YouVersion Logo
Search Icon

យេរេមា 3

3
អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​ស្រី​ពេស្យា​ដែល​មិន​ដូរ​គំនិត
1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«ពេល​បុរស​ម្នាក់​លែង‌លះ​ភរិយា
ហើយ​ភរិយា​ចាក​ចេញ​ទៅ​មាន​ប្ដី​មួយ​ទៀត
បុរស​នោះ​អាច​វិល​ទៅ​រក​នាង​វិញ​បាន​ឬ?
ទេ បើ​ធ្វើ​ដូច្នេះ
ស្រុក​ទេស​មុខ​ជា​ត្រូវ​សៅហ្មង​មិន​ខាន។
អ៊ីស្រា‌អែល​អើយ ចំណែក​ឯ​អ្នក​វិញ
អ្នក​បាន​ទៅ​ផិត​ក្បត់​ជា​មួយ​ព្រះ​ជា​ច្រើន
តើ​អ្នក​ចង់​ឲ្យ​យើង​ទទួល​អ្នក​វិញ​ឬ?
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
2ចូរ​ក្រឡេក​មើល​ទៅ​កំពូល​ភ្នំ​មើល៍
តើ​មាន​កន្លែង​ណា​មួយ​ដែល​អ្នក​ពុំ​បាន
ផិត​ក្បត់​យើង?
អ្នក​អង្គុយ​តាម​ផ្លូវ ទន្ទឹង​រង់‌ចាំ​គូ​កំណាន់​ចិត្ត
របស់​អ្នក ដូច​អារ៉ាប់​អង្គុយ​នៅ​វាល​រហោ‌ស្ថាន
អ្នក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង
ព្រោះ​តែ​អំពើ​ផិត​ក្បត់ និង​អំពើ​ប្រាស​ចាក
សីលធម៌​ដែល​អ្នក​ប្រព្រឹត្ត។
3ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​ព្រម​ឲ្យ
មាន​រលឹម និង​មាន​ភ្លៀង​ធ្លាក់​ទាល់​តែ​សោះ
ប៉ុន្តែ អ្នក​នៅ​តែ​ចចេស​ផិត​ក្បត់​ត​ទៅ​ទៀត
អ្នក​មិន​ព្រម​ទទួល​សារភាព​កំហុស​ទេ។
4ឥឡូវ​នេះ អ្នក​បែរ​ជា​ហ៊ាន​អង្វរ​យើង​ថា
“ឱ​ព្រះ‌បិតា​អើយ ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​ម្ចាស់
តាំង​ពី​ខ្ញុំ​ម្ចាស់​នៅ​ក្មេង​ម៉្លេះ!
5តើ​ព្រះអង្គ​នៅ​តែ​ព្រះ‌ពិរោធ​នឹង​ខ្ញុំ​ម្ចាស់
ដល់​កាល​ណា? ព្រះអង្គ​ចង​គំនុំ​រហូត​ឬ?”។
អ្នក​ពោល​ដូច្នេះ
តែ​អ្នក​ពូកែ​ប្រព្រឹត្ត​អាក្រក់​ណាស់»។
ចូរ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!
