អេសាយ 33
33
ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
1អ្នកបានបំផ្លាញអ្នកដទៃ
តែគ្មាននរណាបំផ្លាញអ្នកវិញ
អ្នកមុខជាត្រូវវេទនាពុំខាន!
អ្នកបានក្បត់អ្នកដទៃ
តែគ្មាននរណាក្បត់អ្នកវិញទេ។
ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ
នោះនឹងមានគេបំផ្លាញអ្នកវិញ
ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ
នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
2ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង
យើងខ្ញុំសង្ឃឹមលើព្រះអង្គហើយ
រៀងរាល់ព្រឹក
សូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។
នៅពេលមានអាសន្ន
សូមសង្គ្រោះយើងខ្ញុំផង!
3ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក
របស់ព្រះអង្គ គេនាំគ្នារត់ចេញទៅ
ពេលព្រះអង្គក្រោកឡើង
ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
4ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប
នាំគ្នាប្រមូលយកជយភណ្ឌ
គេលើកគ្នាដូចស្រមោច
ទៅដណ្ដើមយកជយភណ្ឌនោះ។
5មនុស្សម្នាលើកតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូន
មានពោរពេញដោយ
សេចក្ដីសុចរិត និងយុត្តិធម៌។
6ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។
ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់
នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នក
ហើយការគោរពកោតខ្លាចព្រះអម្ចាស់
ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
7នៅគ្រានោះ អ្នកក្រុងអើរាល
ស្រែកតាមផ្លូវ រកគេជួយ
រីឯអ្នកដែលទៅចចាររកសន្តិភាព
បែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។
8ផ្លូវនានាស្ងាត់ជ្រងំ
ឥតមាននរណាដើរកាត់តាមនោះទៀតទេ
គូភាគីលែងគោរពសន្ធិសញ្ញា
គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ
គឺគេមិនគោរពនរណាទាំងអស់។
9ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ
ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ
ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ
វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង
ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន
ព្រៃឈើទៀតហើយ។
10 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឥឡូវនេះ យើងក្រោកឡើង
យើងត្រូវងើបឡើង
ដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។
11គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង
ពេលណាសម្រេចជារូបរាងឡើង
អ្នករាល់គ្នានឹងឃើញមានតែ
កម្ទេចសំរាមប៉ុណ្ណោះ
ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង
ដែលឆេះបំផ្លាញអ្នករាល់គ្នា។
12ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ
និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។
13អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ
ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ!
អ្នករាល់គ្នាដែលនៅជិតៗនេះអើយ
ចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង!
14នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់
ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា:
“ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ
ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន?
តើនរណាអាចរស់នៅក្បែរគុកភ្លើង
ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
15មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត
និងអ្នកនិយាយការពិត
ទើបអាចនៅក្បែរបាន
គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកម្រៃ
អ្នកមិនព្រមទទួលសំណូក
អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ
គេបបួលទៅប្រហារជីវិតអ្នកដទៃ
អ្នកមិនចង់ឃើញអំពើអាក្រក់។
16មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ
គេនឹងមានថ្មដាដ៏រឹងមាំជាជម្រក
គេនឹងមានអាហារ មានទឹកគ្រប់គ្រាន់
ឥតខ្វះអ្វីឡើយ។
17ពេលនោះ អ្នកនឹងឃើញព្រះមហាក្សត្រ
ប្រកបដោយភាពថ្កុំថ្កើង
អ្នកនឹងឃើញស្រុកទេសរបស់អ្នក
មានទឹកដីធំល្វឹងល្វើយ។
18អ្នកនឹកដល់អតីតកាល
ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា:
“តើពួកត្រួតត្រា ពួកទារពន្ធ
និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង
ទៅណាបាត់អស់ហើយ?”។
19អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់
ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន
គួរឲ្យអស់សំណើចនោះទៀតហើយ។
20ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែល
យើងតែងជួបជុំគ្នាធ្វើពិធីបុណ្យនោះទៅ
អ្នកនឹងឃើញថា
យេរូសាឡឹមជាក្រុងមួយដ៏សុខក្សេមក្សាន្ត
ជាពន្លាដែលគ្មាននរណារុះរើទៀត
ហើយក៏គ្មាននរណាដកចម្រឹង និងស្រាយខ្សែ
ចេញពីពន្លានេះបានទៀតដែរ។
21នៅទីនោះ ព្រះអម្ចាស់សម្តែងភាពថ្កុំថ្កើង
របស់ព្រះអង្គឲ្យយើងឃើញ
គឺព្រះអង្គប្រទានទន្លេដ៏ធំទូលាយ
ជាទន្លេដែលនាវាចម្បាំងពុំអាចចូលបាន
ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
22 ព្រះអម្ចាស់គ្រប់គ្រងលើយើង
ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង
ព្រះអង្គជាព្រះមហាក្សត្ររបស់យើង
មានតែព្រះអង្គទេដែលសង្គ្រោះយើង។
23ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ
វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងទេ
ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។
ពេលនោះ គេនឹងយកជយភណ្ឌដ៏ច្រើន
មកចែកគ្នា សូម្បីតែមនុស្សខ្វិន
ក៏មកយកជយភណ្ឌនេះដែរ។
24នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា
«ខ្ញុំមានជំងឺ» ទៀតឡើយ
ព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យ
ប្រជាជននៅក្នុងទីក្រុងរួចពីបាប។
Currently Selected:
អេសាយ 33: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.