អេសាយ 40
40
ភាគទីពីរ ព្រះជាម្ចាស់សម្រាលទុក្ខជនជាតិអ៊ីស្រាអែល
សេចក្ដីប្រកាសស្ដីអំពីការសង្គ្រោះ
1ព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖
«ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង
កុំបង្អង់ឡើយ!
2ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម
ហើយប្រកាសប្រាប់គេថា
ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ
យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ!
គេរងទុក្ខទោសគ្រប់គ្រាន់ហើយ!
ព្រះអម្ចាស់បានដាក់ទោសគេ
ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត
ហើយគេក៏បានរងទុក្ខទោសនោះ
មួយទ្វេជាពីរដែរ!»។
3 មានសំឡេងមួយស្រែកថា៖
«នៅវាលរហោស្ថាន
ចូរបើកផ្លូវថ្វាយព្រះអម្ចាស់
ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង
4ត្រូវបំពេញច្រកភ្នំទាំងឡាយ
ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប
កន្លែងណាមានដីខ្ពស់ទាប
ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ
កន្លែងណារដិបរដុបក៏ត្រូវពង្រាបឲ្យស្មើផងដែរ។
5ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរីរុងរឿង
ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។
6 មានសំឡេងមួយបង្គាប់ថា៖
«ចូរស្រែកប្រកាសចុះ!»
សំឡេងមួយទៀតសួរថា៖
«តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។
«មនុស្សលោកប្រៀបដូចជាស្មៅ
រីឯអំពើល្អទាំងប៉ុន្មានរបស់គេ
ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
7នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។
ប្រជារាស្ត្រនេះប្រៀបបាននឹងស្មៅ។
8ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន
ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង
នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
9ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ
ចូរឡើងទៅលើភ្នំខ្ពស់!
ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ
ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ!
ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា:
មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
10 មើលហ្ន៎ ព្រះជាអម្ចាស់យាងមក
ប្រកបដោយឫទ្ធានុភាព
ព្រះអង្គយាងមកប្រកបដោយព្រះបារមី
ដើម្បីគ្រងរាជ្យ។
ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះ
មកជាមួយ
ពួកគេនាំគ្នាដើរនៅខាងមុខព្រះអង្គ។
11 ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ
ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។
ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម
ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា
ហើយព្រះអង្គថែទាំមេចៀម
ដែលកំពុងបំបៅកូនផងដែរ។
គ្មាននរណាផ្ទឹមស្មើនឹងព្រះជាម្ចាស់ឡើយ
12តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់
ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ?
តើនរណាយករង្វាល់មកវាល់ធូលី
ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
13 តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់
តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
14តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា
ដើម្បីថ្វាយយោបល់ព្រះអង្គ?
តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត?
តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា
ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា
នៃបញ្ញាឈ្លាសវៃ?
15ប្រជាជាតិទាំងឡាយប្រៀបដូចជា
ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង
ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។
កោះទាំងឡាយប្រៀបបាននឹងធូលីដី
ដែលផាត់ទៅតាមខ្យល់។
16ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម
សម្រាប់ធ្វើជាអុស
ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន
ល្មម សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
17នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ
គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍
និងឥតបានការទៅទៀត។
18 តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់
ទៅនឹងព្រះណា?
តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
19អ្នករាល់គ្នាប្រដូចព្រះអង្គ
ទៅនឹងព្រះក្លែងក្លាយឬ?
ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ
ជាងមាសយកមាសមកស្រោបរូបនោះ
ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
20រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់
គេជ្រើសរើសយកឈើខ្លឹម
ហើយរកជាងមួយរូបដ៏ចំណាន
ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
21តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ?
តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ?
តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា
តាំងពីដើមដំបូងមកទេឬ?
តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់
ផែនដីនេះទេឬ?
22ព្រះអង្គដែលគង់នៅពីលើលំហអាកាស
ទ្រង់ទតមើលមនុស្សនៅលើផែនដី
ឃើញមនុស្សដូចសត្វស្រមោច
ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ
ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង
ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់
ដូចដំឡើងព្រះពន្លា។
23ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ
ទៅជាឥតប្រយោជន៍
ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន
នៅលើផែនដីទៅជាឥតបានការ។
24អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ
ទោះបីលូតលាស់ ឬមិនលូតលាស់
ចាក់ឫស ឬមិនចាក់ឫសក្ដី
ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ
ក៏ស្វិតក្រៀមអស់
រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
25ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖
តើអ្នករាល់គ្នាប្រៀបប្រដូចយើង
ទៅនឹងនរណា?
តើនរណាអាចស្មើនឹងយើងបាន?
26ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ!
តើនរណាបានបង្កើតផ្កាយទាំងនោះ?
គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ
ឲ្យរះឡើង ផ្ដុំគ្នាជាកងទ័ព
ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។
ដោយសារមហិទ្ធិឫទ្ធិ
និងព្រះចេស្ដាដ៏ខ្លាំងពូកែ
ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
27ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ!
ម្នាលប្រជាជនអ៊ីស្រាអែលអើយ!
ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖
ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ
ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌ឲ្យខ្ញុំឡើយ។
28តើអ្នកមិនធ្លាប់ដឹងទេឬ?
តើអ្នកមិនធ្លាប់ឮទេឬថា
ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច
បានបង្កើតផែនដីទាំងមូល?
ព្រះអង្គមិនចេះនឿយហត់
មិនចេះអស់កម្លាំង
រីឯព្រះតម្រិះរបស់ព្រះអង្គ
ក៏គ្មាននរណាអាចស្ទង់បានដែរ។
29ព្រះអង្គប្រទានកម្លាំងពលំ
ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។
30ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង
ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ
31រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់
តែងតែមានកម្លាំងថ្មីជានិច្ច
ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ
គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់
ហើយដើរដោយមិនចេះអស់កម្លាំង។
Currently Selected:
អេសាយ 40: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.