6 នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ្នក​ឃើញ​ទេ តើ​អ៊ីស្រា‌អែល​ចិត្ត​សាវា​នោះ​បាន​ធ្វើ​អ្វី​ខ្លះ? គឺ​នាង​ឡើង​ទៅ​គ្រប់​ទី​កន្លែង​នៅ​លើ​ភ្នំ​ខ្ពស់ៗ និង​ចូល​ទៅ​ក្រោម​ម្លប់​ដើម​ឈើ​ដ៏​ធំៗ ដើម្បី​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ 7យើង​គិត​ថា ពេល​ណា​នាង​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​រួច​ហើយ នាង​មុខ​ជា​វិល​មក​រក​យើង​វិញ​មិន​ខាន។ ប៉ុន្តែ អ៊ីស្រា‌អែល​ពុំ​បាន​វិល​ត្រឡប់​មក​វិញ​ទេ យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ ក៏​បាន​ឃើញ​ដែរ។ 8យើង​បាន​លែង‌លះ​អ៊ីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីលធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោត​ខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដែរ។ 9ដោយ‌សារ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ គឺ​ផិត​ក្បត់​ជា​មួយ​ព្រះ​ដែល​ធ្វើ​ពី​ថ្ម និង​ពី​ឈើ ស្រុក​របស់​គេ​បាន​ក្លាយ​ទៅ​ជា​សៅហ្មង។ 10ទោះ​បី​យ៉ាង​នេះ​ក្ដី យូដា ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​បាន​វិល​មក​រក​យើង​ដោយ​ចិត្ត​ស្មោះ​ឡើយ គឺ​គេ​គ្រាន់​តែ​និយាយ​ប៉ុណ្ណោះ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អ៊ីស្រា‌អែល​សាវា​គ្រាន់​បើ​ជាង ​យូដា​ដែល​ផិត​ក្បត់។ 12ដូច្នេះ ចូរ​នាំ​ពាក្យ​នេះ​ទៅ​ប្រកាស​នៅ​ទិស​ខាង​ជើង​ថា៖
អ៊ីស្រា‌អែល​សាវា​អើយ ចូរ​វិល​មក​វិញ
យើង​នឹង​មិន​ប្រកាន់​ទោស​នាង​ទៀត​ទេ
ដ្បិត​យើង​មាន​មេត្តា​ករុណា
យើង​មិន​ចង​កំហឹង​រហូត​ត​ទៅ​ឡើយ។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
13ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន
តែ​ប៉ុណ្ណោះ​បាន​ហើយ
គឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​នាង
នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង
គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី
ហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុល‌សម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។ 15យើង​នឹង​តែង‌តាំង​មេ​ដឹក​នាំ​ដែល​គាប់​ចិត្ត​យើង ឲ្យ​មក​ថែ​ទាំ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រកប​ដោយ​ប្រាជ្ញា។
16នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង​បាន​ច្រើន​នៅ​ក្នុង​ស្រុក​ហើយ នឹង​លែង​មាន​គេ​និយាយ​អំពី​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ទៀត ហើយ​ក៏​គ្មាន​នរណា​នឹក​នា រវី‌រវល់​ចាប់​អារម្មណ៍​អំពី​ហិប​ដែល​បាត់​ទៅ​នោះ​ដែរ។ គេ​មិន​ធ្វើ​ហិប​នោះ​ឡើង​វិញ​ទេ។ 17នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡឹម​ថា “បល្ល័ង្ក​របស់​ព្រះ‌អម្ចាស់” ប្រជា‌ជាតិ​ទាំង​អស់​នឹង​មក​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ ដើម្បី​ជួប​ព្រះ‌អម្ចាស់។ ពួក​គេ​ឈប់​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន​ទៀត​ហើយ។ 18នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​រួប‌រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ពី​ស្រុក​ខាង​ជើង​មក​ដល់​ទឹក​ដី ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស​របស់​គេ​ទុក​ជា​មត៌ក។
19យើង​គិត​ថា យើង​សប្បាយ​ចិត្ត
នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ
ព្រម​ទាំង​ប្រគល់​ស្រុក​ដ៏​ល្អ​ប្រណីត​ជាង​គេ
ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។
យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា “ព្រះ‌បិតា”
ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។
20ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ
អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង
ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
21មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ
គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ
របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា
គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។
22កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ!
ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ
យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា
លែង​មាន​ចិត្ត​សាវា​ទៀត។
“យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ
ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។
23យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ
នៅ​លើ​កំពូល​ភ្នំ
យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។
មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ
ដែល​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន។
24តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង
ព្រះ​គម្រក់​បាន​ធ្វើ​ឲ្យ​អ្វីៗ
ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ
វិនាស​ហិន‌ហោច​អស់
គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ
ទាំង​កូន​ប្រុស និង​កូន​ស្រី។
25សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច
ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ។
តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ
យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ
បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់
ជា​ព្រះ​នៃ​យើង​ខ្ញុំ
យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង
របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ”»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in