អេសាយ 39
39
ព្រះបាទហេសេគាទទួលទូតរបស់ស្រុកបាប៊ីឡូន
(២ ពង្សាវតារក្សត្រ ២០.១២-១៩)
1នៅគ្រានោះ ស្ដេចស្រុកបាប៊ីឡូន គឺព្រះចៅម្រដាក់-បាឡាដាន ជាបុត្ររបស់ព្រះចៅបាឡាដាន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ព្រះបាទហេសេគាប្រឈួន ហើយបានជាឡើងវិញ។ 2ព្រះបាទហេសេគា មានព្រះហឫទ័យរីករាយណាស់ ស្ដេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្ដេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ព្រះបាទហេសេគាបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញឥតមានចន្លោះអ្វីឡើយ។
3បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះបាទហេសេគា សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្ដេចខ្លះ?»។ ព្រះបាទហេសេគាមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ីឡូន»។ 4លោកអេសាយសួរព្រះបាទហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទហេសេគាតបវិញថា៖ «ពួកគេឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបង្ហាញភោគទ្រព្យទាំងអស់ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
5ពេលនោះ លោកអេសាយទូលព្រះបាទហេសេគាថា៖ «សូមព្រះករុណាទ្រង់សណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូលដូចតទៅ: 6ព្រះអម្ចាស់មានព្រះបន្ទូលថា “នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់អ្នក និងភោគសម្បត្តិដែលអយ្យកោរបស់អ្នកបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ 7 គេក៏នាំរាជវង្សានុវង្សរបស់អ្នក យកទៅធ្វើជាមហាតលិកនៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ”»។ 8ព្រះបាទហេសេគាមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកថ្លែងនេះល្អហើយ» ដ្បិតព្រះរាជាគិតថា «ក្នុងពេលដែលយើងនៅមានជីវិត យើងនឹងរស់នៅដោយសន្តិភាព និងសុខសាន្តត្រាណ»។
Currently Selected:
អេសាយ 39: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.