YouVersion Logo
Search Icon

អេសាយ 61

61
ដំណឹង‌ល្អ​ស្ដី​អំពី​ការ​សង្គ្រោះ
1 ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់
សណ្ឋិត​លើ​ខ្ញុំ
ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំ
ឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់
ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្ត
ប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថា
ពួក​គេ​នឹង​រួច​ខ្លួន
ហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថា
ពួក​គេ​នឹង​មាន​សេរី‌ភាព
2 ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង
ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង
ដាក់​ទោស​មនុស្ស​អាក្រក់
ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ
3គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះ
ទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះ
ឲ្យ​គេ​លាប​ប្រេង​សម្តែង​អំណរ​សប្បាយ
ជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខ
ឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរ
ជំនួស​ខោ‌អាវ​ដាច់‌ដាច។
ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹម
ទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិត
ជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់
ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។
4ពួក​គេ​នឹង​សង់​ក្រុង
ដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញ
ពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណ
ឲ្យ​មាន​រូប​រាង​ឡើង​វិញ។
ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោល
ជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។
5សាសន៍​ដទៃ​នឹង​នាំ​គ្នា​មក
ហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា
កូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដី
ហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។
6ចំណែក​អ្នក​រាល់​គ្នា​វិញ
អ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថា
បូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់
គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថា
អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។
អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យ
របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ
ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មាន
តម្លៃ​របស់​ពួក​គេ។
7អ្នក​រាល់​គ្នា​លែង​អាម៉ាស់
និង​លែង​បាក់​មុខ​ទៀត​ហើយ
អ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេ
មួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌ក
អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយ
អស់‌កល្ប​ជានិច្ច។
8 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
យើង​ចូល​ចិត្ត​យុត្តិធម៌
ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។
យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវ
យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា។
9ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅ
របស់​អ្នក​រាល់​គ្នា
ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី
នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។
អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា
ពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់
បាន​ប្រទាន​ពរ។
10 ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង ព្រោះ​តែ​ព្រះ‌អម្ចាស់
ខ្ញុំ​រីក‌រាយ​យ៉ាង​អស់​ពី​ចិត្ត
ព្រោះ​តែ​ព្រះ​របស់​ខ្ញុំ
ដ្បិត​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ។
ព្រះអង្គ​បាន​យក​សេចក្ដី​សុចរិត
មក​ពាក់​ឲ្យ​ខ្ញុំ ដូច​កូន​កម្លោះ និង​កូន​ក្រមុំ
តែង​ខ្លួន​នៅ​ថ្ងៃ​រៀប​មង្គលការ។
11ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ
ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា
ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត
និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ
នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 61