អេសាយ 56
56
ភាគទីបី ព្រះបន្ទូលសន្យា
ព្រះជាម្ចាស់ចាត់ទុកសាសន៍ដទៃជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ
1 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ចូរប្រព្រឹត្តតាមយុត្តិធម៌
និងកាន់តាមសេចក្ដីសុចរិត
ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ
យើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។
2មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ
គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ
មុខជាមានសុភមង្គលមិនខាន!
3ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់
មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ
ចេញពីប្រជាជនរបស់ព្រះអង្គ!”
រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា
“ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។
4ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
«បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ*
បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
5នោះយើងនឹងចារឈ្មោះគេទុក
នៅតាមជញ្ជាំងដំណាក់របស់យើង
យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង
កូនប្រុសកូនស្រីរបស់យើងទៅទៀត
ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ
គ្មាននរណាលុបបំបាត់បានឡើយ»។
6រីឯជនបរទេសដែលជាប់ចិត្តនឹងយើង
គោរពបម្រើយើង ស្រឡាញ់នាមយើង
សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង
គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
7 នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង
យើងធ្វើឲ្យគេរីករាយនៅក្នុង
ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន
យើងនឹងទទួលតង្វាយដុតទាំងមូល
ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក
ថ្វាយនៅលើអាសនៈរបស់យើង។
ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា
កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។
8 ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែល
ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា
ព្រះអង្គមានព្រះបន្ទូលថា:
យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ
ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ
ថែមទៀត។
ព្រះបន្ទូលបន្ទោសអ្នកបោះបង់ជំនឿ និងអ្នកថ្វាយបង្គំព្រះក្លែងក្លាយ
9សត្វស្រុក និងសត្វព្រៃទាំងអស់អើយ
ចូរនាំគ្នាមកស៊ីចំណី!
10គ្រូអាចារ្យរបស់ជនជាតិអ៊ីស្រាអែល
សុទ្ធតែជាមនុស្សខ្វាក់
គេមិនយល់អ្វីទាំងអស់។
អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស
គឺចេះតែដេករវើរវាយ
និងចូលចិត្តងោកងុយ។
11អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី
ហើយមិនចេះស្កប់ស្កល់ទេ។
ពួកគេជាមេដឹកនាំ
តែមិនចេះគិតពិចារណាអ្វីទាំងអស់
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន
ហើយគិតតែពីស្វែងរកផលប្រយោជន៍
របស់ខ្លួនប៉ុណ្ណោះ។
12គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា
យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា!
ស្អែកក៏យើងផឹកទៀតដែរ
ព្រោះនៅសល់ស្រាច្រើនណាស់»។
Currently Selected:
អេសាយ 56: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.