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។
11រីឯព្រះគ្រិស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ 12ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ 13 ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ 14ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
15ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រិស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
16ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះស្លាប់ទៅហើយ 17ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់ គេពុំអាចអនុវត្តតាមពាក្យបណ្ដាំនោះឡើយ។ 18ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុនក៏ចាប់ផ្ដើមយកជាការបាន ទាល់តែមានការបង្ហូរឈាម។ 19 ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ* ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុប មកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងមូល 20លោកមានប្រសាសន៍ថាៈ«នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម» ។ 21 បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។ 22 តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
ព្រះគ្រិស្តជាយញ្ញបូជារំដោះបាប
23អ្វីៗដែលគ្រាន់តែជាតំណាងតាមគំរូនៅស្ថានបរមសុខ* បានបរិសុទ្ធ* ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀត ទើបបានបរិសុទ្ធ។ 24ព្រះគ្រិស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ 25ព្រះគ្រិស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ* ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ 26បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ 27មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា 28 ព្រះគ្រិស្តក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។
Currently Selected:
ហេប្រឺ 9: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.