អេសាយ 37
37
ព្រះបាទហេសេគាសួរយោបល់ព្យាការីអេសាយ
(២ ពង្សាវតារក្សត្រ ១៩.១-៧)
1កាលព្រះបាទហេសេគាទទួលដំណឹងនេះ ស្ដេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ 2ព្រះរាជាចាត់លោកអេលាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសេបណាជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។ 3ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទហេសេគាមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ 4ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលជាព្រះអម្ចាស់ជាព្រះរបស់លោក ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
5មន្ត្រីរបស់ព្រះបាទហេសេគានាំគ្នាទៅជួបលោកអេសាយ 6ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។ 7បន្តិចទៀត ស្ដេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្ដេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
ការគំរាមកំហែងសាជាថ្មីពីសំណាក់ស្ដេចសានហេរីប
(២ ពង្សាវតារក្សត្រ ១៩.៨-១៣)
8មេទ័ពបានវិលទៅជួបស្ដេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្ដេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ 9ពេលនោះ ស្ដេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទារហាកា ជាជនជាតិអេត្យូពី កំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្ដេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទហេសេគា ដោយផ្ដាំថា៖ 10«ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ 11ព្រះករុណាជ្រាបស្រាប់ហើយថា នៅជំនាន់មុនៗ ស្ដេចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ? 12ពេលអយ្យកោរបស់យើងកម្ទេចនគរកូសាន ខារ៉ាន រេសែត និងក្រុងរបស់ពួកអេដែន នៅស្រុកធេឡាស៊ើរ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេឡើយ។ 13រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
ពាក្យអធិស្ឋានរបស់ព្រះបាទហេសេគា
(២ ពង្សាវតារក្សត្រ ១៩.១៤-៣៧)
14ព្រះបាទហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 15ព្រះបាទហេសេគាទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
16 «ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ 17ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ! 18ឱព្រះអម្ចាស់អើយ ស្ដេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន 19ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះមិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ 20ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
21ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ូស ចាត់គេឲ្យទៅទូលព្រះបាទហេសេគាថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្ដីអំពីសានហេរីបជាស្ដេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។
22 ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្ដេចនោះថា:
សានហេរីបអើយ!
ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី
នឹងប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹម
នឹងគ្រវីក្បាលចំអកឲ្យអ្នក។
23តើអ្នកបានជេរ និងត្មះតិះដៀលនរណា?
តើអ្នកស្រែកក្ដែងៗប្រឆាំងនឹងនរណា?
គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែល។
24អ្នកបានប្រើពួកបម្រើរបស់អ្នក
ឲ្យមកជេរព្រះអម្ចាស់។
អ្នកពោលថា: ដោយអញមានរទេះចម្បាំងច្រើន
អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ
អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់
ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ
និងដើមស្រឡៅដ៏ល្អៗ។
អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ
ហើយចូលទៅដល់ព្រៃស្រោងផង។
25អញបានជីកអណ្ដូង ហើយផឹកទឹក
ពេលអញឈានជើងជាន់តំបន់ទន្លេនីល
ទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។
26សានហេរីបអើយ អ្នកមិនដឹងទេឬថា
យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍
ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!
ឥឡូវនេះ យើងធ្វើឲ្យសម្រេច
ដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំ
ឲ្យក្លាយទៅជាគំនរឥដ្ឋ។
27អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ
ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។
ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល
ឬដូចរុក្ខជាតិនៅតាមចម្ការ
និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ
ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក
វាក៏ក្រៀមអស់ទៅ។
28ចំណែកឯយើងវិញ
អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។
ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូល
ឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។
29អ្នកច្រឡោតខឹងនឹងយើង
យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក
ហេតុនេះហើយបានជាយើងយកកន្លុះ
មកដាក់ច្រមុះអ្នក
និងយកបង្ហៀរមកដាក់មាត់អ្នក
ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ
តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
30ចំពោះអ្នកវិញ ហេសេគាអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។ 31អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។ 32ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលុបរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
33ចំពោះស្ដេចស្រុកអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្ដេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ 34ស្ដេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 35យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង»។
36ពេលនោះ ទេវតារបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។ 37ព្រះចៅសានហេរីប ជាស្ដេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។ 38ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានធ្វើគុតស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។
Currently Selected:
អេសាយ 37: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.