ទំនុកតម្កើង 24
24
ព្រះមហាក្សត្រដ៏ឧត្ដម
ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1 ផែនដី និងអ្វីៗសព្វសារពើនៅលើផែនដីសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់
ពិភពលោក និងអ្វីៗទាំងអស់ដែលរស់នៅក្នុង
ពិភពលោក ក៏ជាកម្មសិទ្ធិរបស់ព្រះអង្គដែរ!
2គឺព្រះអង្គហើយដែលបានចាក់គ្រឹះផែនដី
ពីលើសមុទ្រ
ហើយធ្វើឲ្យវាស្ថិតនៅយ៉ាងរឹងប៉ឹង
ពីលើទន្លេនានា។
3តើនរណាអាចឡើងទៅលើភ្នំ
របស់ព្រះអម្ចាស់បាន?
តើនរណាអាចឈរនៅក្នុងព្រះវិហារ
ដ៏វិសុទ្ធរបស់ព្រះអង្គបាន?
4 មានតែអ្នកប្រព្រឹត្តអំពើត្រឹមត្រូវ
និងមានចិត្តបរិសុទ្ធប៉ុណ្ណោះ ទើបឡើងទៅបាន
គឺអ្នកដែលមិនបណ្ដោយខ្លួនទៅថ្វាយបង្គំ
ព្រះក្លែងក្លាយ និងនិយាយស្បថស្បែបំពាន។
5 ព្រះអម្ចាស់នឹងប្រទានពរដល់គេ
ហើយព្រះជាម្ចាស់ជាព្រះសង្គ្រោះ
នឹងប្រោសគេឲ្យបានសុចរិតដែរ។
6គឺអ្នកទាំងនេះហើយដែលស្វែងរកព្រះអង្គ
ជាអ្នកស្វែងរកព្រះរបស់លោកយ៉ាកុប។
- សម្រាក
7ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឲ្យធំ
ដើម្បីឲ្យព្រះមហាក្សត្រ
ប្រកបដោយសិរីរុងរឿងយាងចូលមក!
8តើព្រះមហាក្សត្រប្រកបដោយ
សិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់ប្រកបដោយព្រះចេស្ដាដ៏ខ្លាំងពូកែ
ព្រះអម្ចាស់ជាអ្នកចម្បាំងដ៏ជំនាញ។
9ឱទ្វារទាំងឡាយអើយ ចូរបើកចំហ!
ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ
ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ
ប្រកបដោយសិរីរុងរឿងយាងចូលមក!
10តើព្រះមហាក្សត្រប្រកបដោយ
សិរីរុងរឿងនេះជានរណា?
-ព្រះអម្ចាស់នៃពិភពទាំងមូល*
គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រ
ប្រកបដោយសិរីរុងរឿង!។
- សម្រាក
Currently Selected:
ទំនុកតម្កើង 24: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.