យេរេមា 2
2
ប្រជាជនអ៊ីស្រាអែលក្បត់ព្រះអម្ចាស់
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ
ដូចតទៅ៖
2ចូរទៅស្រែកប្រកាសប្រាប់
អ្នកក្រុងយេរូសាឡឹមថា
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
«យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក
កាលអ្នកទើបនឹងពេញក្រមុំ
ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក
ពេលទើបនឹងរៀបការ
គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន
ជាកន្លែងដែលគ្មានអ្វីដុះ។
3នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិ
អ៊ីស្រាអែលទុកសម្រាប់ព្រះអង្គ
ជាផលផ្លែដំបូងរបស់ព្រះអង្គ
អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស
ហើយរងទុក្ខវេទនាទៀតផង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប
អ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល
ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
5 ព្រះអម្ចាស់មានព្រះបន្ទូលថា:
តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស
ត្រង់ណា បានជាពួកគេឃ្លាតចាកពីយើង
ហើយបែរទៅគោរពព្រះឥតបានការ
ដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការ
ដូច្នេះដែរ?
6ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា?
គឺព្រះដែលបាននាំពួកយើងចាកចេញពី
ស្រុកអេស៊ីប
ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន
ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង
ជាវាលហួតហែង ជាទីស្មសាន
ជាកន្លែងដែលគ្មាននរណាឆ្លងកាត់
គ្មានមនុស្សណារស់នៅបាន។
7យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុក
ដែលមានដំណាំដាំដុះ
ដើម្បីឲ្យអ្នករាល់គ្នាបរិភោគ
ផ្លែឈើដែលមានរសជាតិ។
ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់
អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើង
ទៅជាសៅហ្មង
អ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ក
របស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។
8ក្រុមបូជាចារ្យពុំដែលសួរថា
“ព្រះអម្ចាស់នៅឯណា?”
គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។
មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង
ពួកព្យាការីនិយាយក្នុងនាមព្រះបាល
ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយ
ដែលពុំអាចជួយពួកគេបានឡើយ។
9ហេតុនេះហើយបានជាយើងឡើងក្ដី
នឹងអ្នករាល់គ្នា
ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10ចូរទៅកោះគីទីមដែលនៅដាច់ស្រយាល
ហើយសង្កេតមើលចុះ
ចូរចាត់មនុស្សឲ្យទៅស្រុកកេដារ
ហើយស៊ើបសួរឲ្យបានហ្មត់ចត់ថា
តើនៅតំបន់ទាំងនោះគេប្រព្រឹត្តដូច
អ្នករាល់គ្នាឬទេ?
11តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ
ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ
ពុំមែនជាព្រះពិតប្រាកដទេ)។
រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ
ព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿង
ហើយបែរជានាំគ្នាគោរពព្រះដែល
ឥតបានការទៅវិញ។
12ផ្ទៃមេឃអើយ! ចូរតក់ស្លុត
ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង
គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ
បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ
មិនអាចទុកទឹកបាននោះទៅវិញ។
14តើអ៊ីស្រាអែលជាទាសករដែលគេទិញមក
ឬជាទាសករដែលកើតក្នុងផ្ទះ
បានជាសាសន៍ដទៃនាំគ្នាវាយដណ្ដើម
ពួកគេដូច្នេះ?
15ពួកគេគ្រហឹមដាក់អ៊ីស្រាអែលដូចសិង្ហគ្រហឹម
ពួកគេស្រែកគំរាម និងបំផ្លាញស្រុក
ឲ្យវិនាសហិនហោច
ពួកគេដុតក្រុងទាំងឡាយ
ហើយគ្មាននរណារស់ក្នុងក្រុងនោះទៀតទេ។
16សូម្បីតែជនជាតិណូប និងជនជាតិតាហាពេនេស
ក៏នាំគ្នាកោរសក់អ៊ីស្រាអែល
នាំយកទៅជាឈ្លើយដែរ។
17អ្នកជួបទុក្ខវេទនាបែបនេះ មកពីអ្នកបោះបង់
ព្រះអម្ចាស់ជាព្រះរបស់អ្នក
ក្នុងពេលដែលព្រះអង្គកំពុងដឹកនាំអ្នក។
18ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅ
ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ?
តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរី
ទៅរកផឹកទឹកទន្លេអឺប្រាតឬ?
19ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក
ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។
ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់
និងការមិនគោរពកោតខ្លាចព្រះអម្ចាស់
ជាព្រះរបស់អ្នក
នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
អ៊ីស្រាអែលក្បត់ព្រះជាម្ចាស់
20តាំងពីយូរយារណាស់មកហើយ
អ្នកបានបះបោរប្រឆាំងនឹងយើង
ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។
អ្នកបានពោលថា:
“ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។
អ្នកបានផិតក្បត់យើង
ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ
និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
21យើងបានដាំអ្នក ហើយអ្នកប្រៀបបាននឹង
ទំពាំងបាយជូរមួយដើមដ៏ល្អប្រណីត
គឺដើមទំពាំងបាយជូរសុទ្ធ
ចុះហេតុដូចម្ដេចបានជាអ្នកប្រែជា
ដើមទំពាំងបាយជូរក្លាយ
ដែលគ្មានផ្លែល្អទៅវិញដូច្នេះ?
22ទោះបីអ្នកយកមេសាប៊ូដ៏ច្រើន
មកលាងសម្អាត និងជម្រះខ្លួនក្ដី
ក៏កំហុសរបស់អ្នកនៅជាប់ដូចក្អែលកាន់
ចំពោះមុខយើងជានិច្ច
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
23ហេតុអ្វីបានជាអ្នកហ៊ានពោលថា:
“ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេ
ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។
មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ
ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត
អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
24អ្នកប្រៀបបាននឹងលាញីព្រៃ
ដែលធ្លាប់តែរស់នៅតាមវាលរហោស្ថាន
ត្រូវតណ្ហាជំរុញឲ្យរត់ទៅគ្រប់ទីកន្លែង
គ្មាននរណាអាចទប់បានឡើយ។
លាឈ្មោលដែលចង់បានវា
មិនបាច់ខំប្រឹងរត់ទៅណាឆ្ងាយទេ
គឺនៅពេលណាតណ្ហាពុះកញ្ជ្រោល
លាឈ្មោលអាចរកវាឃើញយ៉ាងងាយស្រួល។
25យើងបានប្រាប់អ្នកឲ្យប្រុងប្រយ័ត្នខ្លួន
បើប្រឹងរត់ដូច្នេះ ក្រែងមុតជើង
ហើយស្ងួតបំពង់ក!
ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេ
ខ្ញុំស្រឡាញ់ព្រះឯទៀតៗ
ហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។
26ជនជាតិអ៊ីស្រាអែល ទាំងស្ដេច ទាំងនាម៉ឺន
ទាំងបូជាចារ្យ ទាំងព្យាការី
នឹងត្រូវអាម៉ាស់ ដូចចោរដែលគេតាមទាន់
ក្នុងពេលកំពុងតែលួច។
27គេពោលទៅកាន់រូបធ្វើពីឈើថា
“ព្រះអង្គជាព្រះបិតារបស់ខ្ញុំ!”
ហើយពោលទៅកាន់រូបធ្វើពីថ្មថា
“ព្រះអង្គបានឲ្យកំណើតខ្ញុំ!”។
ពួកគេបានងាកមុខចេញពីយើង
ហើយបែរខ្នងដាក់យើងវិញ
តែពេលណាមានទុក្ខ ពួកគេពោលមកយើងថា
“សូមតើនឡើង! សូមសង្គ្រោះយើងខ្ញុំផង!”។
28ជនជាតិយូដាអើយ ចុះព្រះដែលអ្នកបាន
សូនធ្វើនោះ ទៅណាបាត់អស់ហើយ?
ប្រសិនបើព្រះទាំងនោះជួយសង្គ្រោះអ្នកបាន
នៅពេលអ្នកមានទុក្ខ
ម្ដេចក៏មិនហៅព្រះទាំងនោះទៅ?
ដ្បិតអ្នកមានព្រះច្រើនដូចទីក្រុងដែរ!
29ហេតុអ្វីបានជាអ្នករាល់គ្នារករឿង
យើងដូច្នេះ?
អ្នករាល់គ្នាបានបះបោរប្រឆាំងនឹងយើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នា
តែគ្មានផលប្រយោជន៍អ្វីសោះ
ដ្បិតពួកគេមិនព្រមរាងចាលទេ
អ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវ
គឺអ្នករាល់គ្នាបានប្រហារពួកព្យាការី*
របស់អ្នករាល់គ្នា។
31(សូមឲ្យអ្នកនៅជំនាន់នេះយក
ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!)
អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹង
វាលរហោស្ថាន ឬស្រុកដ៏ងងឹត
សម្រាប់អ្នករាល់គ្នាឬ?
ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា
“យើងជាមនុស្សមានសេរីភាព
យើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
32មិនដែលមានស្ត្រីក្រមុំណា
ភ្លេចគ្រឿងអលង្ការរបស់ខ្លួន
ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច
ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។
រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង
តាំងពីយូរលង់ណាស់មកហើយ។
33អ្នកប្រសប់ស្វែងរកសង្សារណាស់
ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេក
អ្នកលែងយល់ថា
អំពើនោះជាអំពើអាក្រក់ទៀតហើយ។
34អាវរបស់អ្នកប្រឡាក់ទៅដោយឈាម
របស់ជនក្រីក្រ
គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ
ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
35ទោះជាយ៉ាងនេះក្ដី អ្នកហ៊ានពោលថា
“ខ្ញុំគ្មានកំហុសអ្វីសោះ
ព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។
ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះ
យើងនឹងនាំអ្នកទៅតុលាការ។
36ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ
ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច
ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
37អ្នកនឹងចេញពីស្រុកនោះមកវិញ
ទាំងដើរទូលដៃលើក្បាល
ដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យ
អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ
ពួកគេពុំអាចជួយអ្នកបានឡើយ»។
Currently Selected:
យេរេមា 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.